ភ្នំពេញ ៖ ក្មេងប្រុសវ័យជំទង់ឃើញក្មេងស្រីម្នាក់ដែលរស់នៅផ្ទះក្បែរគ្នា ចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹក ក៏ចូលទៅតាម រួចក៏ល្បួងរួមរ័កជាមួយគ្នាបានម្តង លុះយប់បន្តិច ឃើញក្មេងស្រីចេញទៅបត់ជើងនៅក្រោយផ្ទះ ក៏តាមទៅល្បួងរួមរ័ករហូតដល់បានសម្រេចម្តងទៀត ទីបំផុត រឿងរ៉ាវបានបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។
ករណីក្មេងប្រុសជំទង់ល្បួងរួមរ័កជាមួយក្មេងស្រី១ថ្ងៃ២ដងនេះ បានកើតឡើងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ លុះស្ត្រីជាម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវចាប់ខ្លួនក្មេងប្រុសជាជនសង្ស័យបាន កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ និងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ក្រោមបទចោទប្រកាន់ “រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ”។
ក្មេងប្រុសជាជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ មានឈ្មោះរ.ប.ល អាយុ១៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះថ.ស.ព អាយុ១២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២៣១ ផ្លូវលំ ភូមិសង្កាត់ជាមួយគ្នា។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ខណៈដែលកូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) ដើរទៅងូតទឹកនៅក្នុងបន្ទប់ទឹក ស្រាប់តែត្រូវក្មេងប្រុសជាជនសង្ស័យ បានដើរចូលទៅតាមងូតទឹកជាមួយ រួចហើយក៏បានធ្វើសកម្មភាពល្បួងរួមរ័កជាមួយកូនស្រីគាត់រហូតដល់បានសម្រេចម្តង។ បន្ទាប់មក នៅវេលាម៉ោង៧យប់ថ្ងៃដដែល ខណៈដែលឃើញកូនស្រីរបស់គាត់ដើរទៅបត់ជើងនៅខាងក្រោយផ្ទះ ជនសង្ស័យក៏បានតាមទៅលួងលោមរួមរ័ករហូតដល់បានសម្រេចជាលើកទី២។
ពាក្យបណ្តឹងខាងលើ បន្តថា លុះមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ កូនស្រីបានទម្លាយរឿងដែលត្រូវក្មេងប្រុសសង្ស័យល្បួងរំលោភនាង ប្រាប់ពួកគាត់ជាឪពុកម្តាយឱ្យបានដឹង ទើបពួកគាត់ប្រញាប់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យយកទៅចាត់ការតាមច្បាប់។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះ ដែលប្តឹងចោទប្រកាន់ទៅលើឈ្មោះរ.ប.ល ថាបានល្បួងរំលោភកូនស្រីរបស់ពួកគាត់ដែលស្ថិតក្នុងវ័យជាអនីតិជន រហូតដល់បានសម្រេច២ដង។ ភ្លាមនោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្មេងប្រុសដែលជនសង្ស័យខាងលើ នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសជាជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានរួមរ័កជាមួយក្មេងស្រីរងគ្រោះដល់ទៅ២ដងមែន តែមិនមែនជាការចាប់បង្ខំរំលោភអ្វីនោះទេ គឺពួកគេបានព្រមព្រៀងគ្នា ព្រោះរវាងពួកគេទាំង២នាក គឺ់ជាសង្សារនឹងគ្នាស្រលាញ់គ្នាមួយរយៈមកហើយ។
ក្មេងប្រុសជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ចោទប្រកាន់ពីបទ “រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ” រួចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨៕