ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានធ្វើសកម្មភាពបង្ហោះ Drone បំពាក់កាមេរ៉ាថតចាប់យកពីទិដ្ឋភាពនានានៅតំបន់ហាមឃាត់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរ កាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចសួនច្បារវិមានឯករាជ្យ ខាងលិចរូបសំណាកព្រះបរមរតនៈកោដ្ឋ តាមបណ្តោយមហាវិថីព្រះសុរាម្រិត ស្ថិតក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជនបរទេសដែលឃាត់ខ្លួននេះ ឈ្មោះ អាន ឡុ អាយុ៣៦ឆ្នាំ ជាជនជាតិចិន មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ E49265129 ស្នាក់នៅផ្ទះមិត្តភក្តិ លេខ១៧៩ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនខាងលើ បានធ្វើសកម្មភាពបង្ហោះយន្តហោះខ្នាតតូច ប្រភេទ Drone នៅចំណុចកើតហេតុ លុះបន្តិចក្រោយមក ក៏ត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ប្រទះឃើញក៏ធ្វើការឃាត់ខ្លួនបុរសជនជាតិចិន ជាម្ចាស់ Drone រូបនោះ យកមកប៉ុស្តិ៍ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពេលចាប់បុរសចិនខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន Drone ១គ្រឿង ម៉ាក DJI Model GL 100A និងទូរស័ព្ទម៉ាក iPhone 6Plus ១គ្រឿង រួមនឹងតេឡេបញ្ជា១គ្រឿង។
បច្ចុប្បន្ន បុរសជាជនជាតិចិនខាងលើ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធី៕