Thursday, January 16, 2025
Homeសង្គម និងជីវិតអកុសលម៉្លេះ! តាទិញរថយន្តថ្មី បើកបុកចៅស្រីស្លាប់

អកុសលម៉្លេះ! តាទិញរថយន្តថ្មី បើកបុកចៅស្រីស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ទើបនឹងទិញរថយន្តថ្មីៗ ក៏ឡើងបើកសាកល្បង ស្រាប់តែអកុសល ជ្រុលចង្កូតបុកចៅស្រីខ្លួនឯងចំនួន២នាក់ ដែលកំពុងអង្គុយលេងនៅតាមចិញ្ចើមផ្លូវ ដោយរុញផ្ទប់ទៅនឹងរបងថ្ម បណ្តាលឱ្យស្លាប់ម្នាក់ របួសស្រាលម្នាក់ ចំណែករបងថ្មបានបាក់អស់១ផ្ទាំង។

ដោយឡែកបុរសជាអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែ មីនា ឆ្នាំ២០១៨ នៅតាមផ្លូវលំ ស្ថិតនៅក្នុង ភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ។

បុរសដែលបើករថយន្តបុកចៅស្រីខ្លួនឯង ស្លាប់នោះ មានឈ្មោះទី បាន អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុ គាត់ទើបទិញរថយន្ត១គ្រឿងម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3765។ ចំណែកក្មេងស្រីរងគ្រោះ ដែលបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម មានឈ្មោះសំណាង ពិសី អាយុ៥ឆ្នាំ ជាសិស្សសាលាមត្តេយ្យ ចំណែកចៅស្រី ម្នាក់ទៀត រងរបួសស្រាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើ គឺជាកូនកំព្រា ដោយឪពុករបស់នាងមានប្រពន្ធថ្មីទៀត និងបានទៅរស់នៅឯស្រុកផ្សេងបាត់ហើយ ចំណែកស្ត្រីជាម្តាយបានស្លាប់បាត់ទៅហើយ។ សព្វថ្ងៃ ក្មេងស្រីរងគ្រោះរស់នៅជាមួយម្តាយមីងម្នាក់ទៀតឈ្មោះថន ស្រីមុំ អាយុ៣២ឆ្នាំ នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសដែលត្រូវជាជីតារបស់ក្មេងស្រីរងគ្រោះ ទើបតែទិញរថយន្តម៉ាកសាំងយ៉ុង១គ្រឿង បានរយៈពេលជាង១០ថ្ងៃប៉ុណ្ណោះ ហេតុនេះមិនទាន់ចេះបើកបរស្ទាត់ជំនាញនៅឡើយ។ នៅមុនពេលកើតហេតុ បុរសជាជីតា បានរៀនបើកបររថយន្តដោយខ្លួនឯង ដោយគ្មានគ្រូមកបង្ហាត់បង្រៀនទេ និងបានបើកក្រឡឹងតាមផ្លូវលំនៅ ក្នុងភូមិ។ លុះបើកបាន២ទៅ៣ជុំ ទៅដល់ត្រង់ ចំណុចកើតហេតុខាងលើ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរេចង្កូតជ្រុលទៅខាងឆ្វេងដៃ បុកចៅស្រីទាំង២នាក់ ដែលកំពុងអង្គុយលេងចិញ្ចើមផ្លូវ ដោយរុញផ្ទប់នឹងរបងថ្ម បណ្តាលឱ្យចៅស្រីម្នាក់ស្លាប់ ចំណែកម្នាក់ទៀតរងរបួសស្រាល និងធ្វើឱ្យបាក់របងថ្មអស់១ផ្ទាំងទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះទៅធ្វើការវាស់វែង ព្រមទាំងឃាត់ខ្លួនបុរស ដែលជាអ្នកបើកបររថយន្តខាងលើ នាំទៅសាក សួរនៅប៉ុស្តិ៍ បន្ទាប់មកបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ដោយឡែក សពក្មេងស្រីរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES