ចំណងស្នេហ៍ជាច្រើនឆ្នាំ រវាងពិធីការិនីល្បីឈ្មោះ អ្នកនាងយុគ ចិន្តា និងមន្ត្រីធំ លោកវុទ្ធី បណ្ឌិត ហៅសម័យ ដែលត្រូវបានពន្យារពេល កាលពីឆ្នាំ២០១៦នោះ ពេលនេះលែងមានការកំណត់ថ្ងៃរៀបការទៀតហើយ តែអ្វីដែលចម្លែកនោះ ស្រាប់តែអ្នកនាង ចិន្តា លែងបណ្តើរលោកសម័យ ដូចមុនទៀតហើយ…។
យុគ ចិន្តា ដែលជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញជាច្រើន ត្រូវបានចាត់ទុកថា ជាពិធីការិនីម្នាក់ដែលស្ថិតក្នុងចំណោមតារាមានទ្រព្យច្រើននៅកម្ពុជា នោះ ត្រូវបានមិត្តភក្តិអ្នកសិល្បៈជាច្រើន បានជំរុញឱ្យចូលរោងការ ព្រោះថា ពេលនេះ អ្នកនាងចិន្តា មានអ្វីៗគ្រប់បែបយ៉ាងអស់ទៅហើយ ក្នុងកណ្តាប់ដៃ តែអ្នកនាងនៅខ្វះតែម៉្យាងគត់ គឺការរៀបការតាមប្រពៃណីខ្មែរ ត្រឹមត្រូវដូចនារីដទៃធម្មតាទៀត។
ប៉ុន្តែក្រោយពីលើកពេលចូលរោងការ កាលពីឆ្នាំ2016 មក អ្នកនាងយុគ ចិន្តា ពេលនេះមិនកំណត់វេលាជាក់លាក់ក្នុងការចូលរោងការឡើយ គឺពន្យារពេលដោយគ្មានការកំណត់ ហើយនៅពេលសាកសួររឿងនេះ ពិធីការិនីល្បីឈ្មោះជាង1ទសវត្សរូបនេះ គ្មានចម្លើយអ្វីក្រៅតែពីថា ជាប់រវល់ដកឃ្លាមិនបាននោះឡើយ។
អ្វីដែលគួរឱ្យកត់សម្គាល់នៅពេលនេះដែរ គឺអ្នកនាងយុគ ចិន្តា មិនត្រឹមតែមិនអើពើរឿងចូលរោងការនោះទេ តែអ្នកនាងក៏លែងបណ្តើរគូសង្សារ លោកវុទ្ធី បណ្ឌិត ហៅសម័យ នោះទៀតដែរ នៅតាមគ្រប់កម្មវិធីទាំងអស់នោះ គឺគេឃើញអ្នកនាងចិន្តា ដើរតែម្នាក់ឯង ឬជាមួយកូនស្រីអ្នកនាង កញ្ញាយុគ ដាពេជ្រ។
អ្នកសិល្បៈមួយចំនួន បានសួរពីមូលហេតុអ្វីបានជាអ្នកនាងយុគ ចិន្តា ឈប់ដើរជាមួយសង្សារនេះ តែត្រូវបានពិធីការិនីជើងចាស់រូបនេះ និយាយដោយខ្លីថា គិតតែបណ្តើរគ្នាគ្រប់ពេលយ៉ាងម៉េច បើរវល់រៀងៗខ្លួនអ៊ីចឹង?
ដោយឡែកជំនួយការអ្នកនាងចិន្តា បានបង្ហើបឱ្យដឹងថា ពិធីការិនី CTN រូបនេះខ្លាចក្រុមអ្នកកាសែតតាមថតរូបភាពអ្នកនាង ជាមួយលោកសម័យ ទើបលែងបណ្តើរគ្នាដូចមុននោះ តែតាមពិត ពួកគាត់នៅតែស្រលាញ់គ្នាដូចមុនជាធម្មតាទេ។
យុគ ចិន្តា ដែលហាក់មានអាថ៌កំបាំងស្នេហាជាច្រើនឆ្នាំមកហើយ ព្រោះតែមិនដែលរៀបការសោះ ស្រាប់តែមានកូនស្រីស្អាតម្នាក់ ឈ្មោះយុគ ដាពេជ្រ ហៅអម អាយុ12ឆ្នាំនោះ បានបែកធ្លាយរឿងស្នេហាជាមួយលោកវុទ្ធី បណ្ឌិត ហៅសម័យ អតីតទីប្រឹក្សសម្តេចជា ស៊ីម នោះ ធ្វើឱ្យកក្រើកពេញចង្កោមអ្នកសិល្បៈតែម្តង ព្រោះថា តាមពិតបុរសដែលធ្វើខួបកំណើតឱ្យអ្នកនាងចិន្តា ជារៀងរាល់ឆ្នាំ ព្រមទាំងបង្ហាញភាពស្និទ្ធស្នាល ដោយឱបថើបពិធីការិនីល្បីរូបនេះនោះ គឺជាលោកសម័យ សោះ។
អ្នកសិល្បៈជាច្រើនបានសម្តែងការអបអរសាទរចំពោះអ្នកនាងយុគ ចិន្តា ដែលជាពិធីការិនីដ៏ល្បីល្បាញនោះថា ពិតជាស័ក្តិសមបំផុតជាមួយនឹងលោកវុទ្ធី បណ្ឌិត ដែលជាពោះម៉ាយមកពីអាមេរិក ហើយមានចំណេះដឹងពេញពោះនោះ ខណៈដែលក្រុមគ្រួសារអ្នកនាងចិន្តា ក៏ពេញចិត្តលោកសម័យ ខ្លាំងដែរ ដោយជំរុញឱ្យរៀបការឱ្យបានឆាប់ៗទៀតផង តែចុងក្រោយនេះ អ្នកនាងចិន្តា នៅតែសម្តែងការរារែកចិត្តដដែល។
ប្រភពពីអ្នកសិល្បករដែលជិតស្និទ្ធអ្នកនាងយុគ ចិន្តា បានបង្ហើបឱ្យដឹងថា មនុស្សប្រុសដែលពិធីការិនីរូបនេះ ស្វែងរកជាង2ទសវត្សនោះ ទីបំផុត គឺបានមកដល់ហើយ នោះគឺជាលោកសម័យ នេះឯង ដែលមិនត្រឹមតែស្រលាញ់អ្នកនាងខ្លាំងទេ តែថែមទាំងចាត់ទុកកូនស្រីអ្នកនាង ដូចជាកូនបង្កើតទៀតផង ដែលធ្វើឱ្យយុគ ចិន្តា កាន់តែមានអារម្មណ៍រំភើបចិត្ត។
ប៉ុន្តែ យ៉ាងណា តារាដែលជិតស្និទ្ធអ្នកនាងចិន្តា នោះ បានព្រមានថា បើសិនជាពិធីការិនីល្បីឈ្មោះរូបនេះ នៅអូសបន្លាយការចូលរោងការតទៅទៀត អ្វីៗអាចប្រែប្រួលគ្រប់ពេលបាន ហើយបទពិសោធន៍ទាំងនេះ អ្នកនាងចិន្តា ធ្លាប់បានជួបរួចមកហើយជាមួយ DJ ឃ្លាំង មុនពេលជួបលោកសម័យ នោះ។
យុគ ចិន្តា ត្រូវបានរាយការណ៍ថា ពិធីការិនីជើងចាស់រូបនេះរកប្រាក់ចំណូលពីសិល្បៈ បានមិនក្រោម2ម៉ឺនដុល្លារឡើយ ក្នុង1ខែៗ ព្រោះអ្នកនាងជាអ្នកផលិតកម្មវិធី និងរកពាណិជ្ជកម្មដោយខ្លួនឯង។ យុគ ចិន្តា មានហាងទាំងនៅក្នុងស្រុក និងនៅបរទេស មិនក្រោម6ហាងឡើយ ព្រមទាំងមានដីផ្ទះជួល និងទិញវីឡានៅម្តុំទួលគោក តម្លៃជិត1លានដុល្លារ ថែមទៀតផង ហើយអ្នកនាងជិះរថយន្ត2គ្រឿងឆ្លាស់គ្នា គឺ TUNDRA និង Land Cruiser Prado ដែលធ្វើឱ្យតារាសិល្បៈដទៃទៀត មិនអាចប្រជែងជាមួយអ្នកនាងចិន្តា បានឡើយ។
ពិធីការិនីម្នាក់ដែលស្និទ្ធស្នាលខ្លាំង ជាមួយអ្នកនាងចិន្តា បានបង្ហើបឱ្យដឹងថា ការមិនព្រមចូលរោងការរបស់អ្នកនាងយុគ ចិន្តា អាចជាការស្វែងយល់ចិត្តគ្នាបន្ថែមទៀត ជាមួយលោកសម័យ ម៉្យាងទៀត ការរៀបការដោយប្រថុចញ៉ុច និងតក់ក្រហល់ខ្លាំងពេក បើសិនជាមានការលែងលះគ្នានោះ ទ្រព្យសម្បត្តិនឹងត្រូវបែងចែកគ្នា ហេតុនេះហើយបានជាអ្នកនាងចិន្តា ដែលមានទ្រព្យច្រើនជាងលោកសម័យ នោះ គឺត្រូវតែពិនិត្យឱ្យបានល្អិតល្អន់បំផុត ទើបចូលរោងការឱ្យកក្រើកពេញផ្ទៃប្រទេសតែម្តង។
ប្រភពបានបន្ថែមទៀតថា ពេលនេះ អ្នកនាងយុគ ចិន្តា និងលោកសម័យ កំពុងតែរួមរស់ក្រោមដំបូលតែមួយនៅវីឡាទួកគោក ហើយពេលនេះ អ្នកទាំង2ចុះសម្រុងគ្នាល្អណាស់ គ្រាន់តែមិនទាន់ចង់ដឹកដៃគ្នាចូលរោងការឡើយ បន្ទាប់ពីអាក់ខានកាលពីឆ្នាំ2016 ដោយសារតែការយុគ ចិន្តា រវល់លើពិធីការិនីនៅ CTN ការគ្រប់គ្រង TMS និងមុខជំនួញជាច្រើនប្រភេទ…៕