ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានហេតុការណ៍ផ្ទុះគ្រាប់មួយបានកើតឡើងនៅទីតាំងបាញ់ស៊ីបមួយកន្លែង ដែលបង្កឱ្យមនុស្សចំនួន២នាក់ត្រូវបាត់បង់ជីវិត ចំណែក៣នាក់ផ្សេងទៀត ទទួលរងរបួស។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចទីលានបាញ់ស៊ីបឯកជន ក្បែរបន្ទាយរថក្រោះ ACO ស្ថិតក្នុងទឹកដីស្រុកភ្នំស្រួច។
ជនរងគ្រោះទាំង២នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះគ្រាប់ខាងលើនេះ រួមមាន ទី១-ឈ្មោះអារុន ល្វីបូ អាយុ៤០ឆ្នាំ ជនជាតិអូស្ត្រាលី ជាគ្រូបង្គោលនៅទីតាំងបាញ់ស៊ីបខាងលើ និងទី២-ឈ្មោះកុយ ម៉ូត ជនជាតិខ្មែរ ជាគ្រូបង្គោលជាមួយគ្នា។ ចំណែកជនរងគ្រោះទាំង៣នាក់ ដែលទទួលរងរបួស រួមមាន ទី១-ឈ្មោះប្រា ដាវីត អាយុ៤១ឆ្នាំ ជាជនជាតិអូស្ត្រាលី ទី២-ឈ្មោះកុក សារិន ជនជាតិខ្មែរ និងទី៣-ឈ្មោះឡុង ជនជាតិខ្មែរ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ថា ពិតជាមានហេតុការណ៍ផ្ទុះគ្រាប់នៅទីលានបាញ់ស៊ីបឯកជនមួយ នៅក្បែរបន្ទាយទាហានរថក្រោះ ACO ស្រុកភ្នំស្រួច ប្រាកដមែន ដោយក្នុងហេតុការណ៍នោះ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរបួស៣នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនរងគ្រោះ២នាក់ ដែលបានស្លាប់នោះគឺជាគ្រូបង្គោល និងមានម្នាក់ជាជនជាតិអូស្ត្រាលី ហើយរបួស៣នាក់ មានម្នាក់ជាជនជាតិអូស្ត្រាលី ផងដែរ។ ជនរងគ្រោះទាំង៣នាក់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ មិនទាន់អាចបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានហេតុការណ៍នេះនៅឡើយទេ ដោយលោកបានបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្រោមការស្រាវជ្រាវនៅឡើយ។
ដោយឡែក យោងតាមប្រភពពីមន្ត្រីយោធាម្នាក់ក្នុងបន្ទាយ ACO បានបង្ហើបដោយសុំមិនបញ្ចោញឈ្មោះថា ពិតជាមានហេតុការណ៍ផ្ទុះគ្រាប់កើតឡើងមែន មូលហេតុកើតឡើងដោយសារតែការបាញ់គ្រាប់តែមិនផ្ទុះ រួចហើយក៏នាំគ្នាទៅរើស ស្រាប់តែមិនដឹងយ៉ាងម៉េច គ្រាប់នោះបានផ្ទុះឡើងវិញ ទើបធ្វើឱ្យមានមនុស្សស្លាប់និងរបួសបែបនេះតែម្តង៕