តារាចម្រៀងអ៊ីវ៉ា ដែលចប់កុងត្រានៅផលិតកម្មសាន់ដេ ហើយត្រូវបានគេបង្ហើបថា នាងបានក្លាយទៅជាសមាជិកថ្មីរបស់ហង្សមាស ទៅហើយនោះ ស្រាប់តែពេលនេះ នៅតែព្យាយាមលាក់បាំងរឿងទ្រនំថ្មីរបស់ខ្លួនដដែល ហើយថែមទាំងក្រាញមិនព្រមចុះកុងត្រាថ្មីជាមួយសាន់ដេ ទៀត។
ក្នុងជំនួបផ្ទាល់ជាមួយអ៊ីវ៉ា កាលពីពេលថ្មីៗនេះ អ្នកចម្រៀងវ័យក្មេងរូបនេះ បានឱ្យដឹងថា នាងនៅតែជាតារារបស់សាន់ដេ តែនាងមិនកុងត្រាទៀតឡើយ ហើយរឿងដែលគេថា នាងចូលហង្សមាស ឬថោន នោះ គឺបន្តិចទៀតគង់តែដឹងគ្នាទេ។
តារាល្បីដោយសារផលិតកម្មសាន់ដេ រូបនេះ ប្រាប់ថា “ពេលហ្នឹង ខ្ញុំនៅតែអ្នកចម្រៀងរបស់សាន់ដេ តើ! តែខ្ញុំអត់ទាន់កុងត្រាថ្មីទេ ខ្ញុំចប់កុងត្រាជាមួយគាត់អស់ហើយ ហើយអត់កុងត្រាអីទៀតផង។ រឿងថាខ្ញុំទៅហង្សមាស ឬថោន នោះ ខ្ញុំមិនចង់និយាយច្រើនទេ គ្រាន់តែថា ខ្ញុំទៅណាពិតប្រាកដនោះ បន្តិចទៀតគង់តែដឹងច្បាស់ទេ”។
អ៊ីវ៉ា ហាក់ស្ងាប់ស្ងាត់ក្នុងការបង្ហាញខ្លួនលើឆាកតន្ត្រីធំៗ តាំងពីមានព័ត៌មានថា នាងត្រៀមខ្លួនចូលទ្រនំថ្មីនេះ តារាចម្រៀងដែលចូលសាន់ដេ ភ្លាម ល្បីភ្លែតនោះ ប្រឈមការបាត់បង់ប្រាក់ចំណូលជាមិនខាន ព្រោះថា ពេលនេះ អតីតតារាចម្រៀងសាន់ដេ សុខ ស្រីនាង បែរជាមានសកម្មភាពសិល្បៈច្រើនជាងអ៊ីវ៉ា ទៅវិញ ទើបធ្វើអ្នចម្រៀងរូបនេះ មិនសប្បាយចិត្ត។
តារាសាន់ដេ រូបនេះបន្ថែមថា “ខ្ញុំនៅតែមានកម្មវិធី ច្រៀងតាមខេត្តហូរហែដូចមុនអ៊ីចឹង គ្រាន់តែកម្មវិធីខ្លះ គេមិនផ្សាយផ្ទាល់ (Live) អ៊ីចឹងមិនសូវឃើញខ្ញុំ។ ការងារឆ្នាំនេះ និងឆ្នាំមុន គឺដូចតែគ្នាទេ មានជាហូរហែ អ៊ីចឹងហើយប៉ាខ្ញុំគាត់ជូនទៅរហូតហ្នឹង”។
អ៊ីវ៉ា ដែលល្បីដោយសារផលិតកម្មសាន់ដេ ជាអ្នកបណ្តុះបណ្តាលនោះ បានជួយសណ្តោងឪពុកនាង ឱ្យក្លាយទៅជាតារាចម្រៀងរបស់សាន់ដេ ដែរ ទើបថ្មីៗនេះ លោករ៉ាវ ឪពុកអ៊ីវ៉ា បានឱ្យដឹងថា កូនស្រីគាត់មិនដែលភ្លេចគុណសាន់ដេ ឡើយ ដោយថែមទាំងចាត់ទុកផលិតកម្មមួយនេះថា ជាឪពុកម្តាយទី២ របស់ខ្លួន ទៀតផង។
ប្រភពបានឱ្យដឹងថា ការដែលអ៊ីវ៉ា នៅស្ទាក់ស្ទើរក្នុងចិត្តមិនទាន់សម្រេចចិត្តហើរចោលសាន់ដេ ទៅជ្រកនៅហង្សមាស នៅពេលនេះ ព្រោះថា បើនាងចូលទៅហង្សមាស គឺមិនអាចសណ្តោងឪពុកនាង បានចូលតាមខ្លួនឡើយ ព្រោះថា ហង្សមាស ត្រូវការតែរូបនាងមិនត្រូវការឪពុកនាងទេ ទើបធ្វើឱ្យស្រីស្រស់វ័យក្មេងរូបនេះ ត្រូវខកចិត្ត ដោយសារផលិតកម្មនេះ ហើយមានការរារែកចិត្ត មិនចង់ទៅជម្រកថ្មីនោះតែម្នាក់ឯង។ ប៉ុន្តែក្រុមការងារផលិតកម្មរស្មីហង្សមាស នៅតែមានជំនឿចិត្តយ៉ាងមុតមាំថា មិនយូរឡើយ អ៊ីវ៉ា នឹងចូលទៅហង្សមាស តាមខេមរៈ សិរីមន្ត និងសុខ ស្រីនាង ដែរជាមិនខានឡើយ ព្រោះថា ហង្សមាស មានការងារច្រើន និងមានទូរទស្សន៍ផងដែរ។
បើទោះជាអ៊ីវ៉ា មិនទាន់ក្លាយទៅជាសមាជិកថ្មីរបស់ផលិតកម្មរស្មីហង្សមាស ជាផ្លូវការ តែប្រភពបានឱ្យដឹងថា លោកថៅកែ “ប” ដែលជាម្ចាស់ក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាប ហើយតាមស្នេហ៍អ៊ីវ៉ា ជាង៥ឆ្នាំទៅហើយនោះ បានជំរុញឱ្យតារាសាច់សខ្ចីរូបនេះ ឱ្យចូលទៅហង្សមាស ហើយលោកថែមទាំងត្រៀមអន្តរាគមន៍ទិញអ្នកនិពន្ធល្បីៗ ធ្វើបទឱ្យអ៊ីវ៉ា ច្រៀង ដើម្បីឱ្យនាងកាន់តែល្បីល្បាញថែមទៀតផង។ ប៉ុន្តែ អ៊ីវ៉ា នៅតែបែរខ្នងដាក់ប្អូនលោកផ្កាយ៤ នោះដដែល ក្រោយពីមានភាពរកាំរកូសស្នេហ៍២ឆ្នាំចុងក្រោយនេះ ព្រោះតែលោកថៅកែពូកែប្រចណ្ឌហួងហែងខ្លាំងពេកនោះ ទើបធ្វើឱ្យនាងមិនអើពើចំពោះបំណងល្អរបស់បុរសទ្រព្យស្តុកនោះឡើយ។
ព័ត៌មានបានឱ្យដឹងថា អ៊ីវ៉ា មានជម្រើសស្នេហ៍ច្រើន ដោយសុទ្ធតែមន្ត្រីធំៗមានទ្រព្យស្តុក តាមស្នេហ៍នាង ហេតុនេះហើយ បើលោកថៅកែនៅតែចង់តាមប្រចណ្ឌនាងខុសទំនងនោះ គឺគ្មានថ្ងៃដែលចំណងស្នេហ៍ចាស់វិលមករកភាពផ្អែមល្ហែមសាជាថ្មីទៀតឡើយ។
អ៊ីវ៉ា មិនត្រឹមតែមិនអើពើជាមួយលោកថៅកែហាងបញ្ចាំនៅសៀមរាប នោះទេ តែនាងថែមទាំងផ្គើនប្អូនមន្ត្រីធំនេះថែមទៀតផង តាមរយៈការលេងក្បាច់រាំលើឆាកតន្ត្រី មួយអស់ដៃ ដែលមានក្រុមរាំអមជាប្រចាំ បើទោះជាលោកថៅកែ “ប” មិនចង់ឱ្យនាងរាំ ហើយច្រៀងតែបទសុភាពៗក្តី តែនាងមិនបានខ្វល់ធ្វើតាមនោះទេ។
អ្នកសិល្បៈដែលជិតដិតជាមួយអ៊ីវ៉ា បានបង្ហើបឱ្យដឹងថា អ្នកចម្រៀងកូនកាត់ចិនរូបនេះ ត្រូវបានប្អូនប្រុសលោកផ្កាយ៤នោះ សុំចូលចែចូវស្តីដណ្តឹងតាមប្រពៃណីខ្មែរ ហើយនឹងចូលរោងការយ៉ាងតក់ក្រហល់ ប្រសិនបើនាងយល់ព្រមនោះ តែអ៊ីវ៉ា បែរជាធ្វើមិនដឹងមិនឮទៅវិញ។
ឪពុករបស់អ៊ីវ៉ា ធ្លាប់បានប្រាប់ថា រឿងកូនស្រីជ្រើសរើសប្តី លោកទុកឱ្យកូនជាអ្នកសម្រេចចិត្តទៅចុះ តែលោកក៏ជាអ្នកនៅពីក្រោយខ្នងដែរ ប៉ុន្តែ លោកសុំម៉្យាងគត់ គឺបុរសដែលជាអនាគតប្តីអ៊ីវ៉ា គឺដាច់ខាតត្រូវតែមិនមែនជាប្តីគេឡើយ៕