ខេត្តរតនគិរី ៖ បុរសម្នាក់បានស្តីបន្ទោសកូនប្រុសតិចតួច ស្រាប់តែកូនប្រុសបែរជាតមាត់ជាមួយឪពុកវិញ បង្កបានជាជំលោះតឹងសរសៃកដាក់គ្នា រហូតដល់ឪពុកទប់ចិត្តមិនជាប់ ក៏ស្ទុះទៅទាញអង្កត់អុសវាយទៅលើកូនប្រុសរបស់ខ្លួន បណ្តាលឱ្យសន្លប់ស្តូកស្តឹងរងរបួសធ្ងន់ ចំណែក បុរសជាឪពុកត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។
ករណីឪបង្កើតវ៉ៃកូនប្រុសសន្លប់ស្តូក ព្រោះតែខឹងនឹងកូនប្រុសតមាត់នេះ បានកើតឡើង កាលពីវេលាម៉ោង៧នឹង៥៤នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់។
យុវជនរងគ្រោះដែលត្រូវឪពុកបង្កើតវាយរហូតដល់សន្លប់មានឈ្មោះពីវ ក្លុត អាយុ១៧ឆ្នាំ ជាជនជាតិទំពួន មុខរបរកសិករ។ ចំណែក ជនបង្កជាឪពុក មានឈ្មោះខ្លែម ពីវ អាយុ៣៨ឆ្នាំ ជាជនជាតិទំពួន មុខរបរកសិករ ។ ឪពុកកូនអ្នកទាំង២ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កជាឪពុក បានស្តីបន្ទោសកូនប្រុសតិចតួច ស្រាប់តែកូនប្រុសមិនត្រឹមតែមិនស្តាប់ ថែមទាំងបានតមាត់ជាមួយឪពុកទៀតផង ទើបធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា។ បន្ទាប់មកេ ដាយសារតែជនបង្កទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញដំបង និងកំណាត់ដើមដំឡូងមី មកវាយសំពងទៅលើកូនប្រុស បណ្តាលឱ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពលំផាត់ ដើម្បីព្យាបាលរបួស។ ចំណែកជនបង្កជាឪពុក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកាឡែង សហការជាមួយកម្លាំងប្រជាការពារចុះឃាត់ខ្លួន នាំយកទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកលំផាត់៕