Friday, November 15, 2024
Homeតារាខ្មែររ៉ាប៊ី ជោគជ័យតំណែងតួឯករឿង "អ្នកបម្រើ០០៧" ថៅកែពេញចិត្តស្តូក

រ៉ាប៊ី ជោគជ័យតំណែងតួឯករឿង “អ្នកបម្រើ០០៧” ថៅកែពេញចិត្តស្តូក

អតីតពិធីការិនីប៉ុស្តិ៍ហង្សមាស ផាន វីរ៉ាទី ហៅរ៉ាប៊ី ដែលក្លាយទៅជាតារាចម្រៀងផលិតកម្មថោន នោះ ពេលនេះមានទីផ្សារចម្រៀងលេចធ្លោគ្រាន់បើ ឈរលេខ២ នៅថោន បន្ទាប់ពីមាស សុខសោភា ទៀតផង ហើយថែមទាំងមានព័ត៌មានថា ថ្មីៗនេះ ស្រីស្អាតរូបនេះបានធ្វើឱ្យលោកថៅកែថោន ពេញចិត្តស្តូក ព្រោះតែភាពយន្តដែលនាងសម្តែងជាតួឯក រឿង “អ្នកបម្រើ០០៧” នោះ ទទួលបានប្រាក់ចំណេញកប់ក្តោងតែម្តង។

យ៉ាងណា រ៉ាប៊ី មិនទាន់ច្បាស់ថា នឹងបានតំណែងតួឯកជាលើកទី២ឡើយ ខណៈដែលពេលនេះ ស្រីស្អាតមានតម្លៃខ្លួនច្រៀង១កម្មវិធី ១២០០ដុល្លារ…។

 

 

ផាន វីរ៉ាទី ហៅរ៉ាប៊ី ដែលត្រូវផលិតកម្មថោន ប្រគល់តំណែងជាតួឯកឱ្យក្នុងរឿង “អ្នកបម្រើ007” ដោយចាប់ដៃជាមួយតារាកំប្លែងនាយពែកមី នោះ ត្រូវបានគេបង្ហើបថា លោកថៅកែថោន ពេញចិត្តស្រីស្អាតរូបនេះខ្លាំងណាស់ ព្រោះការបើកឆាករឿងដំបូងនេះ ធ្វើឱ្យផលិតកម្មចំណេញលុយដុំធំកប់ក្តោងតែម្តង ទើបថោន គ្រោងនឹងប្រគល់តំណែងជាតួឯកថ្មី ជាលើកទី2 ដើម្បីឱ្យស្រីស្រស់កាន់តែមានទីផ្សារទូលាយ។

ក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ ជាមួយរ៉ាប៊ី តារាចម្រៀងរូបស្រស់នេះ បានឱ្យដឹងថា តាមនាងដឹងរឿងនោះ គឺពិតជាចំណេញលុយច្រើនមែន ព្រោះថា អ្នកមើលឡើងពេញៗរោង ហើយគេថា រឿងនោះល្អមើលណាស់។ តារាពូកែរាំរូបនេះ បន្ថែមថា “បើនិយាយពីចំណេញវិញ គឺ1ជា10ឯណោះ ព្រោះរឿងនោះមានអ្នកទស្សនាច្រើនណាស់ ពេញៗរោង សឹងតែគ្មានកន្លែងអង្គុយមើលផង។ ខ្ញុំសប្បាយចិត្តដែលភាពយន្តទី1 របស់ខ្ញុំ នៅថោន បានជោគជ័យខ្លាំង ហើយពេលនេះមានគេស្គាល់ខ្ញុំ កាន់តែច្រើនជាងមុនទៅទៀត តែថារឿង ទី2 មានខ្ញុំលេងទៀត ឬអត់នោះ ខ្ញុំមិនទាន់ដឹងទេ ព្រោះអាចជាការឆ្លាស់គ្នាដែរ។ មានផលិតកម្មមួយចំនួនបានហៅខ្ញុំថតកុនវិញដែរ តែខ្ញុំមិនអាចថតបានដោយសេរីបានទេ ព្រោះថា ខ្ញុំមានកុងត្រានៅថោន អ៊ីចឹងទាល់តែមានការអនុញ្ញាតពីផលិតកម្មដែរ ទើបខ្ញុំអាចថតបាន”។

រ៉ាប៊ី ធ្លាប់ថតរឿងភាគរបស់ទូរទស្សន៍បាយ័ន រឿង “កំលោះក្តាមប្រៃ ក្រមុំស្ពៃជ្រក់” ដោយទទួលបានការគាំទ្រច្រើន មុនពេលដែលនាងក្លាយទៅជាតារាចម្រៀងនៅផលិតកម្មថោន នោះ។ ប៉ុន្តែ ការបោះបង់អាជីពជាពិធីការិនីនៅហង្សមាស ដោយលោតចូលផលិតកម្មថោន នោះ មិនធ្វើឱ្យស្រីស្អាតខកចិត្តឡើយ ព្រោះពេលនេះ រ៉ាប៊ី មានទីផ្សារលេចធ្លោគួរសម បើប្រៀបធៀបកាលនាងឈរជើងធ្វើជា MC នៅហង្សមាស នោះ។

ប្រភពបានឱ្យដឹងថា រ៉ាប៊ី ស៊ីថ្លៃ1200ដុល្លារ ក្នុងការច្រៀង1កម្មវិធី នៅឆ្នាំ2018នេះ ខណៈដែលកាលពីឆ្នាំ2017 តម្លៃខ្លួននាងត្រឹមតែ1000ដុល្លារប៉ុណ្ណោះ។

ពិធីការិនីដែលក្លាយទៅជាតារាចម្រៀងរូបនេះ បានឱ្យដឹងថា “ជាការពិត ឆ្នាំនេះ ខ្ញុំយក1200ដុល្លារមែន ហើយមានការរវល់គួរសមដែរ ចុះតាមខេត្តញឹកញាប់ដែរ។ មានក្រុមហ៊ុនច្រើនដែរ ដែលបានទាក់ទងមកខ្ញុំ តែខ្លះតម្លៃមិនត្រូវគ្នា ក៏មិនទទួលដែរ។ ដូចជាមានក្រុមហ៊ុន1នោះ ឱ្យច្រៀង20 Show តែឱ្យថោកពេក ខ្ញុំក៏មិនទាន់ទទួលដែរ ព្រោះថា យើងចំណាយទៅលើក្រុមរាំ សម្លៀកបំពាក់អីអស់ច្រើន អ៊ីចឹងពេលខ្លះមិនអាចទៅបានទេ”។

ដោយសារតែមានរូបសម្រស់ស្អាតពីធម្មជាតិ ទឹកដមសំឡេងមធ្យម និងមានក្បាច់រាំដ៏គួរឱ្យក្នាញ់រស់រវើកនោះ ទើបធ្វើឱ្យស្រីស្អាតរូបនេះអាចបំបែកទីផ្សារតារាចម្រៀងស្រីនៅថោន បាន ដោយនាងឈរនៅលេខ2 បន្ទាប់ពីមាស សុខសោភា ទៀតផង ទើបធ្វើឱ្យតារារួមទ្រនំមួយចំនួនច្រណែនស្រីស្រស់រូបនេះថា ទើបតែចូលថោន ក្រោយគេសោះ តែថៅកែថោន ពេញចិត្តលើកទាំងច្រៀង និងឱ្យធ្វើជាតួឯកតែម្តង។ ទោះជាយ៉ាងណា នៅពេលដែលកេរ្តិ៍ឈ្មោះ រ៉ាប៊ី កាន់តែរំកិលទៅមុខនេះ តារាដែលធ្លាប់សារភាពថា មានគូស្នេហ៍ តែបានប្រេះឆាកណ្តាលផ្លូវនេះ កាន់តែព្យាយាមប្រឹងលាក់ស្នេហាថ្មី ដោយមិនចង់ឱ្យអ្នកណាស្គាល់ឡើយ។ ប្រភពបានឱ្យដឹងថា រ៉ាប៊ី ត្រូវបានមន្ត្រីធំៗនិងលោកឧកញ៉ាជាច្រើននាក់ ប្រជែងគ្នាសុំចិញ្ចឹមតារាចម្រៀងរូបស្អាតនេះ ដោយធានាប្រគល់អ្វីៗគ្រប់យ៉ាងទាំងអស់ដែលនាងត្រូវការ ដូចជា លុយ ឡាន និងវីឡា ឱ្យតែស្រីស្អាតព្រមធ្វើជាកំណាន់ចិត្តលួចលាក់របស់គេ។ ប៉ុន្តែរ៉ាប៊ី ថា បើយករបស់ទាំងនោះហើយ នាងមិនអាចមានសិទ្ធិសេរីភាពឡើយ គឺជាប់ក្នុងទ្រុងរបស់គេ ទៅណាក៏មិនបាន ហើយនាងមិនចង់រស់នៅក្រោមគំនាបរបស់គេឡើយ ទើបសុខចិត្តជិះរថយន្តកញ្ចាស់ Lexus Rx300 តម្លៃជាង1ម៉ឺនដុល្លារ។

តារាដែលចោលតំណែងជាពិធីការិនីនៅហង្សមាស មកធ្វើជាអ្នកចម្រៀងនៅថោន រូបនេះ ថែមទាំងប្រកាន់ជំហរថា ប្រសិនបើនាងមានលុយច្រើន គឺមិនលេងម៉ូដរថយន្តឡើយ ហើយនាងនឹងទិញផ្ទះទុក ល្អជាងហ៊ឺហាជាមួយការលេងឡាន។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា ការតាំងចិត្តរបស់ផាន វីរ៉ាទី ដែលថា មិនជ្រើសផ្លូវលោតឆត្រ ស្រវាទ្រព្យធ្វើជាសេដ្ឋិនីនោះ អាចគេចផុតបានរហូតដែរឬទេ? ខណៈដែលពេលនេះ ស្រីស្អាតៗវ័យក្មេងក្នុងសិល្បៈ មានទេព បូព្រឹក្ស, នៅ សុនិតា, មាន សូនីតា, ពេជ្រ សូលីកា, បេប៊ី ជាដើម មានទ្រព្យមិនចាញ់ជំទាវឡើយ…៕

RELATED ARTICLES