Friday, January 17, 2025
Homeសង្គម និងជីវិតរលំផ្ទះសង្កត់ជាងធ្វើផ្ទះស្លាប់២នាក់ របួស២នាក់

រលំផ្ទះសង្កត់ជាងធ្វើផ្ទះស្លាប់២នាក់ របួស២នាក់

ខេត្តបន្ទាយមានជ័យ ៖ ជាងធ្វើផ្ទះ១ក្រុម បាននាំគ្នារៀបចំដូយផ្ទះឈើ២ខ្នង ដើម្បីរៀបការ៉ូឡា ស្រាប់តែអកុសល ផ្ទះបានបាក់ បណ្តាលឱ្យរលំសង្កត់ជាងចំនួន២នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែក២នាក់ទៀតបានទទួលរងរបួសធ្ងន់ស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចទល់មុខមន្ទីរពន្ធដារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ជនរងគ្រោះទាំង២នាក់ដែលបាត់បង់ជីវិតក្នុងហេតុការណ៍រលំផ្ទះសង្កត់នេះ រួមមាន ទី១-ឈ្មោះខ្លូត សារួន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមេជាងធ្វើផ្ទះ មានលំនៅក្នុងភូមិស្វាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ និងទី២-ឈ្មោះធុច ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះឆាវ បួត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ រីឯអ្នករងរបួសស្រាលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានក្រុមជាងឈើធ្វើផ្ទះមួយក្រុម មានគ្នា៨នាក់ បាននាំគ្នាមកជួសជុលផ្ទះឈើ២ល្វែង នៅចំណុចខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះទី ប្រកបមុខលក់ម៉ូតូ មានលំនៅក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ បន្ទាប់មកក្រុមជាងបាននាំគ្នារំកិល និងដូយផ្ទះឈើ២ល្វែងខាងលើ ដើម្បីរៀបចំឥដ្ឋការ៉ូឡានៅផ្នែកខាងក្រោម ខណៈដែលកំពុងដូយដាក់កំណល់ឈើ ក៏មានការខុសបច្ចេកទេសភ្លាត់ស្នៀតបណ្តាលឱ្យផ្ទះឈើបានដួលរលំសង្កត់លើក្រុមជាងទាំងនោះ ធ្វើឱ្យជនរងគ្រោះ ២នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀតទទួលរងរបួសធ្ងន់ស្រាល និងត្រូវបានគេដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន។

ករណីហេតុការណ៍ខាងលើនេះ គេមិនទាន់ដឹងថា សមត្ថកិច្ចនឹងស្រាវជ្រាវស៊ើបអង្កេតបែបណានៅឡើយនោះទេ ហើយក៏មិនទាន់ដឹងថា ម្ចាស់ផ្ទះបានដោះស្រាយជួយឧបត្ថម្ភក្រុមគ្រួសារជនរងគ្រោះយ៉ាងណាដែរ។

ដោយឡែក នៅយប់ថ្ងៃ១២ ខែមីនា ឆ្នាំ២០១៨ លោកហ៊ីល រីយ៉ា អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំក្រុមការងារចុះ សាកសួរសុខទុក្ខសាច់ញាតិជនរងគ្រោះ និងបានជួយឧបត្ថម្ភនូវក្តាមឈូស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ជូនសាច់ញាតិសពសម្រាប់រៀបចំចាត់ចែងធ្វើបុណ្យសពតាមប្រពៃណីផងដែរ៕

RELATED ARTICLES