ភ្នំពេញ ៖ យុវជនឈាមរាវល្មោភកាមម្នាក់ ឃើញបងប្រុសជីដូនមួយរបស់ខ្លួនមិននៅផ្ទះ សល់តែប្រពន្ធនៅដេកក្នុងបន្ទប់តែម្នាក់ឯង ក៏បែកគំនិតលបចូលទៅចាប់ច្របាច់កបងថ្លៃស្រី គំរាមរំលោភរហូតដល់បានសម្រេច លុះស្ត្រីរងគ្រោះទម្លាយរឿងរ៉ាវប្រាប់ប្តីឱ្យដឹង ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនល្មោភកាមជាប្អូនប្រុសជីដូនមួយ នាំយកមកចាត់ការតាមច្បាប់ ដោយចោទប្រកាន់ថាបានចាប់រំលោភបងថ្លៃស្រីម្តង ស្រាប់តែជនសង្ស័យបែរជាប្រកែកថា តាមពិតគេធ្លាប់រំលោភបាន២ដងឯណោះ។
ករណីប្អូនប្រុសចាប់រំលោភបងថ្លៃស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងខណ្ឌច្បារអំពៅ។ លុះរឿងរ៉ាវបែកធ្លាយ ជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភបងថ្លៃស្រីរហូតដល់បានសម្រេច មានឈ្មោះសួស ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករដឹកទឹកកក ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកស្ត្រីរងគ្រោះ ជាបងថ្លៃជីដូនមួយ មានអាយុប្រមាណ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងខណ្ឌច្បារអំពៅ។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យ ត្រូវជាប្អូនជីដូនមួយរបស់ប្តីនាង ហើយធ្លាប់ចេញចូលហូបចុកបាយទឹកនៅក្នុងបន្ទប់ជួលនាងជាញឹកញាប់ ព្រោះសំអាងថាជាសាច់ញាតិនឹងគ្នា។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ប្តីរបស់នាងបានចេញទៅធ្វើការបាត់នៅសល់តែរូបនាង និងក្មួយប្រុសអាយុ៦ឆ្នាំម្នាក់ កំពុងដេកលេងនៅក្នុងបន្ទប់ជួល។ លុះមួយសន្ទុះក្រោយមកក៏លេចមុខប្អូនថ្លៃជីដូនមួយ (ជនសង្ស័យ) បានចូលមកលេង និងបានសួរនាំរកប្តីរបស់នាង ពេលនោះនាងក៏ប្រាប់ថា ប្តីមិននៅទេ ចេញទៅធ្វើការបាត់ហើយ។ ដោយសារតែពុំឃើញប្តីរបស់នាងនៅក្នុងបន្ទប់ ជនសង្ស័យក៏នាំក្មួយប្រុសអាយុ៦ឆ្នាំនោះ ត្រឡប់ទៅផ្ទះវិញបាត់ទៅ។
ស្ត្រីរងគ្រោះបន្តថា ស្រាប់តែបន្តិចក្រោយមក ជនសង្ស័យក៏លេចមុខត្រលប់មក បន្ទប់ជួលរបស់នាងវិញសារជាថ្មី រួចក៏បានចូលមកធ្វើសកម្មភាពចាប់ខ្ទប់មាត់របស់នាងជាប់ រួចគំរាមកុំឱ្យស្រែក បើហ៊ានស្រែក ប្រយ័ត្នមានរឿង។ បន្ទាប់មកជនសង្ស័យក៏បានធ្វើសកម្មភាពចាប់នាង រំលោភរហូតដល់បានសម្រេចតែម្តង រួចក៏ក្រោកស្លៀកពាក់ដើរចេញទៅកន្លែងធ្វើការរបស់គេវិញបាត់ទៅ។
ស្ត្រីរងគ្រោះបានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នាងក៏បានទម្លាយរឿងរ៉ាវប្រាប់ប្តីគ្មានសល់ ទើបធ្វើឱ្យប្តីរបស់នាងច្រឡោតខឹងយ៉ាងខ្លាំង រួចក៏នាំគ្នាទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះរបស់គេ ឯភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល យកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ ដើម្បីចាត់ការតាមច្បាប់តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់បានចាប់រំលោភបងថ្លៃជីដូនមួយមែន តែមិនមែនតែម្តងទេ គឺធ្លាប់រំលោភ២ដងឯណោះ ដោយកន្លងមក កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង២រសៀល រូបគេធ្លាប់បានចាប់រំលោភបងថ្លៃស្រីរូបនេះម្តងរួចមកហើយ នៅក្នុងបន្ទប់ជួលរបស់បងថ្លៃ។ ចំណែកលើកទី២ រូបគេបានធ្វើសកម្មភាពនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលបងថ្លៃស្រីរូបនោះដដែល។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួចហើយ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង្ស័យ និងបានរកឃើញថា ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាម នីតិវិធី៕