Thursday, January 16, 2025
Homeសង្គម និងជីវិតម្តេចក៏ដល់ថ្នាក់ណឹង! ខូចចិត្ត ផឹកសាំងសម្លាប់ខ្លួន

ម្តេចក៏ដល់ថ្នាក់ណឹង! ខូចចិត្ត ផឹកសាំងសម្លាប់ខ្លួន

ភ្នំពេញ ៖ យុវជនម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែពេលដើរកាត់កន្លែងលក់សាំង ក៏ទាញយកដបសាំងចំណុះកន្លះលីត្រ១ដប មកផឹក បណ្តាលឱ្យបែកពពុះមាត់ប្រកាច់រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍មួយកន្លែង នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទល់មុខសាលាអន្តរជាតិ ISPP ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

យុវជនរងគ្រោះ ដែលផឹកសាំងប៉ងសម្លាប់ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ២០ឆ្នាំ និងមានរូបរាងស្គមស្គាំង ពាក់អាវដៃវែងពណ៌ទឹកប៊ិក ស្លៀកខោខូវប៊យ។

តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះខាងលើ មិនមែនជាអ្នករស់នៅក្នុងមូលដ្ឋានខាងលើនេះទេ ហើយក៏ពុំមានអ្នកធ្លាប់ស្គាល់ពីមុនមកដែរ។ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរតាមបណ្តោយផ្លូវខាងលើក្នុងសភាពធម្មតា លុះមកដល់ តូបលក់សាំង ស្រាប់តែជនរងគ្រោះ ស្រវាស្ទុះទៅយកដបសាំងចំណុះកន្លះលីត្រចំនួន១ដប យកមកផឹកយកៗ បណ្តាលឱ្យបែកពពុះមាត់ប្រកាច់ស្តូកស្តឹងនៅហ្នឹងកន្លែង។

ប្រភពដដែលបន្តថា នៅពេលដែលឃើញជនរងគ្រោះផឹកសាំងអស់១ដប បណ្តាលឱ្យបែកពពុះមាត់ភ្លាម ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍។

លុះបន្តិចក្រោយមក ក៏មានកម្លាំងនគរបាល និងប្រជាការពារសង្កាត់ជាច្រើននាក់ បានចុះអន្តរាគមន៍ និងជួយទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី។

យ៉ាងណាក្តី មិនមានប្រភពណាមួយ អាចបញ្ជាក់ពីមូលហេតុអ្វីដែលនាំឱ្យជនរងគ្រោះសម្រេចចិត្តគិតធ្វើបែបនេះឡើយ៕

RELATED ARTICLES