ខេត្តក្រចេះ ៖ ជនសង្ស័យប្រុសស្រី២នាក់ ជាសង្សារនឹងគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នាំមកសាកសួរ និងចាត់ ការតាមផ្លូវច្បាប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១២និង១៥នាទី ត្រង់ចំណុចក្រោយ វត្តរកាកណ្តាល ស្ថិតក្នុងភូមិរកាកណ្តាល១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
ជនសង្ស័យទី១-ឈ្មោះឆេង ទិត ហៅសី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះហ៊ុល ស៊ីនេ ហៅត្រង៉ោល ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជាមុខសញ្ញាចាស់) ជនសង្ស័យ ទាំង២នាក់ជាសង្សារគ្នា មានលំនៅបន្ទប់ផ្ទះជួលភូមិអូរប្ញស្សី១ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនឈាន ដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ វេលា ម៉ោង១៩និង៥០នាទីយប់ នៅចំណុចផ្ទះឈ្មោះ វង្ស ហ៊ាង ស្ថិតក្នុងភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការចាប់បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះ ហ៊ុល ស៊ីនេ ហៅត្រង៉ោល និងទី២-ឈ្មោះ ពេញ រតនា ហៅរ័ត្ន តែជនសង្ស័យទាំង២ បានរត់គេចខ្លួន ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួន រួមមានគ្រឿងញៀនប្រភេទមេតំហ្វេ-តាមីន (ICE) ចំនួន២កញ្ចប់ ស្មើ០,៥៩ក្រាម កូនសៀវភៅកំណត់ត្រាជួញដូរគ្រឿងញៀន១ក្បាល សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន និងថង់ប្លាស្ទិកសម្រាប់រំលែកចែកចាយគ្រឿងញៀនមួយចំនួនធំ។
ប្រភពបន្តថា លុះដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១២និង១៥នាទី ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវមួយរយៈ ក៏ឈានដល់បង្ក្រាបចាប់ខ្លួនជនសង្ស័យ ខណៈដែលពួកគេកំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅក្រោយវត្តរកាកណ្តាល។ ដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន១កញ្ចប់តូច ដែលលាក់ក្នុងទូរស័ព្ទ១គ្រឿង ម៉ាកណូគា ចុចពិល ពណ៌ខ្មៅ ថង់ប្លាស្ទិកសម្រាប់រំលែក ចែកចាយ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចនាំទៅឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕