ខេត្តឧត្តរមានជ័យ ៖ យុវជនឈាមរាវចិត្តឃោរឃៅម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក មកដល់ផ្ទះ ក៏រករឿងអុកឡុកពេញផ្ទះ លុះឪពុកចេញមកឃាត់ ស្រាប់តែកូនប្រុសចិត្តកំណាចរូបនេះ បានស្ទុះទៅទាញកាំបិតមកកាប់ប្រហារឪពុកបង្កើតខ្លួនឯងចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ដៃ និងក្បាល រួចក៏ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះអូសយកទៅចាត់ការតាមច្បាប់។
ករណីកូនប្រុសស្រវឹងប្រើអំពើហិង្សាកាប់ឪពុកបង្កើត២កាំបិតរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង ៤០នាទីព្រលប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិឈើក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង។
ជនបង្កហេតុជាកូនប្រុស ដែលកាប់ឪពុកបង្កើត២កាំបិត មានឈ្មោះសារ៉ាត់ ផែន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកបុរសរងគ្រោះមានឈ្មោះអ៊ុំ សារ៉ាត់ អាយុ៥៧ឆ្នាំ មុខរបរកសិករ។ ឪពុក និងកូនប្រុសទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (ស្នាក់នៅផ្ទះជាមួយគ្នា)។
តាមប្រភពពីក្រុមគ្រួសារ បានរៀបរាប់ប្រាប់ថា ជនបង្កខាងលើ គឺជាមនុស្សមានចរិតកោងកាចខ្លាំងណាស់ មិនចេះស្តាប់បង្គាប់ឪពុកម្តាយ ឬចាស់ទុំណាទេ។ រាល់ថ្ងៃជនបង្កគ្មានការអ្វីធ្វើឡើង ដើរតែផឹកស៊ីជាមួយបនភឿនជាក្មេងទំនើងប្រចាំភូមិ លុះពេលស្រវឹងស្រាម្តងៗ តែងបង្ករឿងឈ្លោះប្រកែក អុកឡុកពេញផ្ទះ ព្រមទាំងសម្លុតគំរាមបងប្អូនឪពុកម្តាយជារឿយៗ ធ្វើឱ្យក្រុមគ្រួសាររស់នៅដោយការភ័យខ្លាច ជារៀងរាល់ថ្ងៃ។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ មិនដឹងជាជនបង្កទៅផឹកស៊ីនៅឯណាទេ លុះពេលត្រឡប់មកដល់ផ្ទះស្ថិតក្នុងសភាពស្រវឹង ស្រាជោកជាំ បានរករឿងអុកឡុកពេញផ្ទះ ទើបធ្វើឱ្យបុរសរងគ្រោះជាឪពុកទ្រាំមិនបាន ក៏ចេញមកឃាត់ ស្រាប់តែកូនប្រុសកំណាច មិនត្រឹមតែមិនស្តាប់សម្តីឪពុកទេ ថែមទាំងបានស្ទុះទៅទាញកាំបិត កាប់ប្រហារឪពុកចំនួន២កាំបិត បណ្តាលឱ្យរងរបួសត្រង់ដៃខាងស្តាំ១កាំបិត និងក្បាល១ កាំបិត ហូរឈាមស្រោចពេញខ្លួន រងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះជាឪពុកត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ចំណែកជនដៃដល់ជាកូនប្រុសចិត្តកំណាចឃោរឃៅ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កូនគ្រៀល ចុះឃាត់ខ្លួនបញ្ជូនទៅកាន់អធិការនគរបាលក្រុងសំរោង ដើម្បីចាត់ការតាមនីតិវិធី៕