ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានការបង្ហោះនូវរូបភាពសារឆ្លើយឆ្លងស្នេហាយ៉ាងស៊ីជម្រៅរវាងសង្ឃមួយអង្គ និងស្ត្រីរូបស្រស់ម្នាក់ នៅក្នុងបណ្តាញសង្គមរួចមក បានធ្វើឱ្យមហាជននាំគ្នាចែករំលែកតៗគ្នា កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ និងថែមទាំងមានការរិះគន់ថា ជារឿងអសីលធម៌បំផុតនៅក្នុងសង្គម។
ក្រោយការបែកធ្លាយរឿងរ៉ាវខាងលើនេះ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ត្រីជាម្ចាស់រូប ដែលត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែក និងរិះគន់យ៉ាងចាស់ដៃ បានធ្វើដំណើរទៅកាន់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីដាក់ពាក្យបណ្តឹង និងច្រានចោលនូវព័ត៌មានដែលបែកធ្លាយខាងលើនោះថា ជារឿងមិនពិត ខណៈដែលមានជនខិលខូច បានលួចបង្កើតគណនីហ្វេសប៊ុកថ្មី និងបានយករូបរបស់នាងទៅប្រើ រួចបង្កើតជារឿងថោកទាប នាំឱ្យប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់នាង ក៏ដូចជាប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនាផងដែរ។ ដោយសារតែកើតទុក្ខមិនសុខចិត្ត ហេតុនេះទើបនាងសម្រេចប្តឹងឱ្យសមត្ថកិច្ចជំនាញ ជួយអន្តរាគមន៍តាមស្រាវជ្រាវវែកកមុខជនអនាមិក បង្កើតរឿងរ៉ាវនេះឡើង ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Ran Na បានបង្ហោះសារមួយកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ថា “ថ្ងៃនេះខ្ញុំជាម្ចាស់អខោន Pho DaNa បានយកពាក្យបណ្តឹងមកដាក់ប្តឹងនៅនាយកដ្ឋានពត័មានវិទ្យារួចរាល់ហើយ ដើម្បីវែករក មុខជនថោកទាប ដែលបានយករូបខ្ញុំទៅបង្កើតហ្វេសបុកថ្មី ទៅឆាតធ្វើរឿងថោកទាបជាច្រើន ដែលធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់ខ្ញុំ។ ដូចនេះរាល់ព័ត៌មានដែលផុសទាំងអស់ សុទ្ធតែវាធ្វើដើម្បីបង្ខូចកេរ្តិ៍ខ្ញុំទាំងអស់ វាមិនមែនជារឿងពិតនោះទេ ។ សូមមេត្តាជួយស៊ែរបន្តផង អ្នកប្រព្រឹត្តនឹងមកទទួលទោសតាមច្បាប់…”។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មានការបង្ហោះចែកចាយតៗគ្នាពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ជុំវិញរឿងរ៉ាវបែកធ្លាយសារ ឆាតសាងសងស្នេហារវាងព្រះសង្ឃមួយអង្គ ដែលត្រូវគេអះអាងថា គង់នៅវត្តសន្តិវ័ន ហៅវត្តទួលអស់លោក ដែលបានឆាតទាក់ទងស្នេហាជាមួយស្ត្រីម្នាក់ រហូតឈានដល់សេចក្តីស្នេហាយ៉ាងស៊ីជម្រៅ។
តាមរយៈសារដែលត្រូវបានប្រភពអនាមិកទម្លាយចេញមកនេះ គេឃើញខ្លឹមសារនៃសារឆ្លើយសាសងនោះ បង្ហាញថា រវាងព្រះសង្ឃ និងស្ត្រីម្នាក់នោះ ទើបនឹងស្គាល់ថ្មោងថ្មី ស្រាប់តែត្រូវភាគីសង្ឃហៅខាងស្រីថាអូនពេញៗមាត់ និងបានអួតអាងពីលុយកាក់ដែលរកបាន ដោយសារការស្រោចទឹក ធ្វើឱ្យខាងស្រីបាក់ចិត្តលង់ស្នេហ៍វិញ និងបង្កើតបានជាសេចក្តីស្នេហាស៊ីជម្រៅ និងឈានទៅដល់ការណាត់ជួបគ្នារួមរ័កដល់ក្នុងកុដិទាំងយប់ទៀតផង។ មិនតែប៉ុណ្ណោះ ពាក្យពេចន៍នៅក្នុងសារខាងលើ គេឃើញពោរពេញទៅដោយភាពអសីលធម៌បំផុត ទើបធ្វើឱ្យមហាជន ពិសេសអ្នកប្រើប្រាស់ហ្វេសប៊ុក បានឃើញនាំគ្នាធ្វើការរិះគន់យ៉ាងចាស់ដៃ ថាទំនាក់ទំនងមួយនេះ បង្ហាញពីភាពអសីលធម៌បំផុតនៅក្នុងសង្គមខ្មែរ។
យ៉ាងណាក្តី ស្ត្រីជាសាមីខ្លួនម្ចាស់រូបភាពខាងលើ បានចេញមុខបដិសេធ និងទាត់ចោលរាល់ព័ត៌មាន ក៏ដូចជាសារឆ្លើយឆ្លងខាងលើ ថាមិនមែនជាការពិតនោះទេ ប៉ុន្តែមានជនខិលខូច បានលួចយករូបភាពរបស់នាង ទៅបង្កើតគណនីថ្មី រួចយកទៅប្រព្រឹត្តទង្វើថោកទាបខាងលើ ដែលជាហេតុធ្វើឱ្យនាងសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជំនាញបច្ចេកវិទ្យា ជួយស្រាវជ្រាវវែកមុខជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីជាការផ្តល់យុត្តិធម៌ និងផ្តល់ភាពស្អាតស្អំដល់រូបនាងវិញ។
ដោយឡែក សាមីខ្លួនព្រះសង្ឃ ដែលមានរូបភាពលេចធ្លាយនៅក្នុងសារឆ្លើយឆ្លងខាងលើដែរនោះ គេនៅមិនទាន់ឃើញមានប្រតិកម្មតបយ៉ាងណានោះទេ ខណៈដែល “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយ៕