Saturday, November 16, 2024
Homeតារាខ្មែរផាន វីរ៉ាទី បើកឆាកឆ្នាំថ្មីភ្លាម ទិញផ្ទះនិងឡានថ្មី ជិត១០មុឺនដុល្លារ

ផាន វីរ៉ាទី បើកឆាកឆ្នាំថ្មីភ្លាម ទិញផ្ទះនិងឡានថ្មី ជិត១០មុឺនដុល្លារ

តារាវ័យក្មេងផលិតកម្មថោន​​ ផាន វីរ៉ាទី ហៅរ៉ាប៊ី គ្រាន់តែបើកឆាកឆ្នាំថ្មីភ្លាម អ្នកចម្រៀងរូបនេះបានទិញរថយន្តថ្មី Starex តម្លៃ២៥.០០០ដុល្លារ និងទិញផ្ទះ១ល្វែង តម្លៃជិត៥០.០០០ដុល្លារ ទៀតផង…។

រ៉ាប៊ី បានបង្ហាញរថយន្តថ្មីម៉ាក Starex តម្លៃ២៥០០០ដុល្លារ ថ្មីសន្លាង ដែលមិនទាន់ទាំងធ្វើស្លាកលេខផង ទើបធ្វើឱ្យស្រីស្អាតរូបនេះបានឡើងកូដមួយក្រឺតថែមទៀត បន្ថែមលើសម្រស់ដែលទាក់ទាញស្រាប់។ ប្រភពបានឱ្យដឹងថា ការលេងម៉ូដឡានរបស់នាងរ៉ាប៊ី នៅពេលនេះ គឺស្របគ្នាទៅនឹងការទិញផ្ទះល្វែង១ជុង របស់អ្នកចម្រៀងនេះ ដែលមានតម្លៃជិត៥ម៉ឺនដុល្លារ នៅម្តុំពោធិ៍ចិនតុង ហេតុនេះហើយបានជាធ្វើឱ្យមានការសង្ស័យថា រ៉ាប៊ី មានលុយទិញរថយន្ត និងឡាន ក្បែរ១០ម៉ឺនដុល្លារ អាចមានអ្នកណាម្នាក់ឧបត្ថម្ភ។

ក្នុងជំនួបផ្ទាល់ រ៉ាប៊ី បានឱ្យដឹងថា នាងគ្មានជំនួយពីអ្នកណាឡើយ គឺប្រាក់ទាំងនោះចេញពីសមត្ថភាពនាងទាំងអស់តែម្តង។

តារាចម្រៀងថោន រូបនេះ អះអាងថា “រថយន្តហ្នឹងខ្ញុំទិញផ្តាច់២៥០០០ដុល្លារមែន ដែលនោះជាប្រាក់របស់ខ្ញុំ គ្មានពីណាជួយយើងទេ កុំមានការសង្ស័យអីផ្សេង។ រយៈពេលដែលខ្ញុំរវល់ខ្លាំងនេះ ខ្ញុំរកបាន៥ទៅ៦ពាន់ដុល្លារដែរ ក្នុង១ខែ អ៊ីចឹងយើងសន្សំលុយហ្នឹងទៅទិញបានឡាននេះ។ ចំពោះផ្ទះល្វែងនៅជិតពោធិ៍ចិនតុងនោះ ខ្ញុំទិញដោយបង់រំលស់ទេ ក្នុង១ខែ ជាង៥០០ដុល្លារ ហើយខ្ញុំបង់ជិតបាន១ឆ្នាំហើយ ហើយផ្ទះនោះគេកំណត់ឱ្យបង់ត្រឹម២ឆ្នាំ។ ការដែលខ្ញុំហ៊ានទិញផ្ទះបង់រំលស់នេះ ព្រោះយើងគិតថា អាចរកចំណូលបានត្រឹមប៉ុណ្ណឹងរាល់ខែ មិនអីទេ អាចមានលទ្ធភាពទៅរួច”។

រ៉ាប៊ី ធ្លាប់អះអាងថា នាងមិនយកលុយទៅលេងម៉ូដឡានទេ បើមានប្រាក់ គឺទិញផ្ទះទុក ដែលនោះជាបំណងរបស់នាង ហើយមុនជិះ Starex នេះ រ៉ាប៊ី ជិះត្រឹម Lexus RX300 តម្លៃជាង១ម៉ឺនដុល្លារទេ តែឥឡូវឡើងកាលីពលេងម៉ូដឡានដូចតារាផ្សេងៗទៀតដែរហើយ។

តារាចម្រៀងលេងក្បាច់រាំរូបនេះ បន្ថែមថា “រថយន្តខ្ញុំ Lexus RX300 នោះខ្ញុំមិនលក់ទេ គឺទុកជិះដដែល អ៊ីចឹងខ្ញុំទិញ Starex នេះថែមឱ្យបាន១ទៀត ដើម្បីបានជិះឆ្លាស់គ្នា។ ឡានខ្ញុំ Lexus RX300 នោះខ្ញុំជិះពេលចូលសិល្បៈដំបូង ហើយឃើញថា យើងឡើងរហូតមកដែរ អ៊ីចឹងខ្ញុំមិនលក់ទេ ទោះជាថ្មីៗនេះ គេឱ្យថ្លៃ១៣.០០០ដុល្លារក្តី។ ចំពោះមូលហេតុដែលខ្ញុំទិញ Starex នេះដោយសារឡានហ្នឹងធំ ស្រួលដាក់អីវាន់បានច្រើន ពេលដែលយើងចុះតាមខេត្ត”។

រ៉ាប៊ី ហាក់មានទីផ្សារចម្រៀងលោតទៅមុខដោយរហ័ស តាមរយៈរូបសម្រស់គួរឱ្យទាក់ទាញ និងមានក្បាច់រាំគួរឱ្យក្នក់ក្នាញ់ ដែលធ្វើឱ្យប្រុសៗលង់នឹងសម្រស់អ្នកចម្រៀងរូបនេះ ដោយមិនដឹងខ្លួនទៀតផង។

ថ្មីៗនេះដែរ តារាចម្រៀងផលិតកម្មថោន រូបនេះបានបន្ថែមអាជីពថ្មី ដោយឈានចូលទៅថតភាពយន្តជាតួឯកលើកដំបូង របស់ថោន រឿង “អ្នកបម្រើ០០៧” ដែលនាងថា ទទួលបានការគាំទ្រយ៉ាងច្រើន និងធ្វើឱ្យថោន ចំណេញច្រើនទៀតផង។ ប៉ុន្តែ ទស្សនិកជនមើលឃើញថា រ៉ាប៊ី មានទឹកដមសំឡេងមធ្យមប៉ុណ្ណោះ ហេតុនេះហើយ នាងមិនអាចប្រជែងជាមួយ តារាជើងខ្លាំងនៅថោន បានទេ បើទោះជាពេលនេះ គេមើលឃើញថា តាំងពីសុគន្ធ និសា ចេញពីថោន គឺរ៉ាប៊ី ឈរបន្ទាប់ពីមាស សុខសោភា ក៏ដោយ។

ការលេងម៉ូដឡាន និងទិញផ្ទះរបស់រ៉ាប៊ី នៅពេលនេះ គឺចំពេលដែលតារាស្រីវ័យក្មេងស្អាតៗមួយចំនួន កំពុងប្រជែងគ្នាលេងម៉ូដរថយន្តនិងវីឡា ដូចជា មាន សូនីតា, ទេព បូព្រឹក្ស, បេប៊ី, ពេជ្រ សូលីកា, នៅ សុនិតា ជាដើម ដែលពួកគេមានទ្រព្យរាប់សែនដុល្លារក្នុងកណ្តាប់ដៃ ហើយធ្វើឱ្យមានការសង្ស័យថា តារាវ័យក្មេងខាងលើមានគូស្នេហ៍ជាមន្ត្រីធំនៅក្រោយខ្នង តែពួកគេបានបដិសេធ។

ដោយឡែក រ៉ាប៊ី បញ្ជាក់ថា “រឿងគេទាក់ទងចង់ឱ្យអីយើង ឱ្យតែយើងត្រូវការលុយ ឡាន វីឡា នោះ ធ្លាប់មានគេទាក់ទងខ្ញុំដែរ តែបើយើងយករបស់ទាំងនោះហើយ គឺអស់សិទ្ធិសេរីភាពហើយ ដូចជាប់ទ្រុងគេអីចឹង យកមកធ្វើអី? បើខ្ញុំមានគេជួយ គឺមិនមែនទិញផ្ទះបង់រំលស់ទេ។ មានអ្នកស្រលាញ់មិនខ្វះទេ គ្រាន់តែយើងមិនរវីរវល់ គេក៏មិនហ៊ានជាមួយយើងដែរ។ រឿងហ្នឹងនៅលើយើងខ្លួនឯងទេ ខ្ញុំមិនបានធ្វើ ខ្ញុំមិនភ័យទេ តែចំពោះតារាផ្សេង ខ្ញុំមិនដឹងទេ ព្រោះនោះជាសិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗ។ ខ្ញុំចង់រស់នៅដោយសិទ្ធិសេរីភាពខ្លួនឯង ប្រសើរជាងក្រោមគំនាបគេ”៕

RELATED ARTICLES