Saturday, November 16, 2024
Homeតារាខ្មែរមាស សុខសោភា អ្នកទស្សនានៅកូរ៉េ រាប់ពាន់នាក់ ជូនកាដូ និងចោមរោមថតស្ទើរដកខ្លួនមិនរួច

មាស សុខសោភា អ្នកទស្សនានៅកូរ៉េ រាប់ពាន់នាក់ ជូនកាដូ និងចោមរោមថតស្ទើរដកខ្លួនមិនរួច

មាស សុខសោភា , ខេមរៈ សិរីមន្ដ , ខេម និងយូរី បានធ្វើឲ្យរង្គើឆាកតន្ដ្រីនៅប្រទេសកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្ដីអចលនទ្រព្យ ដែលបានសម្ដែងកាលពីថ្ងៃទី១៦ ដល់១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាន់អាន់ និងក្វាងជូ នោះ មានអ្នកទស្សនារាប់ពាន់នាក់ចូលរួមយ៉ាងកុះករ ហើយបើទោះជាអាកាសធាតុត្រជាក់ខ្លាំង រហូតដល់រួញដៃរួញជើងក្ដី។

តារាល្បីៗខាងលើនេះ បានវិលត្រឡប់មកដល់ស្រុកកំណើតវិញ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដោយម្នាក់ៗសប្បាយចិត្តក្រៃលែង ព្រោះថាបានជោគជ័យដូចដែលបានរំពឹងទុក ខណៈដែលមាស សុខសោភា ,ខេមរៈ សិរីមន្ដ និងខេម ទទួលបានការស្វាគន៍ពីបងប្អូនពលករខ្មែរនៅទីនោះ ដោយពួកគេចោមរោមថតរូបស្ទើរតែមិនអាចរើខ្លួនរួចឡើយ។

គេចាប់អារម្មណ៍ផងដែរថា តារាចម្រៀងស្រីល្បីល្បាញរបស់ផលិតកម្មថោន និង Camtrax មាស សុខសោភា ទទួលបានការគាំទ្រច្រើនក្នុងព្រឹត្តិការណ៍នោះ ពិសេសមានបុរសៗបានជូនកាដូ បាច់ផ្កា និងប្រាក់កូរ៉េមួយចំនួនផងដែរ ទើបធ្វើឲ្យសោភា រីករាយជាខ្លាំង ព្រោះថានាងមានអ្នកគាំទ្រនៅក្រៅប្រទេស មិនចាញ់អ្នកនៅក្នុងស្រុកខ្មែរឡើយ។

ប្រភពបានឲ្យដឹងថា បុរសដែលលង់និងទឹកដមសំឡេងមាស សុខសោភា នោះ គ្រាន់តែសុំធ្វើជាអ្នកគាំទ្រ (Fan) ធម្មតាៗប៉ុណ្ណោះ មិនហ៊ានសុំស្នេហាអ្នកចម្រៀងល្បីរូបនេះទេ ព្រោះតែគេដឹងថា នាងមានម្ចាស់ចិត្តរួចទៅហើយ គឺលោកដុកទ័រ អ៊ឹត រ៉ាដា ហេតុនេះហើយបានជាពួកគេហៅសោភា ថាជា Idol ។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយសម្រាប់មាស សុខសោភា ដែលបានចេញទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងរកមូលនិធិជួយដល់មូលនីធិមន្ទីពេទ្យគន្ធបុប្ផា ហើយអ្នកចម្រៀងរូបនេះថា ទោះជាមានភាពរវល់ខ្លាំងយ៉ាងណា ក៏នាងនៅតែស្វាគមន៍ចំពោះកម្មវិធីសប្បុរសធម៌ទាំងឡាយ ដែលអាចធ្វើទៅបាន ព្រោះថាមុននឹងក្លាយទៅជាអ្នកចម្រៀងល្បី ដែលមានតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃជិត៣ពាន់ដុល្លារនេះ សោភា ក៏ធ្លាប់ជួបប្រវត្តិកម្សត់ធ្វើការជាអ្នករត់តុនៅសណ្ឋាគារវ៉ាស៊ីនតោន ដែលបានប្រាក់ខែត្រឹម៧០ដុល្លារ ក្នុង១ខែ ។ អីចឹងហើយសោភា នៅតែមានអារម្មណ៍ដិតដាមចំពោះកុមារដែលមានជីវភាពក្រខ្សត់ ខ្វះថវិកាព្យាបាលជំងឺ អីចឹងហើយបានជានាងតែងទៅច្រៀងកម្មវិធីសប្បុរសធម៌ផ្សេងៗ ដែលទាក់ទងការប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នេះ ហើយសកម្មភាពទាំងនេះ សោភា ត្រូវបានស្វាមីមិនទាន់រៀបការ លោករ៉ាដា គាំទ្រយ៉ាងពេញទំហឹងតែម្ដង៕

RELATED ARTICLES