ពលករខ្មែរដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃម្នាក់ បានដើរចេញទៅផឹកស៊ីទាំងកណ្តាលយប់ លុះផឹកស្រវឹងក៏កើតមានជំលោះ រួចត្រឡប់មកផ្ទះវិញ ស្រាប់តែត្រូវជនមិនស្គាល់មុខ លបតាមពីក្រោយ ចាក់ប្រហារជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោច អាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះល្វែងសម្រាប់ពលករខ្មែរស្នាក់នៅ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តនន់ថាក់បុរី ប្រទេសថៃ។
យុវជនរងគ្រោះ ដែលត្រូវឃាតករចាក់សម្លាប់យ៉ាងឃោរឃៅនេះ មានឈ្មោះតុលា អាយុប្រហែល២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ តែបានធ្វើចំណាកស្រុកឆ្លងដែន ចូលមកធ្វើការផ្នែកសំណង់ នៅក្នុងខេត្តនន់ថាក់បុរី ប្រទេសថៃ អស់រយៈពេល២-៣ឆ្នាំមកហើយ។
តាមប្រភពពីពលករខ្មែរ ដែលស្នាក់នៅជាមួយជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះគឺជាមនុស្សចូលចិត្តដើរផឹកស៊ីខ្លាំងណាស់ ពោលគឺតែងដើរចេញទៅផឹកស៊ីសឹងរាល់យប់។ ជាក់ស្តែងនៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានដើរចេញពី កន្លែងស្នាក់នៅបាត់ មិនដឹងជាទៅផឹកស៊ីនៅឯណា ហើយក៏បាត់មិនឃើញត្រឡប់មកវិញពេញ១យប់។
ប្រភពដដែលបន្តថា លុះមកដល់វេលាទៀបភ្លឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ក្រុមពលករខ្មែរ បាននាំគ្នាក្រោកពីដំណេកងូតទឹក រៀបចំខ្លួនចេញទៅបំពេញការងារដូចសព្វដង លុះពេលបើកទ្វាចេញមកក្រៅផ្ទះស្នាក់នៅរបស់កម្មករ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាមបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញរបស់ថៃ បានចុះមកដល់ទីតាំងកើតហេតុ និងបានពិនិត្យធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយទទួលរងការចាក់ប្រហារជាច្រើនកន្លែង។ តាមការសន្និដ្ឋានជាជំហានដំបូង ជនរងគ្រោះ អាចចេញទៅផឹកស៊ីស្រវឹង រួចកើតមានជំលោះជាមួយភាគីណាមួយ ទើបត្រូវគេតាមមកចាក់ប្រហារសម្លាប់ដល់មុខផ្ទះស្នាក់នៅបែបនេះ។ យ៉ាងណាពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមវែកមុខឃាតករ ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់។
ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានភាគីថៃ ទាក់ទងមកសមត្ថកិច្ចកម្ពុជា ដើម្បីប្រគល់សាកសពទៅឱ្យសាច់ញាតិ ដឹកទៅកាន់លំនៅដ្ឋាន រៀបចំធ្វើបុណ្យតាមប្រពៃណី៕