កាលពីយប់ថ្ងៃទី១២ កុម្ភះ កន្លងទៅនេះលោកអេថេន ជានិច្ច ប្រធាន«អង្គការខ្ញុំខ្មែរ»បានដឹកនាំតារាចម្រៀងខ្មែរ ថៃ មួយចំនួនទៅសម្ដែងច្រៀងក្នុងកម្មវិធីសប្បុរសធម៌នៅប្រទេសកូរ៉េខាងត្បូងនៅតំបន់ស៊ូវុន ដែលមានពលករខ្មែរនៅទីនោះខ្ទង់រាប់ម៉ឺននាក់។
លោកអេថេន ជានិច្ច បានថ្លែងឲ្យដឹងមុនពេលឡើងយន្តហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ពុំមែនជាលើកទី១ទេដែលលោកដឹកនាំតារាចម្រៀងទៅច្រៀងប្រគំតន្ត្រីសប្បុរសធម៌នៅប្រទេសកូរ៉េខាងត្បូង គឺលោកតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់បងប្អូនពលករខ្មែរនៅទីនោះនិងដើម្បីឲ្យពួកគាត់ជួបជុំគ្នាផងដែរ ហើយសម្រាប់ឆ្នាំនេះក្រៅពីប្រគំតន្ត្រីលោកក៏បាននាំយករឿង«កំពូលចុងភៅពិសេស»ទៅផ្សព្វផ្សាយនៅទីនោះដែរខណៈដែលគ្រោងយករឿងនោះទៅដាក់បញ្ចាំងឲ្យពលករខ្មែរទស្សនាដោយសេរីនាពេលខាងមុខ។លោកថា កាលពីឆ្នាំ២០១៧ លោកបានដឹកនាំតារាចម្រៀងល្បីៗមួយចំនួនដូចជាលោកខេម និងអ្នកនាងចេន សាយចៃ ជាដើមគឺទទួលបានជោគជ័យខ្លាំងដោយមានអ្នកចូលរួមទស្សនាខ្ទង់រាប់ម៉ឺននាក់ឯណោះ។
លោកអេថេន ជានិច្ច បន្ថែមថា សម្រាប់ឆ្នាំនេះលោកបាននាំតារាចម្រៀងមួយចំនួនទៅច្រៀងកម្មវិធីសប្បុរសធម៌នេះមានដូចជាអ្នកនាងចេន សាយចៃ តារាចម្រៀងរបស់ផលិតកម្មC2 Go និងតារាចម្រៀងរបស់ប្រទេសថៃ ផងដែរដែលសរុបទាំងតារាចម្រៀងនិងក្រុមការងារជិត៣០នាក់ឯណោះ។លោកថា តាមគម្រោងលោកគ្រោងប្រគំតន្ត្រីរយៈពេលពីរថ្ងៃ តែដោយសារតែមានក្រុមតារាចម្រៀងខ្មែរមួយក្រុមទៀតធ្វើការប្រគំតន្ត្រីនៅទីនោះដែរលោកក៏សម្រេចធ្វើតែមួយថ្ងៃវិញគឺនៅថ្ងៃទី១៦ កុម្ភះ ឆ្នាំ២០១៨ ចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង១២ យប់ នៅតំបន់ស៊ូវុន ខណៈដែលកម្មវិធីនេះចូលទស្សនាដោយសេរីដោយពុំមានលក់សំបុត្រនោះទេប៉ុន្តែបើមានការបរិច្ចាគពីពលករខ្មែរ«អង្គការខ្ញុំខ្មែរ»និងយកមកជួយដល់កុមារកព្រា និងគ្រួសារក្រីក្រដែលគ្មានទីពឹងនៅកម្ពុជា។
លោកអះអាងថា សម្រាប់ការចំណាយលើកការប្រគំតន្ត្រីសប្បុរធម៌នេះគឺជាថវិការបស់ក្រុមគ្រួសាររបស់លោកផ្ទាល់គឺធ្វើដោយទឹកចិត្តសប្បុរសធម៌ខណៈដែលលោករំពឹងការប្រគំតន្ត្រីសប្បុរសធម៌នៅឆ្នាំនេះនឹងទទួលបានជោគជ័យខ្លាំងមិនចាញ់កាលពីឆ្នាំមុន៕