ភ្នំពេញ ៖ ការសាងសង់អាគារ១៣៣ជាន់កំពស់៥០០ម៉ែត្រ ជាអាគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញនឹងចាប់ផ្តើមចុងឆ្នាំនេះ ខណៈពេលនេះក្រុមហ៊ុនបាននិងកំពុងឈានទៅបញ្ចប់ការធ្វើតេស្តដីក្នុងជំហ៊ានទី៣នាពេលឆាប់ៗនេះ។
លោកសាស្រ្តាចារ្យទួស សាភឿនអគ្គលេខាធិការរងគណៈស្ថាបត្យកម្មកម្ពុជាបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១១ សីហានេះថា ការសាងសង់អាគារThai Bunrong Towerកំពស់៥០០ម៉ែត្រនឹងចាប់ផ្តើមសាងសង់តាមផែនការ ព្រោះរហូតមកទល់ពេលនេះ ការធ្វើតេស្តដីជំហ៊ានទី៣នឹងបង្ហាញលទ្ឋផលនៅពេលឆាប់ៗនេះ។លោកបន្តថា ក្រុមហ៊ុនបានជីកខួងដីចំនួន១៥០រណ្តៅបន្ថែម ដើម្បីធ្វើឲ្យប្រាកដថាគ្រឹះរបស់អាគារនេះមិនត្រឹមតែអាចទ្រទ្រង់ទម្ងន់ និងកំពស់អាគារនោះទេ ប៉ុន្តែអាចការពារការញ្ជួយដីរហូតដល់កម្រិត៩រិកទ័រទៀតផង។
លោកបន្តថា នៅកម្ពុជាមិនដែលមានការរញ្ជូយដីនោះទេ ប៉ុន្តែនេះជាការបង្ការជាមុន ព្រោះយើងមិនអាចដឹងថាអ្វីនឹងកើតឡើងនៅពេលអនាគតនោះទេ ជាក់ស្តែងជាបទពិសោធន៍ទីក្រុងបាម ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់បានរងការរញ្ជួយដីនៅឆ្នាំ១៩៩១ ដែលធ្វើឲ្យអាគារនានាក្នុងទីក្រុងនេះដួលរាបដល់ដី ខណៈដែលទីក្រុងនេះមិនដែលរងការរញ្ជួយដីរយៈពេល៥០០០ឆ្នាំមកហើយ។លោកបន្តថា ការសាងសង់អាគារខ្ពស់ជាងគេនៅទីក្រុងភ្នំពេញនេះ នឹងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខ ដោយគ្រោងចំណាយរយៈពេលសាងសង់បីឆ្នាំ និងគ្រោងចំណាយទឹកប្រាក់រហូតដល់២១០០លានដុល្លារ និង៣០០០លានដុល្លារទៀតសម្រាប់បំពាក់សម្ភារៈ និងធ្វើយ៉ាងណាឲ្យអាគារនេះអាចដំណើរការដោយរលូន។
លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា “ទឹកប្រាក់សម្រាប់សាងសង់និងដំណើរការអាគារនេះមានគ្រប់គ្រាន់ហើយ មិនមានការព្រួយបារម្ភពីថវិកាសសម្រាប់សាងសង់អាគារនេះនោះទេ”។
អាគារពាណិជ្ជកម្មថៃប៊ុនរ៉ុងនេះ វិនិយោគដោយក្រុមហ៊ុនថៃ ប៊ុនរ៉ុងគ្រុបនិងក្រុមហ៊ុនលំដាប់លេខ១មកពីប្រទេសចិន និងគ្រោងសាងសង់លើផ្ទៃដីទំហំជាង៦ហិកតា ស្ថិតនៅតំបន់កំសាន្តឌ្រីមលែនដ៍។
នៅពេលសួរថាតើអាគារនេះធំពេកឬទេសម្រាប់ទីក្រុងភ្នំពេញ ខណៈទំហំសសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅមានកម្រិត លោកសាស្រ្តាចារ្យទួស សាភឿនបានថ្លែងថា ទំហំគម្រោងនេះមិនធំនោះទេ បើគិតពីកម្រិតការប្រើប្រាស់របស់អាគារនេះ ព្រោះអាគារនេះមានផ្សារទំនើបលំដាប់ផ្កាយប្រាំ សម្រាប់លក់ទំនិញល្បីៗលើពិភពលោក មានអាគារការិយាល័យ មានអាផាតម៉ិនសម្រាប់អភិជននិងវរៈជន មានសណ្ឋាគារកម្រិតផ្កាយ៦ ភោជនីយដ្ឋានកម្រិតផ្កាយប្រាំ និងកន្លែងគយគន់ទិដ្ឋភាពទីក្រុងភ្នំពេញនៅជាន់លើបង្អស់នៃអាគារនេះជាដើម។
លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញបានថ្លែងថា ការសាងសង់អាគារខ្ពស់នៅរាជធានីភ្នំពេញជាបញ្ហាធំដែលត្រូវយកចិត្តទុកដាក់ និងគិតគូរយ៉ាងយកចិត្តទុកដាក់ ដោយសំណួរដំបូងត្រូវសួរថាវាមានផលប៉ះពាល់ផ្លូវអាកាសឬទេ? សំណួរទី២ តើវាប៉ះពាល់ដល់ដំបន់ត្រូវហាមឃាត់ការសាងសង់អាគារខ្ពស់ឬទេ និងទី៣ ប្រសិនជាមានអគ្គិភ័យកើតឡើង តើយើងត្រូវរំដោះមនុស្សបែបណា ព្រោះសមត្ថភាពពន្លត់អគ្គិភ័យរបស់ក្រុង អាចធ្វើបានត្រឹមជាន់ទី២០ប៉ុណ្ណោះ ហើយកម្ពុជាក៏មិនទាន់មានយន្តហោះសម្រាប់បាញ់ពន្លត់អគ្គិភ័យ និងការរំដោះមនុស្សនៅឡើយទេ។
លោកបន្តថា “ទោះជាមានការអភិរក្សក្តី ទោះជាសមត្ថភាពឆ្លើយតបបញ្ហាអគ្គិភ័យរបស់យើងនៅមានការខ្វះខាតក្តី មិនមែនមានន័យថាយើងមិនអនុញ្ញាត្តឲ្យសាងសង់នោះទេ”។លោកបន្តថា “សាលារាជធានីភ្នំពេញកំពុងធ្វើការសហការជាមួយក្រុមហ៊ុនអន្តរជាតិចំនួនពីរ ដើម្បីធ្វើការងារទាក់ទងនឹងគ្រោះថ្នាក់ជាយថាហេតុ ឬអគ្គិភ័យណាមួយកើតឡើងនៅតាមអាគារខ្ពស់ៗរួចហើយ”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCentury21 Mekongលោកច្រឹក សុខនីមបានថ្លែងថាប្រសិនជាកម្ពុជាសាងសង់អាគារខ្ពស់បែបនេះ វាជារឿងប្រវត្តិសាស្រ្តសម្រាប់កម្ពុជាហើយ ព្រោះវាជាអាគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ី និងជាមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ប៉ុន្តែអ្វីសំខាន់ គឺការសាងសង់គួររៀបចំប្រព័ន្ឋសុវត្ថិភាពយ៉ាងដូចម្តេច ដើម្បីបង្កាហានីភ័យអ្វីមួយកើនទ្បើង ព្រោះវាជាអាគារខ្ពស់ ដែលមានតែនៅតៃវ៉ាន់ ជប៉ុនជាដើម ដូច្នេះប្រសិនជាយើងសាងសង់បានខ្ពស់ជាងគេ វាពិតជាប្រវត្តិសាស្រ្ត លើប្រវត្តិសាស្រ្តហើយ។
លោកបន្តថា “ឥទ្បូវវាធំសម្រាប់កម្ពុជា ប៉ុន្តែបន្តិចទៀតវាមិនធំនោះទេ ព្រោះកម្ពុជាកំពុងឈានទ្បើងបន្តិចម្តងៗ ហើយអាគារនេះស្ថិតនៅចំកណ្តាលបេះដូងរាជធានី ដែលអាចឲ្យយើងមើលឃើញទេសភាពបាន៣៦០ដឺក្រ”។លោកបន្តថា “វាជាកេរ្ត៍ឈ្មោះរបស់កម្ពុជា ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ ធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្រើន ហើយក្រុមហ៊ុនធំៗនឹងដាក់ការិយាល័យកណ្តាលនៅទីក្រុងនេះកាន់តែច្រើន”៕
ដោយ ៖ គង់ លាងហួរ