ខេត្តបាត់ដំបង ៖ បុរស២នាក់ បានអង្គុយផឹកស៊ីជាមួយគ្នារហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែភាគីម្ខាងនិយាយអួតអាងពីរឿងសាក់របស់ខ្លួនដែលមានពេញរាងកាយ ទើបធ្វើឱ្យភាគីម្ខាងទៀតទ្រាំមិនបាន ក៏លូកមាត់ ធ្វើឱ្យកើតជាទំនាស់តឹងសរសៃក ទីបំផុតភាគីអត់សាក់ ទាញកាំបិតកាប់ប្រហារអ្នកមានសាក់ពេញខ្លួន ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់។
ករណីផឹកស៊ីអួតអាងរឿងសាក់ពេញខ្លួន រហូតផ្ទុះជាអំពើហិង្សាកាប់ប្រហារ៣កាំបិតដេកពេទ្យនេះ បានកើតមានឡើង កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្រុម២២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។
ជនដៃដល់ដែលកាប់ប្រហារគូទំនាស់រងរបួសធ្ងន់ មានឈ្មោះវ៉េត សាវ៉ើយ អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះរឿត ភីរួ ហៅភិរម្យ អធាយុ៤៣ឆ្នាំ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ បានអង្គុយផឹកស៊ីជុំគ្នា លុះពេលស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តី ពីរឿងជនរងគ្រោះអួតអាងរឿងសាក់ខ្លួន ស្រាប់តែភ្លាមនោះ ជនដៃដល់បានស្ទុះទៅទាញកាំបិត សាំម៉ូរ៉ៃ កាប់ប្រហារទៅលើជនរងគ្រោះចំនួន៣កាំបិត ចំក្បាលផ្នែកខាងក្រោយ១កាំបិត និងខ្នង២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។
ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចចុះ អន្តរាគមន៍ ចាប់ឃាត់ខ្លួននាំយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕