Wednesday, October 8, 2025
Homeព័ត៌មានជាតិកូនរមិលគុណ ទាញចបគំរាមសម្លាប់ម៉ែឪចោល ខឹងទារលុយមិនបាន

កូនរមិលគុណ ទាញចបគំរាមសម្លាប់ម៉ែឪចោល ខឹងទារលុយមិនបាន

ខេត្តតាកែវ ៖ កូនប្រុសអកតញ្ញូម្នាក់ ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត មកជំរិតទារលុយពីឪពុកម្តាយអត់បាន ស្រាប់តែផ្ទុះកំហឹងទាញចបកាប់មកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ រួចថែមទាំងគំរាមកាប់សម្លាប់ឪពុកម្តាយទៀតផង រហូតដល់ឪពុកម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ចាប់ខ្លួនកូនប្រុសចិត្តកំណាចយកទៅចាត់ការតាមច្បាប់។

ករណីហិង្សា កូនប្រុសទាញចបកាប់គំរាមកាប់សម្លាប់ឪពុកម្តាយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចឃុំស្មោង ស្រុកទ្រាំង។

ជនសង្ស័យជាកូនប្រុសរមិលគុណ ហ៊ានគំរាមកាប់សម្លាប់ឪពុកម្តាយបង្កើតដោយមិនខ្លាចបុណ្យបាបនេះ មានឈ្មោះអ៊ូច ក្រឹម មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីជនរងគ្រោះជាឪពុកម្តាយរបស់ជនបង្ក បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់ពួកគាត់ម្នាក់នេះ (ជនបង្ក) ជាមនុស្សគ្មានការងារអ្វីធ្វើទេ មួយថ្ងៃៗដើរទាត់ខ្យល់ ដើរលេងប៉ោឡែ សេពគប់មិត្តភក្តិសុទ្ធតែជាក្រុមបងតូចបងធំប្រចាំភូមិ តែងជុំគ្នាផឹកស៊ីស្រវឹងអួទីនួរាល់ថ្ងៃ និងថែមទាំងនាំគ្នាប្រើប្រាស់ថ្នាំញៀនទៀតផង ទោះជាពួកគាត់ជាឪពុកម្តាយប្រឹងអប់រំប្រដៅ អូសទាញយ៉ាងណា ក៏កូនប្រុសនេះមិនខ្ចីយកត្រចៀកស្តាប់បន្តិចិណាសោះ។ សព្វថ្ងៃ កូនប្រុសពួកគាត់ម្នាក់នេះញៀនថ្នាំដល់កម្រិតមួយ ទប់អារម្មណ៍ខ្លួនឯងលែងបាន និងវង្វេងស្មារតី លែងសូវដឹងខុសត្រូវទៅហើយ។

ឪពុកម្តាយជនបង្ក បានបន្តថា នៅមុនពេលកើតហេតុ កូនប្រុសនេះបានមកសុំលុយពីពួកគាត់ បំណងយកទៅទិញថ្នាំញៀនជក់ តែពួកគាត់ប្រាប់ថា អត់មានលុយទេ និងបានស្តីបន្ទោសឱ្យកូនប្រុសតិចតួចពីរឿងដើរជក់ថ្នាំញៀន ស្រាប់តែកូនប្រុសកំណាចរូបនេះ ខឹងច្រឡោតស្ទុះទៅទាញចបកាប់មកវាយបំផ្លាញរបស់របរក្នុងផ្ទះ បណ្តាលឱ្យបាក់បែកខ្ទេចអស់ និងថែមទាំងគំរាមកាប់សម្លាប់ពួកគាត់ជាឪពុកបង្កើតទៀតផង ជាហេតុធ្វើឱ្យពួកគាត់ទ្រាំនឹងទង្វើឃោរឃៅរបស់កូនប្រុសរូបនេះលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយពីទទួលបានបណ្តឹងភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនបង្កខាងលើ នាំយកមកសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES