តារាចម្រៀងល្បីឈ្មោះរូបស្រស់របស់ផលិតកម្មសាន់ដេ កញ្ញាសុខ ពិសី ត្រូវបានដៃគូលោកខេមរៈ សិរីមន្ត រត់ចោលទៅទ្រនំថ្មីរស្មីហង្សមាស ធ្វើឱ្យនាងត្រូវបាត់ដៃគូចម្រៀងជើងខ្លាំងមួយរូប នាំឱ្យមានការលើកឡើងថា ពិសី ប្រឈមធ្លាក់កូដ ប៉ុន្តែពិសី អះអាងថា មិនភ័យព្រួយធ្លាក់ចុះ ទោះរបូតដៃគូ លោកខេមរៈ សិរីមន្ត…។
អ្នកចម្រៀងសាច់សខ្ចី សុខ ពិសី ទាញបានភាពល្បីល្បាញនៅទ្រនំសាន់ដេ ជាច្រើនឆ្នាំមកហើយ ហើយនាងតែងតែចាប់ដៃគូច្រៀងយ៉ាងស្អិតល្មួតជាមួយអតីតតារាចម្រៀងរបស់សាន់ដេ លោកខេមរៈ សិរីមន្ត ខណៈដែលកន្លងមកតែងមានការលើកឡើងថា នាងដណ្តើមបានភាពលេចធ្លោនៅសាន់ដេ តាមរយៈចាប់ដៃគូជាមួយលោកសិរីមន្ត ផងដែរ ហើយនៅពេលដែលសិរីមន្ត ចាកចេញទៅរស្មីហង្សមាស នាំឱ្យមានការលើកឡើងថា ពិសី អាចប្រឈមការធ្លាក់សំឡេងគាំទ្រ។
យ៉ាងណា ក្នុងជំនួបផ្ទាល់ជាមួយពិសី នៅស្ថានីយទូរទស្សន៍បាយ័ន កាលពីថ្មីៗនេះ ពិសី បានថ្លែងឱ្យដឹងថា មួយរយៈចុងក្រោយនេះ អាជីពចម្រៀងរបស់នាងកាន់តែមានសន្ទុះជាងមុន ដែលទទួលបានឱកាសការងារយ៉ាងជោកជាំ ជាពិសេស ចេញច្រៀងតាមបណ្តាខេត្តក្រុងនានា ហើយក៏មានខាងអ្នកឧបត្ថម្ភ (Sponsor) នៅក្រៅស្រុក ទាក់ទងនាងទៅសម្តែងជាច្រើនប្រទេសផងដែរ ប៉ុន្តែនាងបានបដិសេធជាបន្តបន្ទាប់ ដោយសារតែជាប់រវល់ឱកាសការងារនៅក្នុងស្រុក។ ពោលគឺក្រោយពេលរបូតដៃគូ ខេមរៈ សិរីមន្ត ពុំបានធ្វើឱ្យនាងធ្លាក់ចុះការគាំទ្រ ឬស្ងាត់ទីផ្សារនោះទេ។
ពិសី អះអាងថា កន្លងមកពុំមែននាងចាប់ដៃគូតែជាមួយលោកសិរីមន្ត ម្នាក់នោះទេ គឺនាងត្រូវបានក្រុមហ៊ុនតម្រូវឱ្យចាប់ដៃគូជាមួយតារាចម្រៀងមួយចំនួនទៀត ដូចជាលោកខាន់ ជេមស៍ នាយចឺម និងលោកឆាយ វីរៈយុទ្ធ ជាដើម។ ដូច្នេះទោះបីសិរីមន្ត ឃ្លាតឆ្ងាយពីនាងក៏នាងនៅតែមានដៃគូចម្រៀង ដើម្បីទាញការគាំទ្រ គឺអត់មានប៉ះពាល់អ្វីនោះទេ។ ម៉្យាងបទចម្រៀងរបស់នាងបានបន្តចេញជាហូរហែនៅលើទីផ្សារ ទាំងបទឆ្លងឆ្លើយ និងបទទោល។
ពិសី បានលើកឡើងថា “កន្លងមក មជ្ឈដ្ឋានមួយចំនួននិយាយថា ខ្ញុំល្បីដោយសារអ្នកនេះ ល្បីដោយសារតារាចម្រៀងរូបនោះ គឺខ្ញុំពិតជាមានអារម្មណ៍តូចចិត្តមែនទែន ក៏ព្រោះតែការខិតខំប្រឹងប្រែងរបស់ខ្ញុំ បែរជាគេយល់ឃើញបែបនេះទៅវិញ។ ខ្ញុំនិយាយនេះគ្មានបំណងឱ្យប៉ះតារាចម្រៀងរូបណាទេ គឺចង់និយាយពីអារម្មណ៍ពិតរបស់ខ្លួន”។
ពិសី បន្តថា “ពេលខ្លះខ្ញុំចង់បាក់ទឹកចិត្តម្តងម្កាលដែរ នៅពេលការប្រឹងប្រែងរបស់ខ្ញុំ បែរជាគេចាត់ទុកថា ល្បីដោយសារគេទៅវិញ។ ម៉្យាងទៀត ប្រសិនបើខ្ញុំអត់មានសមត្ថភាពទេ តើខ្ញុំអាចឈរជើងបានដូចពេលនេះទេ? គឺប្រាកដជាពុំអាចទេ។ ដូច្នេះខ្ញុំចង់បញ្ជាក់ថា មួយរយៈចុងក្រោយនេះ អាជីពចម្រៀងរបស់ខ្ញុំអត់មានបញ្ហោទ។ ផ្ទុយទៅវិញ កំពុងតែមមាញឹកខ្លាំងជាមួយឱកាសការងារយ៉ាងជោកជាំ ហើយក៏មិនបារម្ភធ្លាក់កូដអ្វីដែរ”។
តារាចម្រៀងសាច់សខ្ចីរូបនេះ បញ្ជាក់ថា អំឡុងពេលនេះ នាងកំពុងតែប្រឹងប្រែងពង្រឹងអាជីពសិល្បៈបន្ថែមទៀត ទាំងផ្នែកចម្រៀង និងគ្រោងបង្ហាញស្នាដៃជាតួឯកនៅក្នុងខ្សែភាពយន្តខ្នាតធំរឿង “អាឡេវចូលក្រុង” ជាដើម ដែលត្រូវប៉ះជាមួយតួឯកលោកឆាយ វីរៈយុទ្ធ ជាមួយនឹងការរំពឹងថា ប្រជាប្រិយភាពរបស់នាងនឹងស្ទុះឡើងមួយកម្រិតទៀត។
នាពេលចុងក្រោយនេះ មានតារាល្បីៗជាច្រើនហ៊ានបង្ហាញមុខគូស្នេហ៍ ដោយមិនខ្លាចប៉ះពាល់ដល់សំឡេងគាំទ្រ មានទាំងអ្នកនាងសុគន្ធ និសា ទើបរៀបការថ្មីថ្មោង លោកឆាយ វីរៈយុទ្ធ និងលោកខាត់ ជេមស៍ ជាដើម។ ប៉ុន្តែសម្រាប់ពិសី ដែលល្បីថា មានថៅកែសាន់ដេ តាមយ៉ាងស្អិតនោះ បានលើកឡើងថា ក្នុងរឿងដៃគូជីវិត គ្មាននរណាអាចចៀសផុតទេ ហើយក៏មិនអាចរស់នៅក្នុងរូបភាពលាក់លៀមបានពេញមួយជីវិតដែរ។ ពោលគឺសម្រាប់នាង ប្រសិនបើជួបដៃគូស្នេហាពិតប្រាកដ នាងនឹងលាតត្រដាងជាចំហ។
ពិសី អះអាងថា អំឡុងពេលនេះ ពិតជាមានបុរសមួយចំនួនតាមស្នេហ៍នាងមែន ប៉ុន្តែនាងមិនទាន់សម្រេចចិត្តជ្រើសរើសបុរសណាម្នាក់ ដើម្បីកសាងសុភមង្គលរួមគ្នានោះទេ ខណៈដែលនាងក៏កំពុងមើលចិត្តបុរសៗដែលប៉ងចង់បាននាងជាដៃគូជីវិតពិតប្រាកដផងដែរ។
ចាប់តាំងពីទាញបានភាពល្បីល្បាញនៅក្នុងសង្គមសិល្បៈ សុខ ពិសី ល្បីមានបុរសចម្រុះឋានៈជាច្រើនតាមចោមស្នេហ៍ មានទាំងមន្ត្រីធំ អ្នកជំនួញ ឧកញ៉ា កូនឧកញ៉ា និងថៅកែផលិតកម្មជាដើម។ ប៉ុន្តែយ៉ាងណា ពិសី អះអាងថា ក្នុងដំណាក់កាលនេះ នាងពុំទាន់មានដៃគូស្នេហាពិតប្រាកដទេ ហើយពេលជួបបុរសល្អដែលអាចកសាងសុភមង្គលជាមួយនាងបាន នាងនឹងលាតត្រដាងជាចំហ។
ចំពោះអាជីពសិល្បៈ ពិសី នៅតែអះអាងថា នាងគ្មានការបារម្ភខ្លាចស្រុតចុះការគាំទ្រ ក្រោយលែងបានចាប់ដៃគូច្រៀងជាមួយខេមរៈ សិរីមន្ត នោះទេ។ ពោលគឺនៅសាន់ដេ នាងមានដៃគូច្រៀងជាច្រើនទៀត ដែលអាចដណ្តើមការគាំទ្រលើវិថីចម្រៀងបន្តទៀតបាន ខណៈដែលនាងកំពុងត្រៀមចេញបទថ្មីៗជាបន្តបន្ទាប់ទៀត៕