ម៉ែឪរវល់ កូន៣ឆ្នាំខេត្តស្វាយរៀង ៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ដោយសារតែម៉ែឪរវល់ធ្វើការងារផ្ទះមិនបានមើលកូន ទើបកុមាររូបនោះបានកាន់ដងសន្ទូចស្ទូចត្រីនៅមាត់ស្រះ ខាងជើងផ្ទះ ចម្ងាយ១៥ម៉ែត្រ តែអកុសល បានរអិលជើងធ្លាក់ចូលក្នុងទឹកស្រះគ្មានអ្នកដឹង បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ស្រាប់តែមានអ្នកប្រទះឃើញសពកុមាររងគ្រោះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កុមាររងគ្រោះខាងលើបានកាន់ដងសន្ទូចស្ទូចត្រី ធ្វើអំពីជ័រដើរស្ទូចលេង និងដើរទៅស្ទូចត្រីនៅចំណុចមាត់ស្រះខាងលើ ហើយឪពុកម្តាយមិនបានចាប់អារម្មណ៍ ដោយសាររវល់ការងារផ្ទះ ហើយនៅម៉ោងប្រមាណជា៤និង១០នាទីរសៀល ទើបបានដឹងថា បាត់កូនក៏នាំគ្នាដើររក ប៉ុន្តែដើររកមិនឃើញ ក៏មានការសង្ស័យថា ក្រែងដើរធ្លាក់ស្រះទឹកខាងជើងផ្ទះ ក៏បានរកអ្នកជិតខាងឱ្យចុះរាវរកក្នុងស្រះ ទើបប្រទះឃើញសពក្មេងប្រុសស្លាប់នៅក្នុងបាតស្រះទឹកទៅហើយ ធ្វើឱ្យឪពុកម្តាយកុមាររងគ្រោះរន្ធត់ចិត្តយំក្តុកក្តួលស្តាយស្រណោះជីវិតកូនពន់ពេក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ផ្ទះកើតហេតុខាងលើ ដើម្បីពិនិត្យសពក្មេងប្រុសរងគ្រោះ ប៉ុន្តែពុំមានស្លាកស្នាមគួរឱ្យសង្ស័យមានជាប់ពាក់ព័ន្ធករណីឃាតកម្មទេ គឺកុមាររងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបសមត្ថកិច្ចប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថា ករណីក្មេងតូចលង់ទឹកព្រែក ស្រះ ត្រពាំ ងតែងកើតមានឡើងជាប្រចាំ។ មូលហេតុមកពីឪពុកម្តាយ ឬអាណាព្យាបាលក្មេងទាំងនេះ មានការធ្វេសប្រហែស បណ្តែតបណ្តោយឱ្យកូនតូចទៅលេងនៅកន្លែងទឹកទាំងនោះ ទើបបណ្តាលឱ្យរអិលជើងធ្លាក់ចូលទៅក្នុងទឹក គ្មានអ្នកប្រទះឃើញ ជួយសង្គ្រោះទាន់ពេលវេលា បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕