ភ្នំពេញ ៖ ជនសង្ស័យដៃដល់ដែលជាខ្មាន់កាំភ្លើង បាញ់ប្រហារគូស្នេហ៍២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានចូលខ្លួនសារភាពនៅចំពោះមុខមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីព្យាយាមរត់គេចខ្លួនអស់រយៈពេល៥ថ្ងៃ។
ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលចូលខ្លួនមកសារភាពនេះ មានឈ្មោះប៊ុន តេង ហៅហ្គោ អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី និងជាអ្នករកស៊ីនាំខោអាវពីប្រទេសថៃ មកបោះដុំនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ ស្នាក់នៅផ្ទះជួលលេខ T53A ក្នុងបុរីហ្គ្រេនជ្រោយចង្វារ ផ្លូវលេខ៣ ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅភូមិប្រឡាយធំ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
ចំណែកគូស្នេហ៍ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារឱ្យរងរបួសធ្ងន់ស្រាលទាំង២នាក់ រួមមាន ភាគីនារីជាស្រីស្នេហ៍ មានឈ្មោះស.វ.ន អាយុ២៥ឆ្នាំ មុខរបរជានារីបម្រើការនៅក្នុងខារ៉ាអូខេមួយកន្លែង ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ (រងរបួសធ្ងន់)។ ចំណែកភាគីបុរសជាសង្សារ មានឈ្មោះ គ.វ.ន អាយុ ៣០ឆ្នាំ មុខរបរអ្នកជំនួញ ស្នាក់នៅម្តុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (រងរបួសស្រាល)។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ពិតជាមានរឿងដូច្នេះមែន បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលផ្លូវច្បាប់ដោយ ព្រះរាជអាជ្ញារង ឡុង ជាប បានចុះធ្វើការត្រួតពិនិត្យ និងឆែកឆេរផ្ទះជនសង្ស័យដែលជាខ្មាន់កាំភ្លើង បាញ់ប្រហារគូស្នេហ៍២នាក់ បណ្តាលឱ្យរងរបួស ធ្ងន់ស្រាល នៅចំណុចបុរីហ្គ្រេនជ្រោយចង្វារ ត្រង់ចំណុចផ្ទះលេខ ទ៥៣ៅ ផ្លូវលេខ៣ ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន អាវពណ៌ស ខោខូវប៊ូយ មួកប៉ារ៉ា១ និងរថយន្ត១គ្រឿង ម៉ាក Rang Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-6967 ដែលជាមធ្យោបាយជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើស បាញ់ប្រហារគូស្នេហ៍២នាក់ឱ្យរងរបួសធ្ងន់ស្រាល។
គួររំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីបាញ់ប្រហារមួយ បានកើតឡើង បណ្តាលឱ្យគូស្នេហ៍២នាក់ទទួលរងរបួសធ្ងន់ស្រាល នៅត្រង់ចំណុចមុខបន្ទប់ជួលអត់លេខ ខាងលិចផ្សារក្រមួនប្រមាណ២០០ម៉ែត្រ តាមបណ្តោយផ្លូវ១៩៧៤ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបុរសម្នាក់បានបើករថយន្តជូនស្រីស្នេហ៍ត្រឡប់ទៅផ្ទះវិញ ពេលយប់ លុះពេលទៅដល់មុខផ្ទះជួលវិញ បម្រុងនឹងចុះពីលើរថយន្ត ក៏ស្រាប់តែត្រូវខ្មាន់កាំភ្លើង បើករថយន្តទំនើប១គ្រឿង មកឈប់ក្បែរ រួចដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ ទៅលើគូស្នេហ៍ក្នុងរថយន្ត តែសំណាងល្អមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ស្រាល ហើយធ្លុះធ្លាយរថយន្តជាច្រើនកន្លែង ចំណែកខ្មាន់កាំភ្លើងបានបើករថយន្តគេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហាររួច។
គូស្នេហ៍ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារឱ្យរងរបួសធ្ងន់ទាំង២នាក់ រួមមាន ភាគីនារីជាស្រីស្នេហ៍ មានឈ្មោះស.វ.ន អាយុ២៥ឆ្នាំ មុខរបរជានារីបម្រើការនៅក្នុងខារ៉ាអូខេមួយកន្លែង ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ ចំណែកភាគីបុរសជាសង្សារ មានឈ្មោះគ.វ.ន អាយុ៣០ឆ្នាំ មុខរបរអ្នកជំនួញ ស្នាក់នៅម្តុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើ ដែលគេដឹងថា ជាគូស្នេហ៍នឹងគ្នា បានជិះរថយន្ត១គ្រឿងម៉ាក Toyota Tacoma ស្លាកលេខ ភ្នំពេញ 2Q-5081 ធ្វើដំណើរតាមផ្លូវ១៩៧៤ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់មុខផ្ទះជួលរបស់នារីជាស្រីស្នេហ៍ ក៏ឈប់រថយន្ត ចំណែកភាគីខាងស្រីបម្រុងនឹងចុះពីលើរថយន្តទៅហើយ ស្រាប់តែភ្លាមនោះ មានរថយន្តឈប់រថយន្តចុះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក Rang Rover ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៧៤ ក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសទិសគ្នា បានមកឈប់ទន្ទឹមនឹងរថយន្តរបស់គូស្នេហ៍ខាងលើ ហើយភ្លាមនោះ អ្នកបើកបររថយន្តជាខ្មាន់កាំភ្លើង ក៏បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក១ដើម មកបាញ់ប្រហារទៅលើរថយន្តគូស្នេហ៍នោះ ចំនួន៥គ្រាប់ ពីខាងស្តាំរថយន្ត បណ្តាលឱ្យត្រូវជនរងគ្រោះទាំងពីរនាក់ ដែលជិះនៅក្នុងរថយន្ត ដោយនារីដែលគេប៉ងបាញ់ផ្តាច់ជីវិត ត្រូវចំនួន៣គ្រាប់ ចំស្មាស្តាំ២គ្រាប់ និងកំភួនដៃខាងឆ្វេង១គ្រាប់ ចំណែកបុរសជាគូស្នេហ៍ដែលជាអ្នកបើករថយន្តត្រូវ១គ្រាប់ ចំកំភួនដៃខាងស្តាំ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងចេញមកមើល ហើយភ្លាមៗនោះ ជនជាខ្មាន់កាំភ្លើង ក៏បើករថយន្តគេចខ្លួនចេញពីកន្លែង កើតហេតុយ៉ាងឆាប់រហ័ស។
រហូតមកដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ពោលគឺរយៈពេល៥ថ្ងៃ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារជនរងគ្រោះប្រុសស្រី២នាក់ ឱ្យរងរបួសធ្ងន់ស្រាលរួចមក ជនសង្ស័យជាខ្មាន់កាំភ្លើងបានសម្រេចចូលខ្លួនសារភាពនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីទទួលកំហុស និងត្រូវបានមន្ត្រីអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕