Saturday, November 16, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត ច្រៀងបទ "ស្ទឹងត្រែងបងអើយ" ទទួលកាដូ៣មុឺនដុល្លារ ពីប្រមុខរាជរដ្ឋាភិបាល

ខេមរៈ សិរីមន្ត ច្រៀងបទ “ស្ទឹងត្រែងបងអើយ” ទទួលកាដូ៣មុឺនដុល្លារ ពីប្រមុខរាជរដ្ឋាភិបាល

បទ “ស្ទឹងត្រែងបងអើយ” ដែលជាចម្រៀងបើកឆាកលើកដំបូងរបស់ខេមរៈ សិរីមន្ត នៅថាសចម្រៀងផលិតកម្មរស្មីហង្សមាស នោះ ត្រូវបានគេចាប់អារម្មណ៍ច្រើន ព្រោះចំហេតុការណ៍ដែលកើតឡើងនៅព្រំដែនកម្ពុជា-ឡាវ។

ប្រភពបានឱ្យដឹងថា គ្រាន់តែសិរីមន្ត ច្រៀង១បទនេះ គឺបានកាដូលើកទឹកចិត្តមិនក្រោម៣ម៉ឺនដុល្លារឡើយ ពីប្រមុខរាជរដ្ឋាភិបាល…។

ម្ចាស់បទ “ ស្ទឹងត្រែងបងអើយ” ខេមរៈ សិរីមន្ត ត្រូវបានប្រភពដែលស្និទ្ធនឹងអ្នកចម្រៀងល្បីឈ្មោះរូបនេះ បានបង្ហើបឱ្យដឹងថា គ្រាន់តែច្រៀង1បទនេះ បើកឆាក គឺអតីតតារាចម្រៀងល្បីរបស់ផលិតកម្មសាន់ដេ រូបនេះ ទទួលបានកាដូលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល នូវទឹកប្រាក់មិនក្រោម 3ម៉ឺនដុល្លារឡើយ។

ព័ត៌មានបានឱ្យដឹងទៀតថា ដោយសារតែបទនេះ មានអត្ថន័យល្អ បង្ហាញពីទីតាំងភូមិសាស្ត្រខេត្តស្ទឹងត្រែង ជារបស់ខ្មែរ ចំពេលដែលកងទ័ពឡាវឈ្លានពានចូលមកទឹកដីកម្ពុជា តំបន់អូរអាឡៃ កាលពីចុងឆ្នាំ2017 នោះ ទើបធ្វើឱ្យប្រមុខរដ្ឋាភិបាល មានការពេញចិត្តមិនត្រឹមតែទៅលើតារាចម្រៀងម្ចាស់បទនេះ ខេមរៈ សិរីមន្ត នោះទេ តែអ្នកនិពន្ធបទនេះដែលជាបងប្រុសសិរីមន្ត គឺលោកខេមរៈ ភារុណ នោះ ក៏បានទទួលនូវការលើកទឹកចិត្តដូចគ្នាដែរនោះ គឺជាទឹកប្រាក់សុទ្ធតែម្តង។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ ខេមរៈ សិរីមន្ត ថា ពិតជាមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំមែន តែលោកសុំមិននិយាថា ជាទឹកប្រាក់ប៉ុន្មាននោះឡើយ។

តារាចម្រៀងដែលខ្លាំងជាងគេកាលនៅសាន់ដេ នោះ ប្រាប់ថា“បទ “ស្ទឹងត្រែងបងអើយ” នេះ គឺមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំមែន ព្រោះបទនេះមានអត្ថន័យល្អ។ ថ្នាក់ដឹកនាំគាត់មានការលើកទឹកចិត្តយើងក្នុងការច្រៀងបទនេះ ហើយគាត់ក៏បានផ្តល់ជាថវិកាមួយចំនួន ដើម្បីជាការលើកទឹកចិត្តផងដែរ”។

នេះមិនមែនជាលើកទី1ឡើយ សម្រាប់តារាចម្រៀងខេមរៈ សិរីមន្ត ដែលធ្លាប់ច្រៀងបទចម្រៀងទទួលបានការសរសើរ និងមានការលើកទឹកចិត្តពីប្រមុខរដ្ឋាភិបាលនោះ។ កាលពីឆ្នាំមុន នៅពេលដែលសិរីមន្ត ជ្រកកោននៅផលិតកម្មសាន់ដេ នោះ តារាចម្រៀងរូបនេះក៏ធ្លាប់ទទួលបានការសរសើរពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ នៅពេលដែលរូបគេច្រៀងបទ “ព្រះវិហារសាក្សីស្នេហ៍” គឺចំពេលដែលប្រាសាទព្រះវិហារ ត្រូវកងទ័ពសៀម ចូលមកឈ្លានពាននោះ ដែលការលើកទឹកចិត្តនោះហើយធ្វើឱ្យលោកសិរីមន្ត កាន់តែឡើងកូដថែមទៀត។

ទោះជាយ៉ាងណា មហាជនជាច្រើនបានលើកឡើងថា តាំងពីលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត រើបង្វេចចេញពីសាន់ដេ ទៅផ្ញើខ្លួននៅទ្រនំថ្មីហង្សមាស មក អ្នកចម្រៀងល្បីរូបនេះ គឺមិនទាន់មានសន្ទុះផ្ទុះខ្លាំងដូចមុនឡើយ បើទោះជាមានបទចម្រៀងចេញជាបន្តបន្ទាប់ក្តី។ ដោយឡែក បណ្តាតារាចម្រៀងនៅតាមវង់តន្ត្រីប្រចាំហាងល្បីៗនៅរាជធានីភ្នំពេញ បាននិយាយដូចគ្នាថា រាប់តាំងពីសិរីមន្ត ឈានជើងចូលទៅហង្សមាស នោះមក បទចម្រៀងរបស់សិរីមន្ត កម្រនឹងមានការសំណូមពរ និងមានគេយកឡើងច្រៀងណាស់ ដែលរឿងនេះធ្វើឱ្យមានអ្នកខ្លះលើកឡើងថា សិរីមន្ត អាចលែងល្បីខ្លាំងជាងនេះទៀតហើយ គេលែងឡើងទៀតតែម្តង។ ប៉ុន្តែយ៉ាងណា សិរីមន្ត នៅតែបន្តលេចមុខតាមកម្មវិធីប្រគំតន្ត្រីធំៗរបស់ហង្សមាស ជានិច្ច ជាមួយតម្លៃខ្លួនច្រៀងនៅតែស្ថិតក្នុងចំណោមតារាខ្លាំងៗដដែល គឺ3ពាន់ដុល្លារ ក្នុង១កម្មវិធី។ ចំណែកការឡើងច្រៀងនៅឆាកតន្ត្រី “ខារ៉ាបាវ Spark Concert 2018” របស់ប៉ុស្តិ៍លេខ5 កាលពីពេលថ្មីៗនេះ សិរីមន្ត បានលេងក្បាច់រាំឡើងរង្គើឆាក ហើយអតីតអ្នកចម្រៀងផលិតកម្ម U2 និងសាន់ដេ រូបនេះ បានយកបទថ្មីរបស់ខ្លួននៅហង្សមាស ទាំងអស់ច្រៀងឃោសនា ដូចជាបទ “ស្ទឹងត្រែងបងអើយ”, “បុរសទឹក10”, “ក្បាច់ពស់” និងបទ “បទចឹងៗ អីវ៉ិនអ្នកណាមិនរាំ”។ ប៉ុន្តែ នៅពេលដែលមានក្រុមអ្នកគាំទ្រ (Fan) ឡើង Selfie និងច្រៀងចម្រៀងដែលគេពេញចិត្តបទសិរីមន្ត នោះ ពួកគេបែរជាលើកយកបទចាស់របស់សិរីមន្ត នៅសាន់ដេ ទាំងអស់ ឡើងច្រៀងទៅវិញ ដូចជាបទ “រលឹមស្រិច” ជាដើម ដែលធ្វើឱ្យសិរីមន្ត មានការភ្ញាក់ផ្អើលខ្លាំងដែរ។

ខេមរៈ សិរីមន្ត ដែលជាប់ Concert ឱ្យរដឹក នៅហង្សមាស នោះ បានហោះទៅច្រៀងរាំនៅប្រទេសកូរ៉េ 2ថ្ងៃនោះ កាលពីថ្ងៃទី15-16 ខែ កុម្ភៗ ដោយប៉ះជាមួយ មាស សុខសោភា យូរី និង លោកខេម។

ខេមរៈ សិរីមន្ត បញ្ជាក់ថា “ខ្ញុំទៅកូរ៉េ2ថ្ងៃ ដោយយកក្រុមរាំទៅ2នាក់ និងជំនួយការខ្ញុំ ម្នាក់ដែរ។ រាល់ថ្ងៃ ខ្ញុំជាប់ច្រៀង Concert ច្រើននៅតាមខេត្ត”។

ទស្សនិកជនរង់ចាំមើលថា ការក្លាយខ្លួនទៅជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស របស់ខេមរៈ សិរីមន្ត នៅពេលនេះ នឹងធ្វើឱ្យអ្នកចម្រៀងរូបនេះ គ្រាន់តែជាតួរងព្រាប សុវត្ថិ ឬក៏សិរីមន្ត នឹងអាចផ្ទុះខ្លាំងដូចមុនវិញ នាពេលដ៏ខ្លីនេះ ខណៈដែលអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកនូ ស៊ិប យល់ថា សិរីមន្ត ចូលហង្សមាស ជារឿងនយោបាយ។

អំឡុងទីផ្សារចម្រៀងនៅហង្សមាស របស់ខេមរៈ សិរីមន្ត កាន់តែមានការប្រុងប្រយ័ត្នខ្ពស់នោះ តារាចម្រៀងដែលល្បីថា មានប្រពន្ធ និងកូនប្រុស2នាក់នេះ មិនដែលលាតត្រដាងរឿងស្នេហាឡើយ ដោយនៅតែជិះរថយន្តទំនើប Lexus LX570 ពណ៌ខ្មៅ ស៊េរីឆ្នាំ2010 តម្លៃជិត10ម៉ឺនដុល្លារ ដោយមានអង្គរក្សជាអ្នកកាន់ចង្កូតនោះ យ៉ាងហ៊ឺហាដដែល ទើបធ្វើឱ្យក្រមុំៗនៅតែជ្រួលជ្រើមចាប់ឱបថើបលោកប៊ុនថៃ៕

RELATED ARTICLES