Friday, November 15, 2024
Homeតារាខ្មែរតារាសិចស៊ី ម៉ូលីកា ប្រឹងជម្នះពាក្យមាក់ងាយ

តារាសិចស៊ី ម៉ូលីកា ប្រឹងជម្នះពាក្យមាក់ងាយ

មួយរយៈចុងក្រោយនេះ តារាចម្រៀងរូបស្រស់សិចស៊ីរបស់ផលិតកម្ម Rock កញ្ញាម៉ូលីកា បានប្រឹងប្រែងលក់ផលិតផលថែរក្សាសម្រស់ តាមអនឡាញជាខ្លាំង ហើយថ្មីៗនេះ នាងបានសម្រេចបំណងទិញរថយន្តបានមួយគ្រឿង ដើម្បីជួយសម្រួលដល់មុខរបររបស់នាង ខណៈដែលនាងអះអាងថា ទម្រាំនាងមានថ្ងៃនេះ នាងបានឆ្លងកាត់ជម្នះនូវពាក្យសម្ដីមាក់ងាយមួយចំនួន ដែលគេមិនសូវឲ្យតម្លៃនាងក្នុងនាមជាតារាសិល្បៈមួយរូប។

ម៉ូលីកា បានថ្លែងឲ្យដឹងថា “ដោយសារតែការស្រលាញ់វិស័យសិល្បៈ នាងបានប្រឹងប្រែងតស៊ូខ្លាំងណាស់ រហូតបានក្លាយជាតារាចម្រៀងរបស់ផលិតកម្ម Rock ។ ប៉ុន្តែទន្ទឹមនឹងនោះ នាងក៏ទទួលរងនូវការមាក់ងាយពីសាច់ញាតិផងដែរ ដោយវាយតម្លៃនាងថា ជាមនុស្សមិនកើត និងថា ចូលសិល្បៈគ្មានកំណើតជាដើម។ នាងថា សំឡេងមាក់ងាយទាំងនោះបានដក់នៅក្នុងខួរក្បាលរបស់នាងរហូតមក ប៉ុន្តែនាងពុំបានរាថយទេ គឺតែងតែប្រឹងប្រែងជានិច្ចនៅលើវិថីចម្រៀងដែលមានបទចម្រៀងនៅផលិតកម្ម Rock ចេញនៅលើទីផ្សារជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ នាងក៏មានគំនិតលក់តាមអនឡាញផងដែរ ដែលជំហានដំបូងនាងលក់ជ្រក់ជើងមាន់ បន្ទាប់មកនាងក៏បែកគំនិតលក់ផលិតផលថែរក្សាសម្រស់ រហូតលក់ឆ្លងប្រទេសទៀតផង។

ម៉ូលីកា បានបន្តឲ្យដឹងថា “ទោះបីពេលនេះអាជីពចម្រៀងរបស់មិនទាន់ជោគជ័យខ្លាំង តែសម្រាប់មុខរបរលក់តាមអនឡាញ កំពុងតែកាក់កប ដែលនាងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ នាងថា មួយរយៈចុងក្រោយនេះ នាងបានជួយជ្រោមជ្រែងក្រុមគ្រួសារមួយចំណែកធំ ហើយក្រៅពីនេះ នាងក៏ទើបទិញរថយន្តម៉ាក Highlander មួយគ្រឿងផងដែរ ដើម្បីជួយសម្រួលដឹកផលិតផលយកឲ្យភ្ញៀវ”។

ម៉ូលីកា បន្ថែមថា “នាងបានសម្រេចគោលដៅមួយហើយ ហើយជំហានបន្ទាប់ នាងចង់បើកហាងលក់ផលិតផលថែរក្សាសម្រស់មួយនៅរាជធានីភ្នំពេញ ខណៈដែលនាងក៏គ្រោងទិញផ្ទះនៅរាជធានីភ្នំពេញ ផងដែរ”។

តារាចម្រៀងសិចស៊ីដែលមានដើមកំណើតនៅខេត្តបាត់ដំបងរូបនេះ បានឲ្យដឹងដែរថា “អ្វីដែលនាងមានពេលនេះ គឺកើតចេញពីកម្លាំងញើសឈាមរបស់នាងទាំងស្រុង គឺគ្មានតាតាជួយជ្រោមជ្រែងនាងទេ ហើយមួយរយៈចុងក្រោយនេះ អ្នកដែលធ្លាប់មាក់ងាយនាង ក៏លែងមើលស្រាលនាងទៀតដែរ គឺមានតែកោតសរសើរនាងទៅវិញខ ណៈដែលនាងក៏ពុំបានគុំគួនខឹងសម្បាទៀតដែរ”។

ម៉ូលីកា បានបន្តថា “នាងបាននាំចូលផលិតផលថែរក្សាសម្រស់គ្រប់ប្រភេទ យកមកលក់នៅតាមអនឡាញ តាមរយៈផេក “Molika Online Shop”  និងហ្វេសប៊ុករបស់នាងផ្ទាល់ MO Lika Singer Rock មានទាំងថ្នាំលាបឲ្យស្បែកស្អាត រាងស្លីម ថ្នាំបំបាត់មុន បំបាត់ជាំ ថ្នាំសម្រករាង ថ្នាំបណ្តុះសក់ ពន្លូតកម្ពស់ ឡេលាបស្បែកឲ្យស ជាដើម ពោលគឺមានគ្រប់ប្រភេទទាំងអស់ ហើយថ្មីៗនេះ នាងក៏ទើបនាំចូលផលិតផលផ្ដាច់មុខផងដែរ។ ផលិតផលទាំងនោះគឺនាំយកមកពីប្រទេសថៃ កូរ៉េ ជប៉ុន និងអាមេរិក ជាដើម ដែលសុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់ ខណៈដែលមានអាណិកជនខ្មែរ នៅតាមបណ្ដាប្រទេសមួយចំនួន ក៏កុម្មង់ទិញផលិតផលនាងដែរ ដូចជា នៅប្រទេសស្វីស ញូវដឺលែនដ៍ អូស្ត្រាលី អាមេរិក កូរ៉េ និងថៃ ជាដើម”៕

RELATED ARTICLES