អ្នកចម្រៀងមាស សុខសោភា ដែលលេចឮល្បីមួយប្រាវថា ស្ពាយបង្វេចចេញពីផលិតកម្មថោន ទៅជ្រកក្រោមដំបូលហង្សមាស តាមសុគន្ធ និសា នោះ ធ្វើឱ្យថោន មានការជ្រួលច្របល់ខ្លាំង ព្រោះមិនចង់បាត់បង់អ្នកចម្រៀងស្នូលរូបនេះឡើយ ហើយថ្មីៗនេះ ថៅកែថោន ថែមទាំងផ្គាប់ចិត្តអ្នកចម្រៀងស្រីល្បីរូបនេះ ដោយជួយឱ្យបងប្រុសនាង លោកមាស សុខរតនៈ បានតំណែងធំជាអ្នកគ្រប់គ្រងផលិតកម្មថោន សាជាថ្មីវិញទៀតផង បន្ទាប់ពីលោករតនៈ បានរបូតតំណែងនេះធ្លាក់ក្នុងដៃលោកករុណា ពេជ្រ មក។
អ្នកសិល្បៈជាច្រើនបាននិយាយថា ពេលនេះ មាស សុខសោភា កំពុងតែត្រូវបានថៅកែផលិតកម្មថោន ផ្គាប់ចិត្តខ្លាំង ដើម្បីចងជើងនាងមិនឱ្យទៅហង្សមាស ដោយផ្តល់តំណែងធំឱ្យបងប្រុសសោភា វិញ…។
មាស សុខសោភា រងាខ្នង២ឆ្នាំហើយ ព្រោះខ្នះខ្នងបង្អែកដោយសារបងប្រុសរបស់នាង លោកមាស សុខរតនៈ បានបង់តំណែងធំជាអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន ធ្លាក់ក្នុងកណ្តាប់ដៃ លោកករុណា ពេជ្រ ទាំងមិននឹកស្មានដល់ ទើបធ្វើឱ្យមានព័ត៌មានថា សោភា អាក់អន់ស្រពន់ចិត្ត រហូតចង់ដើរចេញពីថោន ទៅចូលរួមជាមួយហង្សមាស តាមសុគន្ធ និសា ដែរ។ ដំណឹងនៃការចាកចេញរបស់មាស សុខសោភា ទៅចូលហង្សមាស ធ្វើឱ្យថោន មានការជ្រួលច្របល់ខ្លាំង ព្រោះមិនចង់បាត់បង់តារាសំខាន់របស់ខ្លួនធ្លាក់ក្នុងដៃផលិតកម្មគូប្រជែងឡើយ ទើបមានព័ត៌មានថា ថៅកែថោន បានធ្វើឱ្យសុខសោភា សប្បាយចិត្តឡើងវិញ តាមរយៈការផ្គាប់ចិត្តអ្នកចម្រៀងរូបនេះ ដោយប្រគល់តំណែងធំជាអ្នកគ្រងគ្រងផលិតកម្មថោន ទៅឱ្យលោកមាស សុខរតនៈ ជាបងប្រុសសោភា វិញ ក្រោយពេលតំណែងនេះ ត្រូវលោកករុណា ពេជ្រ កាន់បាន២ឆ្នាំ។
លោកករុណា ពេជ្រ បានឱ្យដឹងថា រឿងបងប្រុសមាស សុខសោភា ចូលទៅជំនួសតំណែងលោកនោះ គឺជាការពិត តែគ្មានការដោះដូរអ្វីមួយឡើយ ហើយលោកក៏មិនប្រាកដថា នឹងចូលទៅកាន់តំណែងនោះវិញដែរ ព្រោះថា គ្មានពេលវេលាគ្រប់គ្រាន់ ដោយសារឪពុករបស់លោកមានជំងឺ។
ករុណា ពេជ្រ អះអាងថា “បងប្រុសមាស សុខសោភា គឺលោកមាស សុខរតនៈ ចូលទៅកាន់តំណែងជំនួសខ្ញុំហើយ គឺជាអ្នកគ្រប់គ្រងផលិតកម្មថោន ហើយពេលនេះគាត់ធ្វើការរាល់ថ្ងៃដែរ។ ចំពោះរឿងដែលលោករតនៈ បានតំណែងនេះ ព្រោះតែខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ ដោយសារតែមួយរយៈនេះ ប៉ាខ្ញុំគាត់ឈឺ អ៊ីចឹងខ្ញុំត្រូវនៅមើលថែគាត់ជាប្រចាំ បើទោះជាពេលនេះ គាត់គ្រាន់បើវិញហើយក្តី ខ្ញុំមិនប្រាកដថា នឹងចូលទៅកាន់តំណែងនោះវិញទេ ព្រោះថា លោករតនៈ គាត់មានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើរឿងនេះបានល្អហើយ”។
ប្រភពបានឱ្យដឹងថា មាស សុខសោភា សប្បាយចិត្តណាស់ ព្រោះបងប្រុសបានតំណែងធំនៅផលិតកម្មថោន សារជាថ្មី ហើយនៅពេលនេះ នាងបានប្តូរចិត្តលែងចង់ទៅហង្សមាស ទៀតហើយ ដោយសារនាងមានភាពកក់ក្តៅ ដែលមានបងប្រុសជាខ្នងបង្អែកធំ ដែលនឹងជួយជ្រោមជ្រែងអ្នកចម្រៀងរូបនេះ ឱ្យកាន់តែល្បីថែមទៀតជាមិនខាន។
លោកករុណា ពេជ្រ បានបន្ថែមថា “រឿងមាស សុខសោភា ចង់ចេញពីថោន ចូលហង្សមាស ហ្នឹង ខ្ញុំដូចជាមិនយល់ដែរថា គេនិយាយអ៊ីចឹងដើម្បីអី? ជាការកេងចំណេញអ្វីមួយទេដឹង? មាស សុខសោភា គាត់នៅថោន ហ្នឹង សុខសប្បាយណាស់ មិនដែលមានបញ្ហាអីទេ។ ខ្ញុំក៏មិនមានរឿងអីជាមួយគាត់ដែរ អ៊ីចឹងមានរឿងអីដែលគាត់ថា ចង់ចេញទៅកន្លែងផ្សេងនោះ? សម្រាប់ខ្ញុំនៅតែយល់ថា សម្រាប់ការធ្វើការជាមួយតារា គឺសំខាន់នៅលើបេះដូងស្មោះត្រង់ជាមួយគ្នា ការកុងត្រាអីមិនជាសំខាន់ទេ បើតារាណាម្នាក់គេចង់នៅជាមួយយើង ឬមិនចង់នោះ កុងត្រាមានអីសំខាន់ទៅ?”។
មិនត្រឹមតែប្រគល់តំណែងជាអ្នកគ្រប់គ្រងផលិតកម្មថោន ឱ្យទៅបងប្រុសមាស សុខសោភា នោះទេ តែថៅកែថោន ក៏បើកសិទ្ធិពេញលេញឱ្យសោភា ច្រៀង នៅផលិតកម្មផ្ទាល់ខ្លួន Camtrax ដោយសេរីដែរ ហេតុនេះហើយគេជឿថា សុខសោភា នឹងលែងមានចិត្តចង់ទៅជ្រកនៅទ្រនំហង្សមាស ទៀតហើយ ព្រោះថា បើនាងទៅហង្សមាស មែននោះ ក៏ហង្សមាស មិនអនុញ្ញាតឱ្យនាងច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនដែរ៕