Friday, January 31, 2025
Homeព័ត៌មានជាតិបុរសជើងខ្លាំង ខឹងប៉ូលិសផាក! ដៀលថា សូកអង្ករប៉ុន្មាន បានធ្វើប៉ូលិស​?

បុរសជើងខ្លាំង ខឹងប៉ូលិសផាក! ដៀលថា សូកអង្ករប៉ុន្មាន បានធ្វើប៉ូលិស​?

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូដោយពាក់មួកការពារសុវត្ថិភាពត្រឹមត្រូវ ប៉ុន្តែដាក់កញ្ចក់តូចកាច់ចុះទៅក្រោម ទើបសមត្ថកិច្ចកំពុងចុះអនុវត្តច្បាប់ចរាចរណ៍ បានឃាត់ ដើម្បីធ្វើការផាកពិន័យ ស្រាប់តែធ្វើឱ្យបុរសជាម្ចាស់ម៉ូតូច្រឡោតខឹងដាច់ក្បាលដាច់កន្ទុយ រហូតដល់ប្រើសម្តី ក្រអឺតក្រទម ដៀលសមត្ថកិច្ចថា តើសូកអង្ករប៉ុន្មានបេ ទើបបានចូលធ្វើប៉ូលិស?

ហេតុការណ៍បុរសជើងខ្លាំងដៀលត្មិះ មាក់ងាយសមត្ថកិច្ចកប់ៗមាត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បុរសជើងខ្លាំងដែលខឹងសម្បានឹងសមត្ថកិច្ចឃាត់ម៉ូតូផាកពិន័យ បែរជាដៀលសមត្ថកិច្ចយ៉ាងចាស់ដៃនេះ មានឈ្មោះអ៊ូ ហៃ អាយុ ៣១ឆ្នាំ មុខរបរលក់ដូរ។

តាមប្រភពពីសមត្ថកិច្ច បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានដាក់កម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍នៅចំណុចទីតាំងកើតហេតុខាងលើ។ លុះបន្តិចក្រោយមក ក៏លេចមុខបុរសជើងខ្លាំងខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-2050 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវវេងស្រេង ដោយមានពាក់មួកការពារសុវត្ថិភាពត្រឹមត្រូវ ប៉ុន្តែកញ្ចក់ដែលបំពាក់ជាប់នឹងម៉ូតូ មានទំហំតូចពណ៌ខ្មៅ ហើយថែមទាំងកាច់ចុះទៅក្រោមទៀតផង ពោលគឺស្មើនឹងការ បំពាក់កញ្ចក់មើលក្រោយដោយខុសបច្ចេកទេស ឬមិនមានកញ្ចក់មើលក្រោយ ដែលតម្រូវឱ្យសមត្ថកិច្ចសម្រេចឃាត់ ដើម្បីធ្វើការអប់រំ និងផាកពិន័យ។

ប្រភពដដែលបន្តថា ក្រោយពេលសមត្ថកិច្ចឃាត់ឱ្យឈប់ ស្រាប់តែបុរសខាងលើ បានបញ្ចេញចរិតឬកពារ កោងកាច ក្រអឺតក្រទម ប្រើសម្តីតឹងសរសៃកដាក់សមត្ថកិច្ចថា គ្មានច្បាប់ឯណា មកចាប់ម៉ូតូដាក់កញ្ចក់ចុះក្រោមនោះទេ លុះនិយាយរួច បុរសនេះ បានចាក់សោកម៉ូតូរបស់ខ្លួន រួចបិទសន្ទះសោ ហើយក៏ដើរចេញធ្វើព្រងើយ ពោលគឺធ្វើដូចសមត្ថកិច្ចមិនស្មើនឹងខ្លួន និងថែមទាំងបានប្រើសម្តីយ៉ាងខែងរែងថា សម្បត្តិ ត្រឹមម៉ូតូ១គ្រឿងដុតចោលក៏បានដែរ។

ប្រភពដដែលបន្តថា ដោយឃើញសភាពច្រឡោមខាមរបស់ជនខាងលើនេះ ទើបសមត្ថកិច្ចសម្រេចធ្វើលិខិតផាកពិន័យ ស្រាប់តែត្រូវជនខាងលើ ដៀលត្មិះសមត្ថកិច្ចថា យកអង្ករទៅសូកគេអស់ប៉ុន្មានបេ ទើបបានចូលធ្វើប៉ូលិស? យ៉ាងណាក្តី សមត្ថកិច្ចនៅតែប្រកាន់ចិត្តត្រជាក់ និងភាពថ្លៃថ្នូរ ដោយមិនតបត ឬយកកំហឹងទៅទល់កំហល់ជាមួយបុរសខាងលើនោះទេ និងបានលើកម៉ូតូដាក់លើរថយន្តដឹកទៅកាន់អធិការដ្ឋាននរគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យបុរសនោះចូលខ្លួនទៅដោះស្រាយការផាកពិន័យ និងទទួលយកម៉ូតូត្រឡប់ទៅវិញ។

ក្រោយពីបុរសខាងលើចូលទៅទទួលការផាកពិន័យនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក ខណ្ឌពោធិ៍សែនជ័យរួចហើយ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ដល់បុរសនោះថា ការចុះអនុវត្តច្បាប់ចរាចរណ៍នេះ មិនមែនធ្វើឡើងដោយចិត្តឯងនោះទេ គឺមានការបញ្ជាពីថ្នាក់លើត្រឹមត្រូវ ហើយក៏មិនមែនអនុត្តតែលើបុគ្គលណាមួយដែរ ពោលគឺអនុវត្តជាមួយនឹងបុគ្គលទូទៅ ដែលមិនគោរពច្បាប់ ក្នុងគោលបំណងដើម្បីការពារដល់អាយុជីវិតប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើដងផ្លូវ៕

RELATED ARTICLES