ភ្នំពេញ ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ ក្រោយផឹកស៊ីស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ ក៏កេះកៀវសុំប្រពន្ធរួមរ័កមេត្រី តែត្រូវ ប្រពន្ធប្រកែក ព្រោះមិនសូវស្រួលខ្លួន ទើបធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹងឡូឡារករឿងឈ្លោះប្រកែក ឈានដល់ហិង្សា ទាញកាំបិតផ្គាក់កាប់ប្រហារប្រពន្ធបណ្តាលឱ្យរយះចង្កេះ លុះបុរសអ្នកជិតខាងស្ទុះចូលមកជួយ ក៏ត្រូវបុរសកំណាចរូបនេះ កាប់បណ្តាលឱ្យដាច់ម្រាមដៃថែមម្នាក់ទៀត។
ហេតុការណ៍ប្តីស្រវឹងខឹងសុំប្រពន្ធរួមរ័កមិនបានតាមបំណង ក៏មួម៉ៅក្តៅចិត្ត កាប់ប្រពន្ធ និងអ្នកជិតខាងឱ្យរងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
ជនសង្ស័យជាប្តីដែលកាប់ប្រពន្ធរយះចង្កេះ ព្រោះតែក្តៅចិត្តរឿងប្រពន្ធមិនឱ្យរួមរ័កនេះ មានឈ្មោះថោង ពិសិដ្ឋ អាយុ៣៦ឆ្នាំ មុខរបរ ជាងផ្សារដែក។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះកែវ វត្តី អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (របួសចង្កេះខាងឆ្វេង និងម្រាមដៃ)។ ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះដែលចូលឃាត់ប្តីប្រពន្ធគេឈ្លោះគ្នា និងត្រូវប្តីគេកាប់ បណ្តាលឱ្យរងរបួសធ្ងន់ដែរនោះ មានឈ្មោះកែវ សុភី អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត (របួសដាច់ម្រាមដៃខាងស្តាំ) ស្នាក់នៅផ្ទះក្បែរខាង ផ្ទះរបស់ជនសង្ស័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រួសារខាងលើនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាខ្លាំងណាស់ ព្រោះតែប្តីគឺជាមនុស្សប្រមឹក និងញៀនថ្នាំផង ហើយរាល់ពេលផឹកស្រាស្រវឹង ឬត្រឡប់មកពីជក់ថ្នាំញៀនម្តងៗ ប្តីកំណាចនេះ តែងរករឿងឈ្លោះប្រកែក ជេរបញ្ចោរប្រពន្ធកូន រកតែអ្នកជិតខាងដេកពួនសឹងមិនបាន។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ បុរសកំណាចជាប្តី ទើបនឹងមកពីជួបជុំ បនភឿនផឹកស៊ី ទាំងស្ថានភាពស្រវឹងជោកជាំ លុះពេលចូលដល់ផ្ទះ ក៏ចូលទៅដេកក្បែរប្រពន្ធកេះកៀវសុំរួមរ័ក ប៉ុន្តែដោយសារតែស្ត្រីរងគ្រោះជាប្រពន្ធមិនសូវស្រួលខ្លួនទើបឆ្លើយបដិសេធ ស្រាប់តែធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹង ក៏ស្រែកឡូឡា ឈ្លោះប្រកែកជាមួយប្រពន្ធ រហូតដល់ទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញកាំបិតផ្គាក់មកកាប់ប្រពន្ធ បណ្តាលឱ្យរយះចង្កេះ ហើយបុរសជាប្តីនេះ នៅបានទាញដំបងសំពងប្រពន្ធថែមទៀត ធ្វើឱ្យប្រពន្ធស្រែកហៅគេឯងឱ្យជួយ ផ្អើលដល់បុរស រងគ្រោះឈ្មោះ កែវ សុភី ដែលរស់នៅក្បែរខាងគ្នា ចូលមកជួយឃាត់ ស្រាប់តែត្រូវបុរសជាប្តីដែលកំពុងក្រពុលមុខ ទាញកាំបិតផ្គាក់កាប់ប្រហារ បណ្តាលឱ្យដាច់ម្រាមដៃរងរបួសធ្ងន់ថែមម្នាក់ទៀត។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានអ្នកជិតខាងជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនជោគជ័យ។ ចំណែកជនបង្កហេតុជាប្តី ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួននាំយកទៅសាកសួរ ដោយដកហូតបានវត្ថុតាង កាំបិតផ្គាក់១ និងដំបងឈើ១កំណាត់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រើហិង្សាទៅលើប្រពន្ធមែន មូលហេតុដោយសារតែរូបគេស្រវឹងស្រាខ្លាំងពេក ណាមួយក្តៅក្រហាយនឹងប្រពន្ធមិនឱ្យរួមរ័ក ទើបទប់ចិត្តមិនបាន ក៏កាប់ប្រហារ និងវាយដំទៅ ស្រាប់តែត្រូវអ្នកជិត ខាងម្នាក់ស្ទុះ ចូលមកឃាត់ ទើបធ្វើឱ្យរូបគេកាន់តែច្រឡោតខឹង កាប់ប្រហារទាំងអ្នកជិតខាងនោះថែមម្នាក់ទៀតទៅ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕