Friday, January 17, 2025
Homeសង្គម និងជីវិតខឹងបិទភ្លើង! ចៅប្រុសធាក់ជីដូន១ជើង ធ្លាក់ពីលើអង្រឹងសន្លប់ឈឹង

ខឹងបិទភ្លើង! ចៅប្រុសធាក់ជីដូន១ជើង ធ្លាក់ពីលើអង្រឹងសន្លប់ឈឹង

ខេត្តកណ្តាល ៖ យុវជនឈាមរាវ ជាចៅអកតញូម្នាក់ គ្រាន់តែខឹងនឹងរឿងជីដូនបិទភ្លើង ក៏ស្ទុះទៅធាក់ជីដូនបង្កើតរបស់ខ្លួន១ជើង បណ្តាលឱ្យធ្លាក់ពីលើអង្រឹងសន្លប់បាត់មាត់ឈឹង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិពាម ឃុំរកា កោងទី១ ស្រុកមុខកំពូល។

ចៅប្រុសអកតញូដែលធាក់ជីដូនធ្លាក់ពីលើអង្រឹង និងត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះគ័ង គីមហុង អាយុ២៤ឆ្នាំ មុខរបរកសិករ។ ចំណែកលោកយាយរងគ្រោះ មានឈ្មោះ ពី មួយ អាយុ៧០ឆ្នាំ មុខរបរលក់ដូរ។ ជនបង្ក និងលោកយាយរងគ្រោះត្រូវជាចៅ និងជីដូនបង្កើត មានទីលំនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជិតមួយឆ្នាំមកហើយ ហើយជនសង្ស័យតែងតែអុកឡុករករឿងក្នុងគ្រួសារ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកច្រើនសារផងដែរ ខណៈដែលខឹង ម្តងៗ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យបានឡើងទៅលើផ្ទះ ដេកដោយបានបើកភ្លើងភ្លឺចិញ្ចាចពេញផ្ទះ ឃើញដូច្នោះលោកយាយរងគ្រោះ ក៏បានឡើងទៅលើផ្ទះរួចបានបិទភ្លើង ស្រាប់តែភ្លាមនោះជនសង្ស័យ ជាចៅមានចិត្តខឹងនឹងជីដូនរបស់ខ្លួនខ្លាំងណាស់ ក៏បានក្រោកពីដេកមកជេរបញ្ចោរជីដូនរបស់ខ្លួនអស់ចិត្ត ក៏ចូលទៅដេកវិញបាត់ទៅ។ ចំណែកលោកយាយរងគ្រោះ ក៏មិនបានតបតអ្វីដែរ ព្រោះដឹងថា ចៅកំណាចនេះ តែងមានចរិតឆេវឆាវកោងកាចបែបនេះហើយ។

ប្រភពខាងលើ បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ជនបង្កជាចៅប្រុសបានក្រោកពីដេក ចុះពីលើផ្ទះដោយពោរពេញទៅដោយកំហឹង និងបានដើរសំដៅទៅរកជីដូនរបស់ខ្លួនដែលកំពុងសម្រាន្តលើអង្រឹងក្រោមផ្ទះ។ ភ្លាមនោះជនបង្ក បានស្ទុះទៅធាក់ជីដូនរបស់ខ្លួន១ជើងយ៉ាងពេញទំហឹង ចំស្មាខាងស្តាំរបស់ជីដូន បណ្តាលឱ្យលោកយាយជាជនរងគ្រោះធ្លាក់ពីលើអង្រឹងចុកឆ្អល់រហូតសន្លប់បាត់ស្មារតីបានមួយសន្ទុះទើបដឹងខ្លួនវិញ។

ក្រោយពីមានហេតុការណ៍កើតឡើង លោកយាយរងគ្រោះបានទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ដើម្បីចុះឃាត់ខ្លួនចៅប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

បន្ទាប់ពីទទួលបានបណ្តឹងពីលោកយាយរងគ្រោះភ្លាម សមត្ថកិច្ចបានចុះមកធ្វើការចាប់ខ្លួនជនបង្កខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលស្រុកដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានឆ្លើយសារភាពថា រូបគេពិតជាបានធាក់ជីដូន១ជើងមែន មូលហេតុដោយសារតែរូបគេខឹងនឹងរឿងជីដូនបិទភ្លើង ពេលដែលគេកំពុងដេក។

បច្ចុប្បន្ន ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES