ជីជី ដែលធ្វើឱ្យគេផ្អើលពេញផ្ទៃប្រទេស ព្រោះតែរឿងគេច្រឡំជាស្រីខារ៉ាអូខេដែលរាំស្រាតនោះ បានប្រេះឆាជាមួយសង្សារកូនអ្នកមានមួយរយៈធំទៅហើយ ដោយពិធីការិនីរូបនេះ បែរជាស្និទ្ធស្នេហ៍ជាមួយកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ទៅវិញ។
ប៉ុន្តែ តាមដំណឹងចុងក្រោយ បានឱ្យដឹងថា ជីជី បានវិលរកស្នេហ៍ចាស់ជាកូនអ្នកមានទ្រព្យស្តុកនោះវិញហើយ ដោយបុរសម្ចាស់រថយន្ត Range Rover នោះ ក្តៅក្រហាយរឿងគេច្រឡំជីជី រាំស្រាតនោះទៀតផង…។
ជីជី ដែលចេញមុខបកស្រាយជាបន្ទាន់ រឿងគេច្រឡំនាងរាំស្រាតនោះ នៅតែអៀនៗនៅឡើយ ពេលដែលត្រូវមិត្តភក្តិរួមអាជីពបានសួរនាំរឿងនេះជាថ្មី ធ្វើឱ្យស្រីស្អាតរូបនេះមិនសប្បាយចិត្តទេ ដោយពេលខ្លះថែមទាំងចង់ខឹងអ្នកសួរទៀតផង។
យ៉ាងណា ការដែលជីជី តក់ក្រហល់ប្រកែករឿងគេចោទនាងថា រាំស្រាតឱ្យតាតាមើលនោះ គឺដោយសារតែស្រីស្អាតសាច់សខ្ចីរូបនេះ ត្រូវសង្សារជាកូនអ្នកមាន លោក “ជា” ដែលជាម្ចាស់រថយន្ត Range Rover នោះច្រឡោតខឹងខ្លាំង នៅពេលដែលម្នាក់ៗគិតតែពីម៉ៃថា អ្នកដែលរាំស្រាត ហើយមានប្រុសម្នាក់ឱបរឹតពីក្រោយដោយស្រើបស្រាលនោះ គឺមានរូបរាងដូចជីជី ពិធីការិនីទូរទស្សន៍ CTN។
ជីជី មិនត្រឹមតែស្ពឹកមុខត្រូវសង្សារសួរដេញដោលថា មានដែលចូលទៅរាំនៅខារ៉ាអូខេកូឡូសូ នោះទេ តែមិត្តភក្តិរួមអាជីពជាមួយនាងជាច្រើននាក់ ក៏បានទូរស័ព្ទមកសួរមិនឈប់សោះ បើទោះជានាងប្រកែកឡើងរួយមាត់ទៅហើយក្តី។
ជីជី ឬពេជ្រ សូលីដា ដែលជាប្អូនស្រីពេជ្រ សិរីរ័ត្ន នោះ មានមន្តស្នេហ៍មិនធម្មតាឡើយ តាំងពីឡើងកូដនៅ CTN នាពេលចុងក្រោយនេះ លោកឧកញ៉ាមិនតិចរូបទេ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍តារាតូចតន់នេះ ក្នុងនោះ មានទាំងលោកផ្កាយ2ម្នាក់ទៀតផង ទើបធ្វើឱ្យសង្សារនាង លោក “ជា” ប្រចណ្ឌស្រីក្មេងរូបនេះ ក្រោយមានព័ត៌មាននាងកៀកកើយជាមួយលោកធំផ្កាយ2 នៅក្នុងពិធីជប់លៀងមួយនោះ ដែលធ្វើឱ្យជីជី ផ្តាច់ស្នេហ៍ពីកូនអ្នកមានទ្រព្យនោះ មួយរយៈធំទៀតផង។
ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺនៅដើមឆ្នាំ 2018 នេះ គេបែរជាប្រទះឃើញជីជី និងសង្សារចាស់បានវិលមករកភាពស្អិតល្មួតគ្នាសាជាថ្មីឡើងវិញ ដោយរួមដំណើរក្នុងរថយន្តតែមួយដូចមុនអ៊ីចឹង ទើបធ្វើឱ្យតារាដែលស្និទ្ធស្នាលជីជី បាននិយាយដៀមដាមឱ្យពិធីការិនីរូបនេះថា “បែកគ្នាមួយរយៈ ពេលត្រូវរ៉ូវគ្នាវិញ គឺផ្អែមជាងស្ករតាំងម៉ែ” ទៀត តែជីជី ស្ងាត់មាត់ឈឹង មិនហ៊ានតបតបន្តិចឡើយ។
ជីជី ដែលមានសម្រស់គួរឱ្យទាក់ទាញនៅ CTN នោះ ទោះជាល្បីថា មានមន្តស្នេហ៍ខ្លាំងប៉ុនណា តែនាងមិនអាចប្រជែងទ្រព្យជាមួយពិធីការិនីរួមដំបូល ដូចជា បេប៊ី និងគង់ វង្សយ៉ាទី បានទេ ព្រោះថា ពេលនេះ ពួកគេសុទ្ធតែជិះរថយន្តទំនើបជាងជីជី និងរស់នៅវីឡាស្កឹមស្កៃ។
ដោយឡែក ជីជី បានប្រាប់អ្នកកាសែត ដោយត្អូញត្អែរថា បើសិនជានាងមានលោកធំ និងឧកញ៉ាៗ ជាសង្សារដូចគេថាមែននោះ ម៉្លេះសមពេលនេះនាងក្លាយទៅជា “ជំទាវ” បាត់ទៅហើយ មិនមែននៅថតកុន ធ្វើពិធីករដូចពេលនេះទេ។
តារាសិល្បៈដែលជ្រកក្រោមដំបូល CTN បាន បង្ហើបដោយសុំមិនបញ្ចោញឈ្មោះថា ការផ្តើមស្នេហាជាថ្មី រវាងជីជី និងសង្សារចាស់នោះ អាចប្រឈមការប្រេះឆាជាថ្មីគ្រប់ពេល ព្រោះថាលោក “ជា” នោះ ជាបុរសដែលប្រចណ្ឌខ្លាំងណាស់ ពិសេសគឺមិនពេញចិត្តឱ្យពិធីការិនីសាច់ខ្ចីរូបនេះ ទាក់ទងជាមួយកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា នោះទៀតទេ។ បើសិនជាជីជី ប្រឆាំងសង្សារ ហើយនៅតែស្អិតល្មួតជាមួយវឌ្ឍនាកា នោះ ច្បាស់ជាពួកគេចែកផ្លូវគ្នាសាជាថ្មីទៀតមិនខានឡើយ។ ប៉ុន្តែ តារារូបនោះបានព្រមានសង្សារជីជី ថា បើជីជី ជាអ្នកសិល្បៈអ៊ីចឹង គ្រាន់តែស្និទ្ធជាមួយអ្នកណាបន្តិចក៏មិនបាននោះ តើមកស្រលាញ់តារាធ្វើអី?
តារារូបនោះ បន្ថែមថា ជីជី មានបុរសអ្នកមានគរជើងចាំទទួលយកនាងធ្វើជាសង្សារ ហើយបើម្ចាស់ឡានទំនើបនោះ ហួងហែងនាងខ្លាំងពេកនោះ ខ្លាចតែថ្ងៃក្រោយទៅ ប្រឈមការស្តាយក្រោយជាមិនខាន៕