Saturday, October 11, 2025
Homeសេដ្ឋកិច្ចជាតិគ្រោងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី ភ្នំពេញ-អាកាសយានដ្ឋានមរតកតេជោ

គ្រោងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី ភ្នំពេញ-អាកាសយានដ្ឋានមរតកតេជោ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹក ឱ្យកាន់តែប្រសើរថែមទៀត បើទោះបីការដោះស្រាយបញ្ហាលិចលង់នេះ មានភាពល្អប្រសើរមួយកម្រិតធំយ៉ាងណាក្តី។ បន្ថែមពីនេះ ដើម្បីដោះស្រាយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំ ពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយានដ្ឋានអន្តរជាតិមរតកតេជោ មកភ្នំពេញ រដ្ឋបាលរាជ ធានីភ្នំពេញ មានគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី ផងដែរ។

តាមរយៈកិច្ចប្រជុំសាមញ្ញោលីកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហាប្រឡាយលូ នៅរាជធានីភ្នំ ពេញ បាននិងកំពុងធ្វើការស្តារលូ ប្រឡាយ ក៏ដូចជាស្ថាបនាលូថ្មីមួយចំនួន ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយពេលនេះដោះស្រាយបានមួយកម្រិតធំហើយ បើទោះបីមានភ្លៀងធ្លាក់ធំក្នុងកម្រិតណាក៏ដោយ ពោលគឺអាចដោះស្រាយលិចលង់បានក្នុងរយៈពេលខ្លី មិនច្រើនម៉ោងដូចកាលពីមុនទេ។

លោកឃួង ស្រេង បានបន្តថា ការស្ថាបនាប្រព័ន្ធលូ ប្រឡាយ នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញ របស់រាជរដ្ឋាភិបាល ក្រោមការណែនាំពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យរាជធានីភ្នំពេញ ដោះស្រាយការលិចលង់ បានមួយកម្រិតធំថែមទៀត។ ជាក់ស្តែងនៅផ្នែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ដោះស្រាយនូវការលិចលង់បានយ៉ាងល្អប្រសើរ។ ចំណែកនៅភាគខាងត្បូងឆៀងខាងកើត រាជធានីភ្នំពេញ ក៏នឹងអាចដោះស្រាយបញ្ហាលិចលង់នេះបានល្អដែរ នៅពេលតភ្ជាប់ប្រព័ន្ធលូ រួចរាល់។

លោកឃួង ស្រេង បានបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងកសាងផ្លូវអាកាស ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយានដ្ឋានអន្តរជាតិ តេជោ ចូលមកភ្នំពេញ ក្នុងនោះដែរ ជាគម្រោង អាចស្ថាបនាផ្លូវអាកាស ចាប់ពីរង្វង់មូលកួរស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡា ផ្សារដើមគ។ ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដី ក៏មានគម្រោងផងដែរ ដើម្បីរំដោះចរាចរណ៍ ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ចូលមករាជធានីភ្នំពេញ និងផ្លូវចូលរាជធានី ផងដែរ។ លោកបញ្ជាក់ថា បើការកកស្ទះចរាចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោងនៃស្ថាបនាផ្លូវអាកាស និងផ្លូវ ក្រោមដី អាចនឹងដំណើរការកាន់តែឆាប់។

លោក ឃួង ស្រេង បានលើកឡើងបញ្ហាការប្រមូលសំរាម នៅរាជធានីភ្នំពេញ បានល្អ ហើយមិនកកស្ទះទៀតទេ។ លោកជំរុញឱ្យសហគ្រាសគ្រប់គ្រងសំរាម ធ្វើការពិនិត្យ សិក្សាឡើងវិញហើយរកមូលហេតុជុំវិញប្រជា ពលរដ្ឋដែលមិនព្រមបង់ថ្លៃសំរាម។ ចំពោះអ្នកដែលបានបង់ថ្លៃសំរាម ជាប្រចាំហើយ រដ្ឋបាលរាជធានីភ្នំពេញ រក្សាតម្លៃសំរាមដដែល មិនមានគម្រោងនៃការដំឡើងថ្លៃនោះទេ។ កន្លងមក ក្រុមហ៊ុនស៊ីនទ្រី កំណត់តម្លៃសំ រាម ខុសឆ្គង ដូចជាផ្ទះល្វែងខ្លះ១៥ដុល្លារ ១ខែ។ ដូច្នេះសហគ្រាសគ្រប់គ្រងសំរាម ត្រូវកាត់តម្រឹមការយកតម្លៃខុសបែបបទនេះចេញ ធ្វើម៉េចឱ្យសមរម្យ ដើម្បីជំរុញឱ្យពួកគាត់ចូលរួមក្នុងការបង់ថ្លៃសំរាម ឱ្យបានទាំង អស់ គ្នា។

ក្នុងកិច្ចប្រជុំនោះដែរ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះគណៈ អភិបាលរាជធានី និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែកញ្ញា កន្លងមក ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានធ្វើការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀប រៀបរយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ បានល្អ។ ក្នុងនោះរដ្ឋបាលរាជធានី ក៏បានរៀបចំជូនដំណើរប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត តាមរយៈរថ យន្តក្រុងសាធារណៈបានល្អ ហើយប្រជាពលរដ្ឋសប្បាយរីករាយ៕

RELATED ARTICLES