ភ្នំពេញ ៖ បុរសម្នាក់យកចិញ្ចៀនទៅបញ្ចាំឱ្យជនជាតិវៀតណាមម្នាក់ ដើម្បីយកលុយទៅបង្គ្រប់មើលជំងឺម្តាយ ស្រាប់តែក្រោយមក បុរសជនជាតិវៀតណាមនោះ បានលក់ចិញ្ចៀនទៅលក់បាត់ ទើបធ្វើឱ្យកើតមានជំលោះផ្ទុះហិង្សា កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចទីតាំងកន្លែងបើកល្បែងស៊ីសង ទល់មុខសាលាសង្កាត់ចោមចៅ១ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាម្ចាស់ចិញ្ចៀន មានឈ្មោះ ឈ.រ.ស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
តាមសម្តីបុរសជាម្ចាស់ចិញ្ចៀន បានឱ្យដឹងថា នៅមុនពេលកើតហេតុប្រមាណ២ខែមុន គាត់បានយកចិញ្ចៀនផ្លាកទីន១វង់ ទិញតម្លៃ៤៥ដុល្លារ យកទៅបញ្ចាំឱ្យបុរសម្នាក់ជាជនជាតិវៀតណាម មានឈ្មោះអាហៅ មុខរបរលក់កាហ្វេលក់បាយនៅមុខ តាបប៊ីយ៉ែ កន្លែងកើតហេតុខាងលើ ដោយបញ្ចាំក្នុងតម្លៃ២០ដុល្លារ ព្រោះខ្វះលុយយកទៅមើលជម្ងឺម្តាយនៅមន្ទីរពេទ្យ។
ប្រភពដដែលបន្តថា ការយកចិញ្ចៀនទៅបញ្ចាំនោះ មិនមានធ្វើលិខិតស្នាមអ្វីទេ ហើយពេលយកលុយទៅបង្គ្រប់ថ្លៃព្យាបាលជំងឺម្តាយ ហើយគាត់ក៏យកម្តាយទៅមើលជម្ងឺបន្តនៅស្រុកកំណើតអស់រយៈពេលជាង២ខែទើបគាត់មកនៅផ្ទះជួលនៅភូមិកើតហេតុវិញ។ រហូតមកដល់ វេលាម៉ោងកើតហេតុខាងលើ គាត់បានទៅហូបបាយឆានៅមុខតាបប៊ីយ៉ែ កន្លែងកើតហេតុខាងលើ ស្រាប់តែត្រូវបងថ្លៃ និងបងបង្កើតរបស់ជនជាតិវៀតណាមខាងលើ មកទារលុយពីគាត់ដោយសួរថា “តើលុយខ្ចីថ្ងៃមុនដែលប្អូនគាត់ឱ្យខ្ចី ថ្ងៃណាសង?” ពេលនោះគាត់បានសួរវិញថា “តើចិញ្ចៀនបញ្ចាំនៅឯណា?” ស្រាប់តែជនជាតិវៀតណាមទាំង២នាក់នោះ បានឆ្លើយថា “អត់ដឹងទេ ឱ្យតែលុយ២០ដុល្លារមក កុំនិយាយរឿងចិញ្ចៀន” ទើបគាត់បានឆ្លើយទៅវិញថា “មិនឱ្យចិញ្ចៀនវិញផង ចង់យកលុយទៀត”។ ស្រាប់តែភ្លាមនោះជនជាតិវៀតណាមទាំង២នាក់បានចាប់ក្របួចកអាវគាត់ ហើយដកយកអាយកូមទៀត បន្ទាប់មកទើបគាត់បានទូរស័ព្ទហៅសមត្ថកិច្ចមកអន្តរាគមន៍ភ្លាមៗតែម្តង។
នៅពេលដែលសមត្ថកិច្ចសួរនាំជនជាតិវៀតណាមឆ្លើយបដិសេធថា មិនបានក្របួចកអាវជនរងគ្រោះឡើយ ហើយក៏មិនបានយកអាយកូមរបស់គាត់ដែរ។ ចំណែកអ្នកឃើញហេតុការណ៍ បាននិយាយថា ជនជាតិវៀតណាមខាងលើពិតជាបានក្របួចកអាវជនរងគ្រោះមែន ហើយបក្សពួកជនជាតិវៀតណាមខាងលើ បានដកយកអាយកូមជនរងគ្រោះទៀត តែបន្ទាប់ពីសមត្ថកិច្ចចុះមកដល់ ក៏យកអាយកូមពីបក្សពួកជនជាតិវៀតណាមប្រគលក់ឱ្យជនរងគ្រោះវិញ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍៕