លី ម៉ារីណា ដែលវិលមកអុកឡុកអាជីពចាស់សាជាថ្មីនោះ មានទ្រព្យយ៉ាងសម្បើម ដែលមិនអាចតារាណាអាចប្រជែងជាមួយបានឡើយ ព្រោះពាក់គ្រឿងអលង្ការទាំងឈុតៗ និងជិះរថយន្ត Lexus LX570 តម្លៃជិត២០ម៉ឺនដុល្លារ ដែលធ្វើឱ្យគេសង្ស័យថា មានគូស្នេហ៍ថ្មីនៅក្រោយខ្នង ទើបធ្វើឱ្យប្តីនាង លោកសាត ចាន់ថន ឆ្លេឆ្លាចុះមកពីអាមេរិក ជាបន្ទាន់ ដើម្បីការពារប្រពន្ធ…។
លី ម៉ារីណា នៅតែមានសម្រស់មិនចាញ់កាលនៅក្រមុំឡើយ ដោយគ្រប់កម្មវិធីដែលនាងបង្ហាញខ្លួនទាំងអស់ កាលពីពេលថ្មីៗនេះ គឺអ្នកនាងតែងលេងឈុតបញ្ចោញសាច់ខ្នងឱ្យឃើញសខ្ចីជានិច្ច ដែលធ្វើឱ្យប្រុសៗទាំងក្មេងទាំងចាស់គ្រឺតក្នាញ់ និងចង់ប៉ះអង្អែលសាច់ដូចបណ្តូលចេករបស់នាងជាខ្លាំង បើទោះបីជាស្វាមីនាងនៅតាមការពារយ៉ាងស្អិតគ្រប់ជំហានក៏ដោយ។
ការលេងស្ទីលថ្មីរបស់លី ម៉ារីណា ដោយមិនដែលពាក់អាវបាំងសាច់ខ្នងនេះ បន្ទាប់ពីនាងកាន់តែមានជីវភាពហ៊ឺហាដល់កំពូលពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការពាក់គ្រឿងអលង្ការជាពេជ្រទាំងឈុតៗ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ហើយជិះរថយន្ត Lexus LX570 ស៊េរីឆ្នាំ២០១៥ តម្លៃជាង១៨ម៉ឺនដុល្លារ ដែលធ្វើឱ្យមជ្ឈដ្ឋានមហាជនជាច្រើន រួមទាំងក្នុងចង្កោមអ្នកសិល្បៈផង ស្ញប់ស្ញែងម៉ារីណា កាន់តែខ្លាំង ព្រោះថា ពេលនេះនាងមានទ្រព្យមិនចាញ់សេដ្ឋិនីឡើយ។ ទន្ទឹមនឹងនេះ ក៏មានការសង្ស័យថា លី ម៉ារីណា អាចមានជំនួយពីប្រុសណាម្នាក់ដែលជាសេដ្ឋីមិនខាន ព្រោះអំឡុងពេលដែលនាងមានទ្រព្យកាន់តែច្រើននេះ ស្វាមីនាង លោកសាត ចាន់ថន មិននៅក្បែរកាយានាងឡើយ ព្រោះជាប់ធ្វើការនៅអាមេរិក។
ប៉ុន្តែ យ៉ាងណា ក្រោយមានដំណឹងល្ហិចល្ហៀងថា លី ម៉ារីណា មានប្រុសអ្នកមានក្នុងស្រុកតាមឆ្វែលស្នេហ៍កាន់តែច្រើននោះ ស្រាប់តែធ្វើឱ្យប្តីនាងភ័យខ្លាចគេឆក់ភរិយាទៅបាត់ ក៏ប្រញាប់ចុះមកស្រុកខ្មែរ តាមការពារប្រពន្ធ ដោយអន្ទះសា។
ប្រភពបានឱ្យដឹងថា លោកចាន់ថន ដឹងថា ភរិយាលោកនៅតែមានមន្តស្នេហ៍មិនធម្មតាទេ ទោះជាមានកូន១ទៅហើយក្តី តែអ្នកធំៗនៅតែស្រលាញ់ អ៊ីចឹងទើបលោកបោះចោលការរកស៊ីមួយចំនួននៅអាមេរិក ដើម្បីមកជិតប្រាណប្រពន្ធសាច់សខ្ចីសំឡីនេះសិន កុំឱ្យមានគេតាមឆ្វែលខ្លាំងពេក។
លី ម៉ារីណា បានបណ្តើរប្តីទៅចូលរួមមង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា ហើយលេងឈុតពិសេសដូចនឹងការចូលរួមមង្គលការសុគន្ធ និសា ផងដែរ គឺចំហឱ្យឃើញសាច់ខ្នងទាំងអស់ ដែលសខ្ចីឡើងចាំងផ្លាតតែម្តង។
តារាស្រីៗមួយចំនួនមិនហ៊ានឈរជិតម៉ារីណា ឡើយ ព្រោះថា ខ្លាចចាញ់សម្រស់ ស្បែកសាច់ម៉ារីណា ខ្លាំងពេក ខណៈដែលស្វាមីម៉ារីណា ពេញចិត្តខ្លាំង ហើយលោកចាន់ថន មិនដែលហាមឃាត់ ឬហួងហែងរឿងភរិយាបញ្ចោញភាពសិចស៊ីនោះឡើយ។
ប្រភពពីតារាដែលស្និទ្ធម៉ារីណា បានបង្ហើបឱ្យដឹងថា ការដែលតារាកូន១រូបនេះ លេងខ្លួនខ្លាំងជាងកាលនៅក្រមុំបែបនេះ គឺដោយសារតែនាងគិតថា នាងមានប្តីទៅហើយ អ៊ីចឹងមិនភ័យព្រួយខ្លាចគេតាមញ៉ែទៀតទេ អ៊ីចឹងមានអីត្រូវតែបញ្ចោញ តែដឹងអី! ស្រាប់តែពេលនេះ ធ្វើឱ្យមន្ត្រីធំៗ និងលោកឧកញ៉ាៗ ជ្រួលជ្រើមស្នេហ៍ខ្លាំងជាងកាលនៅក្រមុំទៅទៀត ហើយអ្នកដែលភ័យដេកបុកពោះរហូតនោះ គឺលោកសាត ចាន់ថន ដែលឆ្លេឆ្លារហូតហោះពីអាមេរិក មកសម្ងំនៅស្រុកខ្មែរ ការពារប្រពន្ធពីក្រុមអ្នកតាមស្នេហ៍ប្រពន្ធ ព្រោះឈ្លក់នឹងសម្រស់ស្បែកសាច់ដ៏រលើបរលោងម៉ដ្ឋខៃសខ្ចីនោះ។
លី ម៉ារីណា ដែលមុននេះផ្ទុះរឿងត្រូវភរិយាលោកផ្កាយ៣ម្នាក់ព្រមាន ដោយចោទថា ទាក់ទងប្តីគាត់នោះ នាងបានដឹកដៃលោកសាត ចាន់ថន អាណិកជនខ្មែរ នៅអាមេរិក ចូលរោងការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ហើយភ្លាមៗនោះ នាងបានចេញទៅរស់នៅតាមប្តីអស់៣ឆ្នាំ ដោយទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះសាត ថៃសាន់ អាយុជាង៣ឆ្នាំ ទើបនាងវិលចូលស្រុកវិញ កាលពីឆ្នាំ២០១៦។
ពេលនេះ ម៉ារីណា បានវិលមករកអាជីពចាស់ ដោយសម្ងំថតភាពយន្តភាគ២រឿង ឱ្យទូរទស្សន៍ហង្សមាស គឺរឿង “រាជិនីភូមិគ្រឹះ” និងរឿង “កូនពស់កេងកង” ដោយស្វាមីនាងបានបើកដៃឱ្យលេងសិល្បៈពេញទំហឹងវិញ។
ប្រភពបានឱ្យដឹងថា អ្នកដឹកនាំសម្តែងផលិតកម្មរស្មីហង្សមាស ពេញចិត្តម៉ារីណា ខ្លាំង ហើយគេក៏បន្តឱ្យនាងសម្តែងរឿងភាគក្រោយៗទៀតរបស់ទូរទស្សន៍ នេះដែរ តែមិនមែនជាតួឯកឡើយ គឺជាតួម្តាយ។
មានការកត់សម្គាល់ដែរថា ក្រៅពីលី ម៉ារីណា តារាដែលមានប្តីទៅរស់នៅអាមេរិក ហើយត្រឡប់មកចូលសិល្បៈវិញនោះ ក៏មានអ្នកនាងអម្ពរ ទេវី និងសារ៉ាយ សក្ខណា ដែរ តែអ្នកនាងគឹម លក្ខិណា និងវ៉េត រតនា កំពុងរស់នៅជាមួយប្តី មិនចូលសិល្បៈសាជាថ្មីទៀតឡើយ។
លី ម៉ារីណា ក្រៅពីបន្តអាជីពសិល្បៈនោះ នាងនិងស្វាមីក៏រកស៊ីខាងទទួលបញ្ញើអីវ៉ាន់ពីក្រៅប្រទេស ចូលមកក្នុងស្រុកដែរ ទើបធ្វើឱ្យស្វាមីនាងរត់ចុះឡើងៗ មិនបាននៅជាមួយនាងបានជាប្រចាំឡើយ ដែលធ្វើឱ្យប្រុសៗសម្បូរទ្រព្យ ចេះតែតាមចង់ឆ្មក់ស្នេហ៍តារាកូន១រូបនេះ ហើយចុងក្រោយនេះ ម៉ារីណា បែរជាសម្ញែងទ្រព្យកាន់តែហ៊ឺហាទៅៗទៀត ធ្វើឱ្យមានការសង្ស័យថា អ្នកនាងមានបុរសថ្មីចូលជ្រែកស្នេហ៍ និងជាអ្នកនៅក្រោយខ្នងនៃភាពហ៊ឺហា រហូតធ្វើឱ្យប្តីនាងភ័យបារម្ភ ខំរត់ឆ្លេឆ្លាមកតាមឃ្វាលនាងដល់ស្រុកខ្មែរ…៕