ថ្មីៗនេះ តារាសម្ដែងរូបសង្ហាពីររូប គឺលោកឈួន ពន្លឺ និងលោកវ៉ាងសាន់ បានលេចធ្លាយរូបភាពសំពះផ្ទឹមសែនចងដៃផ្អើលសង្គមហ្វេសប៊ុក ដែលនាំឲ្យមានការសង្ស័យថា ពួកគេស្រលាញ់ភេទដូចគ្នា ទើបសម្រេចចិត្តសែនព្រេនរួមរស់ជាមួយគ្នា។ ប៉ុន្តែយ៉ាងណា ពួកគេបានប្រកែកទំនាក់ទំនងស្រលាញ់ភេទដូចគ្នា។
លោកឈួន ពន្លឺ ត្រូវគេដឹងថា មានទំនាក់ទំនងស្អិតល្មួតជាមួយលោកវ៉ាងសាន់ មួយរយៈធំមកហើយ ហើយខណៈដែលលោកពន្លឺ ទើបបែកស្នេហ៍ពីកញ្ញាសោភា ទេពី និងប្រកាសលែងស្នេហ៍មនុស្សស្រីមួយរយៈផងនោះ ស្រាប់តែមកសំពះផ្ទឹមជាមួយគ្នា ប្រៀបដូចជាពិធីសែនព្រេនបង្ករការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឲ្យមានការសង្ស័យថា ពួកគេបានបង្កាត់ភ្លើងស្នេហ៍ និងចង់រស់នៅជាមួយគ្នាដោយបើកចំហ។
ពាក់ព័ន្ធនឹងដំណឹងនេះ ទាំងលោកឈួន ពន្លឺ និងលោកវ៉ាងសាន់ បានសម្ដែងការខកចិត្តជាខ្លាំង ខណៈដែលអ្នកទាំង២គិតថា ដំណឹងនេះធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ពួកគេ។
លោកវ៉ាងសាន់ បានថ្លែងឲ្យដឹងថា “តាមពិត ទិដ្ឋភាពសំពះផ្ទឹមរវាងលោកជាមួយលោកពន្លឺ នោះ គឺគ្រាន់តែជាការតម្រូវរបស់លោកតាអាចារ្យនៅក្នុងថ្ងៃដែលលោកសូត្រមន្តសម្ពោធហាងរួមគ្នាលើករាសីតែប៉ុណ្ណោះ”។ លោកថា លោកពុំបានចាប់អារម្មណ៍និងមិននឹងស្មានថា រូបភាពទាំងនោះទាញបានការចាប់អារម្មណ៍បែបនោះទេ ត្បិតអីលោកនិងពន្លឺ គ្រាន់តែមិត្តភក្ដិនិងជាដៃគូរកស៊ីរួមគ្នាតែប៉ុណ្ណោះ។
រីឯលោកពន្លឺ ក៏បានអះអាងដែរថា “រវាងលោកនិងដៃគូ មិនអាចក្លាយជាតារាស្រឡាញ់ភេទដូចគ្នានោះទេ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គឺមិនអាចជាដាច់ខាត គឺគ្រាន់តែជាដៃគូរកស៊ីតែប៉ុណ្ណោះ ព្រោះអារម្មណ៍របស់លោកស្រលាញ់ស្រីៗតែប៉ុណ្ណោះ”។ លោកថា ហាងដែលមានយីហោឈ្មោះ ”ភោជនីយដ្ឋានសាន់ ឡាយ” គឺបានផ្គុំឡើងដោយឈ្មោះរបស់ពួកគេទាំងពីរដែលមានទីតាំងនៅម្ដុំទួលទំពូង ផ្ទះលេខ៣២A ផ្លូវលេខ៤០៨ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែលហាងរបស់លោកមានលក់អាហារពេលព្រឹក អាហារកុម្មង់ពេលថ្ងៃត្រង់ ពេលរសៀល និងមានលក់គ្រឿងក្លែមគ្រប់មុខ មួយយប់ទល់ភ្លឺតែម្ដង។
លោកពន្លឺ បន្តថា “ហាងរបស់លោកគ្រោងបើកសម្ភោធជាទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះផងដែរ ហើយលោកមិនខ្វល់ពីការយល់ច្រឡំពីមជ្ឈដ្ឋានមួយចំនួននោះទេ អ្វីដែលសំខាន់លោកកំពុងតែប្រឹងប្រែងពង្រឹងលើមុខជំនួញថ្មីមួយនេះ”៕