ចាត់ទុកថាជាមោទនភាពមួយដែលតារាសម្ដែង និងពិធីការិនី ឌួង ហ្សូរីដា ត្រូវបានគ្លីនិកធ្មេញល្បីឈ្មោះមួយនៅប្រទេសថៃ ជ្រើសរើសនាងជាទូតសុឆន្ទៈ (Brand Ambassador) តំណាងឲ្យកម្ពុជា ដោយបានចុះកុងត្រារយៈពេល១ឆ្នាំ ជាមួយតម្លៃខ្លួនជាង១ម៉ឺនដុល្លារ កាលពីពេលថ្មីៗនេះ។
ឌួង ហ្សូរីដា ក៏ទទួលបានការធ្វើធ្មេញឲ្យសស្អាតដូចធម្មជាតិ ប្រកបដោយសុវត្ថិភាព ដោយ Verner (ប្រើគ្រាប់ធ្មេញសេរ៉ាម៉ិច) ដែលទើបបានធ្វើហើយ បើគិតជាប្រាក់អស់ជាង១ម៉ឺនដុល្លារ ព្រោះ១គ្រាប់ មានតម្លៃ១៤,០០០បាត ស្មើនឹង437,5ដុល្លារ ហើយចំនួន២០គ្រាប់លើក្រោម អស់ជាង៨៧៥០បាត។
ឌួង ហ្សូរីដា បានឲ្យដឹងថា “នាងសប្បាយចិត្ត ព្រោះថានាងត្រូវបានជ្រើសជាតារាខ្មែរទី១ ក្នុងកម្មវិធី ”The Key” ដោយមានការកុងត្រា១ឆ្នាំ ដើម្បីផ្សព្វផ្សាយឲ្យពេទ្យធ្មេញ LDC Dental Clinic ដ៏ល្បីនៅប្រទេសថៃ ដែលមាន៣១សាខាទូទាំងប្រទេស”។
ពិធីការិនីរូបនេះថ្លែងថា ”ខ្ញុំសប្បាយចិត្តដែលត្រូវបាន LDC ជ្រើសរើសខ្ញុំធ្វើជា BA ព្រោះទោះជាធ្មេញខ្ញុំស្អាតពីកំណើតក្ដី តែពែលនេះខ្ញុំជាតារាទី១ហើយដែលបានទទួលសេវាកម្មថែទាំធ្មេញពីLDC។ រាល់ការចំណាយកែសម្ផស្សមាត់ធ្មេញនេះ គឺខាង LDC Clinic មានគម្រោងថវិកាជាង១ម៉ឺនដុល្លារ សម្រាប់តារាតំណាងឲ្យប្រទេសនីមួយៗ បានកែសម្រស់ ហើយថែមទាំងបានកញ្ចប់ថវិកាប្រហែលជាង១ម៉ឺនដុល្លារ សម្រាប់ការកុងត្រារយៈពេល១ឆ្នាំនេះផងដែរ”។
ក្រៅពីទទួលបានថវិកាជាង១ម៉ឺនដុល្លារ ក្នុងការកុងត្រា១ឆ្នាំ និងការធ្វើធ្មេញឲ្យសស្អាតប្រកបដោយសុវត្ថិភាព Verner ដែលមានតម្លៃជាង១ម៉ឺនដុល្លារថែមទៀតនោះ ក្នុងនាមជា BA ពិធីការិនីរូបនេះក៏បានឲ្យដឹងដែរថា រាល់ការចំណាយផ្សេងៗក្នុងពេលថតកម្មវិធីនៅថៃ ជាការចំណាយរបស់ LDC Dental Clinic ទាំងអស់។ គេក៏ឃើញមានតារាស្រីស្អាតតំណាងឲ្យ៤ប្រទេសផ្សេងទៀតដែរ ដែលបានធ្វើជា BA ឲ្យ LDC នោះ គឺ កញ្ញា Truc Anh តំណាងឲ្យប្រទេសវៀតណាម, កញ្ញា Han Thi តំណាងឲ្យប្រទេសមីយ៉ាន់ម៉ា, កញ្ញា Xiewphing និង កញ្ញា Souda តំណាងឲ្យប្រទេសឡាវ ។
គួរបញ្ជាក់ថា មុនពេលក្លាយជា BA របស់ LDC នេះ ឌួង ហ្សូរីដា ស្រាប់តែប៉ះរឿងដ៏រសើបដោយត្រូវគេចោទថា នាងជាម៉ែយ៉ែមនាំតារាស្រីស្អាតៗឲ្យកូនអ្នកធំ។
ចំណែកប្រភពមួយទៀតបានឲ្យដឹងថា ក្រោយផ្ទុះរឿងអាស្រូវនេះ ហ្សូរីដា ត្រូវខាងប៉ុស្ដិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដកចេញទៀតផង ។
ឌួង ហ្សូរីដា មិនធ្វើអត្ថាធិប្បាយលើរឿងនេះឡើយ ដោយនាងនិយាយខ្លីថា ”ក្នុងចំណោមតារាស្រីដែលរងគ្រោះត្រូវគេចោទប្រកាន់នោះ គឺខ្ញុំហ្នឹងហើយជាអ្នកដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ មុនគេ។ ខ្ញុំឈឺចាប់ដែលឃើញរូបថតខ្ញុំត្រូវគេដាក់តាំងនៅណាហ្គា វើលដ៍ ហើយថាស៊ីថ្លៃប៉ុន្មាន? ឥឡូវពាក្យបណ្ដឹងខ្ញុំប្ដឹងម៉ែយ៉ែមនោះ គឺនៅក្រសួងមហាផ្ទៃ នៅឡើយ។ ខ្ញុំមិនចង់ធ្វើការបកស្រាយអីច្រើនទេ តែខ្ញុំចង់អហោសិកម្មឲ្យអ្នកដែលចោទខ្ញុំថាជាម៉ែយ៉ែមនេះ”។
ឌួង ហ្សូរីដា បានឲ្យដឹងដែរថា “ចំពោះរឿងដែលគេថា នាងត្រូវគេដកចេញពីតំណែងជាពិធីការិនីនៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ នោះ គឺមិនពិតឡើយ ព្រោះថានាងជាអ្នកសុំឈប់ដោយខ្លួនឯង ជិត១ឆ្នាំទៅហើយ ដោយសារតែរវល់ជាមួយហាងកាត់ដេ “ដាណាម៉ា” និងហាងនាំចូលផលិតផលរក្សាសម្រស់ពីកូរ៉េ “មុទិតា” ៕