ខេត្ដស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ មន្ទីរមុខងារសាធារណៈខេត្ត និងរដ្ឋបាលខេត្តស្ទឹងត្រែង បានសហការរៀបចំពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្រោមអធិបតីភាពរបស់ឯកឧត្ដម ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីឯកឧត្ដម អភិបាលខេត្ដ និងថ្នាក់ដឹកនាំនិងមន្រ្តីរាជការជំវិញខេត្តប្រមាណ ១៣០រូប ។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការ បានជ្រួតជ្រាបពីខ្លឹមសារសំខាន់ៗនៃលិខិតបទដ្ឋានគតិយុត្តទាំងនោះ ដើម្បី បង្កលក្ខណៈងាយស្រួលក្នុងការចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ។
ថ្លែងមុនបើកវគ្គផ្សព្វផ្សាយ ឯកឧត្ដម ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក៏បានបញ្ជាក់ផងដែរថា វគ្គផ្សព្វផ្សាយនេះ គឺធ្វើឡើងដើម្បីឲ្យមន្រ្ដីរាជការស៊ីវិល បានទទួលដឹងនៅព័ត៌មានថ្មីៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញតាមរយៈអនុក្រឹត ដើម្បីគ្រប់គ្រងលើវត្ដមាន ការសុំច្បាប់ឈប់សម្រាក ការគ្រប់គ្រងថវិកាចាយវាយរបស់មន្ទីរខេត្ដ ការស្នើតំឡើងថ្នាក់ និងបៀរវត្សរបស់មន្រ្ដីរាជការស៊ីវិល ។
ឯកឧត្ដម អនុរដ្ឋលេខាធិការ ក៏បានបណ្ដាំផ្ញើឲ្យមន្រ្ដីរាជការសីវិល ចូលរួមអនុវត្ដន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ដូចជា៖ ត្រូវមកគោរពទង់ជាតិ នៅពេលព្រឹក គោរពម៉ោងចេញចូលធ្វើការ មានការសុំច្បាប់ឈប់សម្រាកឲ្យបានត្រឹមត្រូវ និងជំរុញឲ្យមន្ត្រីរាជការក្នុងខេត្ត ពង្រឹងវិន័យ និងពិនិត្យការចាយវាយថវិកា ជាតិឲ្យបានត្រឹមត្រូវ ដោយសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕