សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ថា “សម្តេចបានចងដៃមង្គលការនាយចយ ចំនួន១មុឺនដុល្លារ។ សម្តេចក៏សង្ឃឹមថា នាយចយ នឹងបានកូនឆាប់ៗ ហើយសម្តេចក៏អរគុណដល់នាយក្រឹម ដែលបានយកនាយចយ និងប្អូនស្រី (នាងកាចុប) ចូលរួមលេងកំប្លែងក្នុងក្រុមតាំងពីនៅតូចៗ។”
ការថ្លែងនេះ នៅពេលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ នៅសាលមហោស្រពកោះពេជ្រ កាលពីព្រឹកថ្ងៃទី០២ ខែមីនា នេះ។
គួរបញ្ជាក់ថា តារាកំប្លែងលោកភិច សែ ហៅនាយចយ ដែលដឹកដៃភរិយាវ័យក្មេងខ្ចីល្ហក់ នាងប៉ិច ក្វាន់ឌី ចូលរោងការកាលពីថ្ងៃទី២៧ ខែកុម្ភៈ ២០១៨ និងធ្វើពិធីជប់លៀងធំនៅវិមានពិភពថ្មីសែនសុខ ធ្វើឱ្យអ្នកសិល្បៈរួមអាជីពជាច្រើន ពិសេសអ្នកកំប្លែងរួមក្រុមកំប្លែង នាយក្រឹម បានទៅអបអរសាទរយ៉ាងច្រើនកុះករ ដូចជា នាយក្រឹម, នាយឆ្លាំង, លន់ ដាណេ ជាដើម ដែលពួកគេថាសុំខ្មាសនាយចយ ហើយ ព្រោះរកប្រពន្ធបានស្អាតជាងតារាទៅទៀត។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ នៅរាត្រីជប់លៀងមង្គលការ នាយចយ នោះ ក៏មានការចូលរួមពីកូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ គឺឯកឧត្តម ហ៊ុន ម៉ាណែត និងហ៊ុន ម៉ានី ដោយឯកឧត្តមទាំង២ បានទៅចូលរួមលើកទឹកចិត្តនាយនិងភរិយា ដោយផ្ទាល់ ធ្វើឱ្យអ្នកកំប្លែងដែលមានមុខមាត់ដូចជីតានេះ និងភរិយាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ដែលធ្វើឱ្យមង្គលការនេះកាន់តែមានភាពទាក់ទាញពីតារាសិល្បៈរួមអាជីព និងមហាជនថែមទៀត។
គួរបញ្ជាក់ថា មុននាយចយ បានសម្រេចក្តីស្រមៃដឹកដៃប្រពន្ធសាច់សខ្ចី នាងប៉ិច ក្វាន់ឌី ចូលរោងការដូចបំណងនៅពេលនេះ តារាកំប្លែងកូនក្រុមនាយក្រឹម រូបនេះបានរងនូវព្យុះភ្លៀង ជាច្រើន ព្រោះត្រូវអ្នកលេងបណ្តាញសង្គមចាក់ទៅនាងក្វាន់ឌី ថារូបស្អាតប៉ុណ្ណឹងដែរ ខ្វះណាស់អី ប្រុសពេញផែនដី បែរជាមកស្រលាញ់នាយចយ មុខដូចខ្មោចឆៅ ជាដើម តែអ្នកពេបជ្រាយទាំងនោះបានត្រឹមដាច់ផ្ងារទៅវិញ នៅពេលដែលប្រពន្ធនាយចយ តបទៅប្រុសៗទាំងនោះវិញថា អស់ប្រុសដូចអ្នកឯងមានសមត្ថភាពរកប្រពន្ធ បានត្រឹមជាស្រីវត្តភ្នំទេ ដែលការថ្លែងបែបនេះរបស់នាងក្វាន់ឌី បានធ្វើឱ្យប្រុសៗទាំងនោះស្ងាត់មាត់ លែងហ៊ានចាក់រុកទៀត។
ដោយឡែក នៅរាត្រីជប់លៀងមង្គលការនោះដែរ នៅពេលដែលហែកូនកំលោះកូនក្រមុំ ទៅលើឆាក ដោយមានតារាៗ និងមិត្តភក្តិ ឈរនៅព័ទ្ធជុំវិញនោះ នៅពេលដែលអ្នកនៅជុំ វិញខ្លួនស្រែកឱ្យនាយចយ ថើបភរិយា ដើម្បីបញ្ជាក់ក្តីស្រលាញ់នោះ នាយចយ រំភើបពេករហូត ដល់រលេងរលោងទឹកភ្នែកទៀតផង។ ចំណែកប្រពន្ធនាយចយ វិញ ញញឹមបិទមាត់មិនជិតទេ ហើយនាងថើបប្តីនាយចយ ដោយបញ្ជាក់ប្រាប់ថា នាងស្រលាញ់លោកប្តី (នាយចយ) នេះអស់ពីបេះដូងទៀតផង ទើបធ្វើឱ្យតារារួម អាជីពទះដៃព្រុលលើកទឹកចិត្តគូស្វាមីភរិយាថ្មីនេះ។
ប្រភពព័ត៌មានបានឱ្យដឹងថា នាយចយ និងភរិយា គ្រោងនឹងយកកូនប្រើឱ្យបានឆាប់ៗនេះហើយ ដោយពួកគេសង្ឃឹមថា កូនង៉ែតនាយចយ នឹងកាត់ទៅរកម្តាយច្រើនជាងឪពុកជាមិនខាន៕