Wednesday, October 8, 2025
Homeព័ត៌មានជាតិតាប្រពន្ធស្លាប់ចោលយូរ ចិត្តល្អឲ្យផ្ទះស្ត្រីពោះធំ៨ខែស្នាក់នៅ យប់ឡើងចាប់រំលោភ

តាប្រពន្ធស្លាប់ចោលយូរ ចិត្តល្អឲ្យផ្ទះស្ត្រីពោះធំ៨ខែស្នាក់នៅ យប់ឡើងចាប់រំលោភ

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវប្រពន្ធស្លាប់ចោលយូរឆ្នាំមកហើយ ទើបធ្វើឱ្យរស់នៅកណ្តោចកណ្តែងតែឯងឯកា លុះមានស្ត្រីពពោះ៨ខែម្នាក់ ដើររសាត់អណ្តែតគ្មានទីពឹងមកសុំស្នាក់នៅ១យប់ ក៏អនុញ្ញាត ស្រាប់តែយប់ឡើង បែរជាបែកគំនិតលបបើកមុងចូលទៅចាប់រំលោភស្ត្រីពោះធំ៨ខែ រហូតដល់បានសម្រេច ធ្វើឱ្យស្ត្រីរងគ្រោះឈឺពោះរត់ទៅមណ្ឌលសុខភាពឱ្យគ្រូពេទ្យជួយពិនិត្យ ទើបបែកធ្លាយរឿងរ៉ាវ និងត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនបុរសចំណាស់យកទៅចាត់ការតាមច្បាប់។

ករណីតាចាស់ចាប់រំលោភស្ត្រីមានផ្ទៃពោះ៨ខែខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្ពានអូរកញ្ចុះ ស្ថិតក្នុងភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល។

បុរសចំណាស់ដែលចាប់រំលោភស្ត្រីពពោះ៨ខែ រហូតដល់បានសម្រេច និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហុំ ស្មាន់ អាយុ៥៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានអាយុ២៥ឆ្នាំ និងកំពុងពពោះកូនក្នុងផ្ទៃ៨ខែ មានស្រុកកំណើតនៅឃុំតាគ្រៃ ស្រុកកំរៀង។

តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ដោយសារតែនាងក្រីក្រគ្មានទីពឹង ដើរដាច់សង្វែងគ្មានកន្លែងជ្រក ទើបរសាត់អណ្តែតមកដល់ភូមិឃុំកើតហេតុខាងលើ និងបានសុំផ្ទះអ្នកភូមិម្នាក់ស្នាក់នៅអស់រយៈពេល២យប់មកហើយ។ លុះមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នាងក៏បានមកសុំផ្ទះបុរសចំណាស់ខាងលើ (ជនសង្ស័យ) ស្នាក់នៅ១យប់ ចំណែកបុរសចំណាស់នោះក៏ចិត្តល្អណាស់ដែរ យល់ព្រមឱ្យនាងស្នាក់នៅដោយមិនប្រកែក។

ស្ត្រីរងគ្រោះបន្តថា លុះដល់យប់ឡើង ជនសង្ស័យបានរៀបចំកន្លែងឱ្យនាងដេកត្រឹមត្រូវ ដោយបានចងមុងក្នុងកូនខ្ទមរបស់គាត់ ការពារកុំឱ្យមុសខាំនាងទៀតផង។ ស្រាប់តែយប់ជ្រៅបន្តិច ខណៈដែលនាងកំពុងដេកលង់លក់ បែរជាជនសង្ស័យជាម្ចាស់ផ្ទះបានលបបើកមុខចូលមក ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាងទាំងកំរោល ហើយពេលនេះ នាងក៏បានព្យាយាមសំពះអង្វរជនសង្ស័យដែរថា កុំធ្វើបាបនាងអី ព្រោះនាងកំពុងមានផ្ទៃពោះ៨ខែ ជិតដល់ថ្ងៃសម្រាលទៅហើយ ប៉ុន្តែជនសង្ស័យដែលមើលទៅហាក់កំពុងស្រេកឃ្លានតណ្ហាយ៉ាងខ្លាំងនោះ មិនរវល់ស្តាប់ពាក្យអង្វរករបស់នាងឡើយ ដោយបានធ្វើសកម្មភាពចាប់នាងរំលោភរហូតដល់បានសម្រេចតែម្តង។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា ក្រោយពីត្រូវជនសង្ស័យចាប់រំលោភរួច នាងហាក់មានអាការៈឈឺពោះយ៉ាងខ្លាំង ទើបប្រញាប់ដើរសំដៅទៅមណ្ឌលសុភាពទាំងយប់ ដើម្បីឱ្យគ្រូពេទ្យជួយពិនិត្យ ថាតើនាងដល់ពេលត្រូវសម្រាលហើយ ឬក៏យ៉ាងណា។ លុះពេលទៅដល់ គ្រូពេទ្យពិនិត្យរួចរាល់ បានប្រាប់ថា នាងមិនទាន់ដល់ពេលសម្រាលទេ រួចក៏បានសួរនាំពីដំណើរដើមទង ទើបនាងបានប្រាប់ថា នាងត្រូវជនសង្ស័យខាងលើចាប់រំលោភ ទើបធ្វើឱ្យឈឺពោះខ្លាំងបែបនេះ ហើយភ្លាមនោះ គ្រូពេទ្យក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហុំ ស្មាន់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភស្ត្រីរងគ្រោះ ដូចអ្វីដែលនាងបានប្តឹងចោទប្រកាន់ប្រាកដមែន មូលហេតុដោយសារតែខ្លួនត្រូវប្រពន្ធស្លាប់ចោល រស់នៅម្នាក់ឯងយូរជូរមាត់ ទើបប្រព្រឹត្តបែបនេះ។

ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានសុំគាត់ជាម្ចាស់ផ្ទះស្នាក់នៅមួយយប់ ចំណែកគាត់ដោយមើលឃើញនាងមានផ្ទៃពោះ មានចិត្តអាណិត ក៏ព្រមឱ្យនាងស្នាក់នៅ លុះយប់ជ្រៅ តណ្ហាកម្រើកក៏ដាច់ចិត្តលបបើកមុងចូលទៅចាប់ស្ត្រីរងគ្រោះ រំលោភរហូតដល់បានសម្រេចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES