ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់ បានបើកបេះដូងទទួលយកបុរសម្នាក់ រួមរស់ជាប្តីប្រពន្ធនឹងគ្នា រំពឹងថា នឹងជួបសុភមង្គលពិតក្នុងជីវិត ដឹងអីប៉ះប្តីហេងស៊យ ដើរិផឹកស៊ីស្រវឹងរាល់ថ្ងៃ និងថែមទាំងមានចិត្តកំណាចឃោរឃៅ វាយដំធ្វើបាបប្រពន្ធរាល់ថ្ងៃ លុះចុងក្រោយ បន្ទាប់ពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏ស្ទុះមកវាយដំចាប់ប្រពន្ធបោកក្បាលផ្ទប់នឹងជញ្ជាំង បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន ធ្វើឱ្យប្រពន្ធទ្រាំមិនបាន ដាក់ពាក្យប្តឹង ស្រាប់តែប្តីហេងស៊យដឹងខ្លួនរត់គេចបាត់ស្រមោល។
ករណីហិង្សាប្តីប្រមឹកវ៉ៃដំប្រពន្ធបណ្តាលឱ្យរងរបួសបែកក្បាលខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តាយផ្លូវ១១០ កែងផ្លូវ១៣ នៅចំណុចម្តុំផ្សារចាស់ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីប្រមឹកវ៉ៃបោកសក់បោកផ្ទប់ជញ្ជាំងបែកក្បាល មានឈ្មោះស.ទ អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅ ផ្ទះជួលម្តុំផ្សារចាស់ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅឃុំផ្សារប្រសូត ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ចំណែក បុរសជាប្តីចិត្តឃោរឃៅ មានឈ្មោះពិសិដ្ឋ មុខរបរមិនពិតប្រាកដ។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងជាស្ត្រីមេម៉ាយ មានកូនស្រីម្នាក់ ធំទន្ទឹមស្មាទៅហើយ ក្រោយមកនាងបានជួបស្គាល់នឹងបុរសឈ្មោះពិសិដ្ឋ (ប្តីហេងស៊យ) រួចក៏បានចាប់ចិត្តស្រលាញ់គ្នា រួមរស់ជាប្តីប្រពន្ធដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ និងបានរួមរស់ នឹងគ្នារហូតមកដល់សព្វថ្ងៃ អស់រយៈពេលជាង៦ឆ្នាំមកហើយ។
ស្ត្រីរងគ្រោះបន្តថា នៅពេលចាប់ដៃប្តីដំបូង នាងនឹករំពឹងថា ជីវិតអាចនឹងរស់នៅផុតទុក បានស្គាល់សុភមង្គលហើយ ដោយសារតែប្តីនេះគឺជាមនុស្សចេះស្រលាញ់ថ្នាក់ថ្នមប្រពន្ធខ្លាំងណាស់ ការងារធ្ងន់ស្រាលមិនឱ្យប្រពន្ធប៉ះទេ សុខចិត្តធ្វើតែម្នាក់ឯង ដឹងអី ជីវិតនាងរស់នៅជួបក្តីសុខ មិនបានប៉ុន្មានផង ក៏ស្រាប់តែវិលមករកភាពអួរអាប់ក្នុងគ្រួសារ បន្ទាប់ពីប្តីបែកគំនិតចេះតែដើរលេងផឹកស៊ីជាមួយបនភឿនរាល់ថ្ងៃ ហើយឱ្យតែផឹកស្រវឹងវិលមកដល់ផ្ទះវិញ តែងរករឿងវាយធ្វើបាបនាងជាប់ជាប្រចាំ។
ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា កន្លងមកនេះនាងបានទិញរ៉ឺម៉កម៉ូតូ១គ្រឿងឱ្យប្តីទុករត់នឹងគេ គ្រាន់បានប្រាក់ផ្គត់ផ្គង់ជីវភាព បែរជាលោកប្តីរត់រ៉ឺម៉កបានលុយ ដើរតែផឹកស៊ីស្រវឹងរាល់ថ្ងៃ មិនដែលសល់លុយកាក់ឱ្យប្រពន្ធសូម្បីមួយសេន និងថែមទាំងរករឿងវាយធ្វើបាបនាងកាន់តែខ្លាំងឡើង។ ដោយគិតថា ចង់ទុកពេលវេលាឱ្យប្តីកែខ្លួនធ្វើជាមនុស្សល្អឡើងវិញ ទើបនាងមិនធ្លាប់ប្តឹងផ្តល់អ្វីទាំងអស់ សុខចិត្តបៀមថ្ម បៀមក្រួសតែម្នាក់ឯង ប៉ុន្តែប្តីវិញ មិនព្រមកែចរិតទាល់តែសោះ ផ្ទុយទៅវិញ កាន់តែខ្លាំងដៃលើសដើម ទើបធ្វើឱ្យនាងទ្រាំទ្រលែងបាន លែងចង់រួមរស់ ជាមួយប្តីប្រមឹក ពូកែប្រើហិង្សានេះទៀត ក៏ទាមទារចែកផ្លូវគ្នា ធ្វើឱ្យប្តីច្រឡោតខឹងយ៉ាងខ្លាំង និងអះអាងថា មិនព្រមឱ្យនាងចេញទៅណាដាច់ខាត។
ស្ត្រីរងគ្រោះ បានបញ្ជាក់ថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ប្តីប្រមឹករូបនេះ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងអួទីនួវិញ ហើយរករឿងឈ្លោះប្រកែកជាមួយនាងជាថ្មីម្តងទៀត ទើបនាងខឹងក៏ទាមទារបែកផ្លូវគ្នា ស្រាប់តែប្តីប្រមឹកផ្ទុះកំហឹង ស្ទុះមកវាយតប់នាង រួចចាប់បោចសក់ បោកផ្ទប់នាងទៅនឹងជញ្ជាំង បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន ធ្វើឱ្យមានការផ្អើលដល់អ្នកជិតខាងរាយការណ៍ ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើទហេតុ ដើម្បីចាប់ខ្លួនជនដៃដល់ជាប្តីយកទៅសាកសួរ ប៉ុន្តែជនដៃដល់ដឹងខ្លួនទាន់ ក៏បានរត់គេចខ្លួនបាត់ស្រមោល។
ជុំវិញករណីហិង្សាខាងលើនេះ ស្ត្រីរងគ្រោះជាប្រពន្ធ បានសម្រេចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលវត្តភ្នំ ដើម្បីឱ្យសមត្ថកិច្ច តាមចាប់ជនបង្កជាប្តីចិត្តកំណាច នាំយកមកផ្តន្តាទោសតាមច្បាប់៕