Wednesday, October 8, 2025
Homeព័ត៌មានជាតិបាតុភូតថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅចន្លោះថ្ងៃទី២០-២២ មីនា

បាតុភូតថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅចន្លោះថ្ងៃទី២០-២២ មីនា

ខេត្តសៀមរាប ៖ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ឆ្នាំ២០១៨ នេះ នឹងកើតឡើងជាថ្មីទៀត នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ក្នុងវេលាចន្លោះពីម៉ោង៥ ដល់ម៉ោង ៧ព្រឹក ហើយដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រសួងទេសចរណ៍នឹងរៀបចំការប្រកួតប្រជែងថតរូបសែលហ្វី (Angkor photo selfie contest) លើកទី៣ ក្រោមប្រធានបទ “Selfie អង្គរអច្ឆរិយ”។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ លេខ១០៣ សជណ ចុះថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បានឱ្យដឹងថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជា (EQUINOX) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នេះស្តែងឱ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរ ដែលត្រូវបានបុព្វបុរសខ្មែរយើងកសាងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិយ៉ាងច្បាស់លាស់ គួរឱ្យស្ញប់ស្ញែង។ នៅឆ្នាំនេះ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជា អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ចន្លោះម៉ោង៥ៈ០០នាទី ដល់ម៉ោង ៧ៈ០០នាទីព្រឹក។ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ តែងតែមានការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ មករង់ចាំទស្សនា និងផ្តិតយករូបភាព។

ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ ក្រសួងទេសចរណ៍ និងរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) លើកទីបី ក្រោម ប្រធានបទ “Selfie អង្គរ អច្ឆរិយ” ដោយជ្រើសរើសរូបថតដែលមានអ្នកគាំទ្រច្រើនជាងគេ ពីលេខ១ ចំនួន១លានរៀល, លេខ២ ចំនួន៨០ម៉ឺនរៀល និងលេខ៣ ចំនួន៥០ម៉ឺនរៀល។

អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនមេត្តាអញ្ជើញទៅទស្សនា និងផ្តិតយករូបភាពដ៏មហស្ចារ្យនេះ ព្រមទាំងជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយ ដើម្បីចូលរួមដល់យុទ្ធនាការ “កម្ពុជា ៖ ព្រះរាជាណាចក្រអច្ឆរិយ ប្រកបដោយភាពកក់ក្តៅ”៕

RELATED ARTICLES