កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ កន្លងទៅនេះ គេនៅតែមើលឃើញថា បេក្ខនារី ញឹម សួនសោភាទេពី នៅតែដណ្ដើមបានភាពលេចធ្លោ ធ្វើឲ្យគណៈកម្មការទាំង៤ លើកសរសើរមិនដាច់ពីមាត់រហូតត្រូវបានមហាជនពេញចិត្តបោះឆ្នោតឲ្យនាងឈានទៅវគ្គបន្ទាប់។
យប់មិញនេះ សោភា ទេពី បានលើកយកបទចម្រៀងមួយបទ ដែលមានចំណងជើងថា “បេះដូង១០០” ដែលជាម្ចាស់ដើមរបស់កញ្ញាលាង សុផាឡែន បេក្ខនារីរូបនេះស្ទើរតែស្រែកដាច់ និងពីរោះ ជាងម្ចាស់ដើមនោះផង ទើបការបកស្រាយបទចម្រៀងរបស់នាងត្រូវគេឃើញអ្នកទស្សនាផ្ទាល់កញ្ជ្រោលទះដៃយ៉ាងកងរំពងតែម្ដង។ ក្នុងនោះសូម្បីតែគណកម្មការទាំង៤ក៏រំជួលចិត្តនឹងទេពកោសល្យរបស់នាង ហើយបានសរសើរមិនដាច់ពីមាត់ផងដែរ។
លោកព្រាប សុវត្ថិ បានចាត់ទុកសមត្ថភាពរបស់សោភាទេពី ថាជាតារារ៉ុក ដែលមានសមត្ថភាពយ៉ាងកម្រ ក្នុងចំណោមបេក្ខនារីច្រើនរូបដែលមានសមត្ថភាព។ លោកថា នាងគឺជាតារាចម្រៀងម្នាក់ដែលមានសំឡេងខ្ពស់ ហើយក៏មានស្ទីលបកស្រាយបទចម្រៀងបានត្រូវនឹងបទចម្រៀង ទាំងការតែងខ្លួន និងការទប់សំឡេង ធ្វើឲ្យស្រែកខ្លាំងកម្រិតណា ក៏នៅតែស្ដាប់ទៅមិនបែក និងពីរោះរណ្ដំ។
ចំណែកឯគណៈកម្មការ៣រូបផ្សេងទៀតក៏សរសើរដូចគ្នា និយាយថា នាងគឺជាតារាចម្រៀងដែលមានសមត្ថភាពសំឡេង និងស្ទីល មិនគួរនឹងមើលរំលង ដោយនាងមិនមែនអាចច្រៀងបានពីរោះ ត្រឹមតែបទមនោសញ្ចេតនានោះទេ។ លោកណុប បាយ៉ារិទ្ធិ និយាយថា បទចម្រៀងរបស់សោភា ទេពី គឺជាបទពិបាកច្រៀងណាស់ ហើយបើនិយាយពីការស្រែកត្រង់កន្លែងរ៉ឺហ្វ្រាំង ក៏មិនងាយនឹងមានអ្នកស្រែកបានល្អនោះដែរ ប៉ុន្តែសម្រាប់បេក្ខនារីរូបនេះ គឺច្រៀងបានល្អ រហូតសូម្បីតែលោកក៏ទប់អារម្មណ៍មិនសរសើរមិនបាន។
ទេពី មិនត្រូវបានប្រកាសថា បានទទួលសំឡេងឆ្នោតពីការបោះឆ្នោតប៉ុនណានោះទេ ប៉ុន្តែនាងត្រូវបានប្រកាសថា ជាប់ដោយមិនបាច់ប្រឈមនឹងការសង្គ្រោះរបស់គណកម្មការ ដើម្បីឲ្យនាងទទួលបានឱកាសទៅកម្មវិធី Live Show ក្នុងសប្ដាហ៍ទី២។ នាងគឺជាបេក្ខនារីដែលធ្វើឲ្យគេមើលឃើញថា ទទួលបានសំឡេងគាំទ្រខ្លាំងក្លាជាងគេពីសំឡេងទះដៃ និងហោកញ្ជ្រៀវយ៉ាងខ្ទរពេញស្ទូឌីយោរបស់ហង្សមាស នៅផ្សារទំនើបអ៊ីអន។
ជាមួយនឹងសន្ទុះគាំទ្រក៏ល្អដែលនាងទទួលបានក្នុងសប្ដាហ៍ទី១ ក្នុងវគ្គ Live Show នេះ ធ្វើឲ្យគេមើលឃើញកាន់តែច្បាស់ថា នាងនៅតែបន្តក្ដោបតំណែងជាបេក្ខនារីដែលមានប្រជាប្រិយភាពខ្លាំងក្លាជាងគេ ខណៈដែលនាងក៏មានសមត្ថភាពខ្លាំងទាំងបទចម្រៀងសម័យ បុរាណ និងបទចម្រៀងរ៉ុក បានល្អព្រមគ្នាមិនធម្មតា។ តែយ៉ាងណា គេមិនទាន់ដឹងថា នាងនឹងទទួលបានលទ្ធផលយ៉ាងណានោះទេ នៅវគ្គLive show សប្ដាហ៍ទី២ ខណៈដែលត្រូវប៉ះជាមួយបេក្ខជនបេក្ខនារីជាច្រើនទៀត៕