ខេត្តព្រះសីហនុ ៖ យុវជនជាសន្តិសុខឯកជនម្នាក់ ក្រោយពីយាមផ្ទះសំណាក់ពេញមួយយប់ ហត់នឿយអស់កម្លាំងក៏ប្រះខ្លួនដេកលើកៅអី ស្រាប់តែព្រឹកឡើង ត្រូវគេប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្បែររបងផ្ទះសំណាក់សាន់ដេ ស្ថិតក្នុងក្រុម៩ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុុ។
យុវជនរងគ្រោះដែលដេកស្លាប់លើកៅអី មានឈ្មោះជេង ប្រុស អាយុ២៤ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ ១១០៤៦០៩៤៥ មានស្រុកកំណើតនៅភូមិលក្ខជា ឃុំព្រែកក្រឺស ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួល មុខរោងចក្រញុវូស្តារ ស្ថិតក្នុងក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ប្រកបរបរជាសន្តិសុខក្រុមហ៊ុនឯកជន Cambodia Safety Patrol ដែលមានគោលដៅយាមប្រចាំការនៅចំណុចផ្ទះសំណាក់ សាន់ដេ ស្ថិតនៅទីតាំងកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ ត្រូវក្រុមហ៊ុនចាត់ឱ្យមកយាមប្រចាំការនៅផ្ទះសំណាក់ខាងលើ ហើយនៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានចូលមកធ្វើការដូចសព្វដង ដោយដើរយាមប្រចាំកាយនៅផ្ទះសំណាក់ សាន់ដេ ពេញ១យប់ រហូតដល់វេលាទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដោយសារតែហត់នឿយអស់កម្លាំងពេក ទើបជនរងគ្រោះបានដើរទៅដេកផ្អែកនៅលើកៅអី រួចក៏លង់លក់បាត់ទៅ។
ប្រភពដដែលបន្តថា រហូតមកដល់វេលាព្រឹក ថ្ងៃទី១៥ ខែមីនា ក៏មានសន្តិសុខរួមការងារ បានមកផ្លាស់វេនជាមួយជនរងគ្រោះ តែពេលមកដល់មិនឃើញជនរងគ្រោះភ្ញាក់ពីដំណេកសោះ ទើបដើរទៅដាស់ ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការ ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ ចុះមកត្រួតពិនិត្យ ធ្វើកោសល្យវិច្ច័យ បានឱ្យដឹងថា សាកសពជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង (ខ្យល់គ)។ បច្ចុប្បន្នសាកសព បានប្រគល់ឱ្យម្តាយបង្កើតយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕