ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសឈាមរាវម្នាក់ ទើបនឹងមានអាយុ១៤ឆ្នាំសោះ បែរជាវក់នឹងរឿងអាសអាភាស រហូតដល់ធ្វើសកម្មភាពចាប់បង្ខំគំរាមក្មេងស្រីម្នាក់ ឱ្យលេងនិងបៀមប្រដាប់ភេទរបស់ខ្លួន រួចចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេច២ដង លុះក្មេងស្រីរងគ្រោះទម្លាយរឿងរ៉ាវប្រាប់ម្តាយ ក៏ត្រូវម្តាយនាំទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនក្មេងប្រុសជាជនសង្ស័យបាន កាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។
ក្មេងប្រុសឈាមរាវជាជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរួន បូរុម អាយុ១៤ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាត្រពាំងរំដេញ និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះឃ.ស.ឃ អាយុ៧ឆ្នាំ រៀនថ្នាក់ទី១នៃ សាលាបឋមសិក្សាត្រពាំងរំដេញ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ (មិនចាំថ្ងៃខែច្បាស់) ជនសង្ស័យខាងលើ ធ្លាប់បានធ្វើសកម្មភាពចាប់រំលោភនាង រហូតដល់បានសម្រេចដល់ទៅ២ដង នៅចំណុចអូរខាងត្បូងស្ពានគង្គាម ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ។ មិនតែប៉ុណ្ណោះ នៅមុនពេលរំលោភនាងម្តងៗ ជនសង្ស័យបានបង្ខំ គំរាមឱ្យនាងលេង និងបៀមប្រដាប់ភេទរបស់គេទៀតផង ព្រមទាំងបានគំរាមថានឹងសម្លាប់នាងចោល ប្រសិនបើនាងនិយាយរឿងនេះឱ្យអ្នកណាម្នាក់បានដឹង ទើបធ្វើឱ្យនាងភ័យខ្លាចជនសង្ស័យសម្លាប់ចោល ក៏ចេះតែទ្រាំលាក់បាំងរហូតមក។ តែក្រោយមក ដោយទ្រាំមិនបាន នាងក៏បានទម្លាយរឿងនេះប្រាប់ឪពុកម្តាយ ហើយក៏ត្រូវឪពុកម្តាយនាំនាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ឱ្យជួយអន្តរាគមន៍តែម្តង។
លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីឪពុករបស់ក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច។
នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសជាជនសង្ស័យឈ្មោះរួន បូរុម បានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេចចំនួន២ដងមែន និងធ្លាប់បង្ខំ គំរាមឱ្យក្មេងស្រីរងគ្រោះលេង និងបៀមប្រដាប់ភេទរបស់ខ្លួនទៀតផង។ ចំណែកមូលហេតុដែលរូបគេហ៊ានប្រព្រឹត្តអំពើបែបនេះ គឺដោយសារតែរូបគេធ្លាប់មើលរឿងអាសអាភាសតាមទូរស័ព្ទជាញឹកញាប់ ទើបនឹកចង់ប្រព្រឹត្តតាម។
លោកអធិការស្រុកក្រគរ បានបញ្ជាក់ប្រាប់ថា ការចាប់ខ្លួនក្មេងប្រុសជាជនសង្ស័យខាងលើនេះ គឺមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ហើយពេលនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់អធិការនគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕