ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់២នាក់ បានកើតមានទំនាស់នឹងគ្នាជាយូរមកហើយ រហូតដល់ភាគីម្ខាងចងគំនុំទុកក្នុងចិត្ត និងចេះតែរកឱកាសដើម្បីស្រាយគំនុំចាស់ចេញម្តង លុះគាប់ជួន ឃើញគូទំនាស់ជិះម៉ូតូត្រឡប់មកពីយកអាគុយវិញ ដល់ពាក់កណ្តាលផ្លូវកន្លែងស្ងាត់ ក៏ធ្វើសកម្មភាព រុំមុខខ្លួនឯងដើម្បីកុំឱ្យជនរងគ្រោះស្គាល់ រួចធ្វើសកម្មភាពស្ទាក់កាប់ប្រហារជាច្រើនពូថៅ បណ្តាលឱ្យខ្ទេចមុខរងរបួសធ្ងន់ កាលពីព្រលប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំ ភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច រួចព្យាយាមរត់គេចខ្លួនតែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។
ជនសង្ស័យដែលធ្វើសកម្មភាពស្ទាក់កាប់គូទំនាស់ជាច្រើនពូថៅ ស្រាយគំនុំចាស់ និងត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន មានឈ្មោះ សៀង ឈឺន អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសចំណាស់រងគ្រោះ មានឈ្មោះឃួន ចាន់ អាយុ៦៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
គួររំលឹកថា កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ មានករណីមនុស្សឃាតដោយចេតនាមួយបានកើតឡើង នៅតាមបណ្តោយផ្លូវលំ ភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ដោយបុរសវ័យចំណាស់ម្នាក់ បានជិះម៉ូតូទៅយកអាគុយពីកន្លែងសាក លុះត្រឡប់មកវិញដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យមិនស្គាល់មុខម្នាក់ លបកាប់ប្រហារជាច្រើនពូថៅ ប៉ងផ្តាច់ជីវិត បណ្តាលឱ្យរងរបួសធ្ងន់។
តាមសម្តីបុរសរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម្នាក់ឯង ពីភូមិទៅយកអាគុយដែលបានដាក់សាក នៅចំណុចភូមិកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច លុះយកអាគុយបានហើយ ក៏ជិះម៉ូតូសំដៅទៅផ្ទះវិញ ស្រាប់តែពេលជិះមកដល់ចំណុចថ្លុកកក់ ពីខាងជើងភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ក៏លេចមុខជនសង្ស័យមិនស្គាល់មុខម្នាក់ មានភិនភាគពាក់ម៉ាស រុំក្បាលក្រម៉ា បានទាញពូថៅមក កាប់ប្រហារគាត់ ជាច្រើនពូថៅ បណ្តាលឱ្យរងរបួសដៃខាងឆ្វេង និងផ្ទៃមុខជាទម្ងន់។ ក្រោយពីកាប់ប្រហារគាត់ឱ្យរបួសហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា និងឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះសៀង ឈឺន និងបាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញវត្ថុតាងពូថៅដៃ ទុកនៅក្នុងកេសក្រដាស សំបកឡាំងទឹកសុទ្ធ នៅកន្លែងតូបលក់ដូរ ផ្ទះជនសង្ស័យ កាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសៀង ឈឺន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់លើជនងគ្រោះឈ្មោះឃួន ចាន់ ប្រាកដមែន។ មូលហេតុផ្តើមចេញពីគំនុំផ្ទាល់ខ្លួនរវាងខ្លួនជាមួយនឹងជនរងគ្រោះ ដែលបានកើតឡើងជាយូរខែឆ្នាំមកហើយ ហើយខ្លួនក៏បានចងគំនុំទុកក្នុងចិត្ត រង់ចាំឱកាសល្អនឹងស្រាយគំនុំចាស់នេះចេញម្តង លុះដល់ថ្ងៃកើតហេតុ ឃើញឱកាសល្អ ទើបខ្លួនួបានកាន់ពូថៅទៅស្ទាក់កាប់ប្រហារជនរងគ្រោះតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធី៕