Saturday, February 1, 2025
Homeសន្ដិសុខសង្គមប៉េអឹមក្រុងទម្លាយប្រវត្តិចោរប្លន់អស់លក្ខណ៍៦នាក់ ប្លន់ផ្ទះលក់ប្រេង

ប៉េអឹមក្រុងទម្លាយប្រវត្តិចោរប្លន់អស់លក្ខណ៍៦នាក់ ប្លន់ផ្ទះលក់ប្រេង

ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បានទម្លាយពីប្រវត្តិក្រុមចោរប្លន់កាំភ្លើង AKទាំង៦នាក់ដែលបានធ្វើសកម្មភាពប្លន់ផ្ទះលក់ប្រេងមួយកន្លែងនៅចំណុចផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ដោយក្នុងនោះជនសង្ស័យជាចោរប្លន់ទាំង៦នាក់ សុទ្ធតែមានប្រវត្តិធ្លាប់ចេញប្លន់ និងជាប់ពន្ធនាគារជាហូរហែ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់ផ្ទះលក់ប្រេង នៅតាមផ្លូវទំនប់កប់ស្រូវ និងត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុ អន្តរាគមន៍ទាន់ពេលវេលា និងឃាត់ខ្លួនបាន បក្ខពួកចោរប្លន់ម្នាក់នៅនឹងកន្លែង ដោយជនសង្ស័យម្នាក់នោះបាញ់ប្រហារមកលើសមត្ថកិច្ចតែមិនផ្ទុះ ក៏ត្រូវសមត្ថកិច្ចបាញ់តបតវិញបណ្តាលឱ្យបាក់ភ្លៅ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការរាជធានីភ្នំពេញបានថ្លែងបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យសេសសល់៥នាក់ទៀតជាបន្តបន្ទាប់ ក្នុងនោះមាន២នាក់បង្ក្រាបបានដោយមានការសហការជាមួយអាវុធហត្ថខេត្តព្រៃវែង។

សរុបជនសង្ស័យធ្វើសកម្មភាពប្លន់មានគ្នា៦នាក់ ត្រូវបានឃាត់ខ្លួនគ្រប់ចំនួន និងដកហូតអាវុធ AK បានទាំង២ដើម ហើយក្នុងនោះ គឺមានជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាចាស់ធ្លាប់ជាប់គុកពីបទប្លន់ប្រដាប់អាវុធផងដែរ។

ជនសង្ស័យទាំង៦នាក់ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន រួមមាន ៖

១-ឈ្មោះនុត ខេន ហៅស៊ុន ខេន អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានលំនៅបច្ចុប្បន្នមិនពិតប្រាកដ។

តាមចម្លើយសារភាព ធ្លាប់ជាប់ពន្ធនាគារ នៅខេត្តកណ្តាលក្នុងឆ្នាំ២០០៧ រយៈពេល៧ឆ្នាំ ពីបទប្លន់ (ប្រដាប់ អាវុធ AK) ដែលជនរងគ្រោះជាថៅកែផ្សារព្រែកអញ្ចាញ ខេត្តកណ្តាល បាត់បង់សម្ភារៈលុយ និងមាស។ បក្ខពួកក្នុងអំពើប្លន់នាពេលនោះ មាន៤នាក់ ទី១-ឈ្មោះអួន ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរកាត់ឡាវ ទី២-ឈ្មោះឌី ហៃ ភេទប្រុស អាយុ៣៧ឆ្នាំ ទី៣-ឈ្មោះគេម ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ និងទី៤-ឈ្មោះនុត ខេន ក្នុងសកម្មភាពប្លន់នោះ បានប្រើប្រាស់អាវុធ AK ចំនួន២ដើម ហើយបានបាញ់គំរាមជាច្រើនគ្រាប់ ប៉ុន្តែមិនបណ្តាលឱ្យអ្នកណាម្នាក់មានរបួសឡើយ ហើយក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់។ តែឈ្មោះដា ឈ្មោះឌី និង ឈ្មោះប្រុស បានចេញពីគុកមុន។ លុះឈ្មោះនុត ខេន ចេញពីគុកធ្លាប់បានតាមរកបក្ខពួកទាំង៣នាក់ខាងលើ ដើម្បីទាមទារចំណែកដែលធ្លាប់ប្លន់បានដែរ តែរកពុំឃើញ។

២-ឈ្មោះងិន អ៊ាគ ហៅសុខ អាយុ៤៣ឆ្នាំ ស្រុកកំណើតនៅភូមិបឹងរ៉ែ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លំនៅបច្ចុប្បន្ន ភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តាមចម្លើយសារភាពធ្លាប់ជាប់គុកក្នុងឆ្នាំ២០០០ រយៈពេល៨ឆ្នាំកន្លះ ពីបទប្លន់ម៉ូតូ (បាញ់ជនរងគ្រោះត្រូវរបួសធ្ងន់) នៅចំណុចក្លោងទ្វាវត្តតាព្រហ្មខាងលិច ឃុំចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង ជាប់នៅពន្ធនាគារ ខេត្តស្វាយ រៀងចេញវិញឆ្នាំ២០០៨។

៣-ឈ្មោះឈុត សុធី ហៅខ្មៅចាស់ អាយុ៥៤ឆ្នាំ មុខរបររត់ម៉ូតូឌុបស្រុកកំណើត ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លំនៅបច្ចុប្បន្នផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ។

៤-ឈ្មោះ ទៀប សារ៉ាត់ ហៅពេទ្យ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរពេទ្យ ស្រុកកំណើតភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង លំនៅបច្ចុប្បន្នខេត្តស្វាយរៀង។

៥-ឈ្មោះឈិន ណាង ហៅខ្មៅក្មេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់ ស្រុកកំណើតភូមិគោគរវាង ស្រុកមេសាង ខេត្តព្រៃវែង លំនៅបច្ចុប្បន្នផ្ទះជួលសង្កាត់គោគរការ ខណ្ឌព្រែកព្នៅ។

៦-ឈ្មោះអ៊ុក ប៊ុន្នី ហៅពៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិចំណងទៀក ឃុំពាមមន្ទារ ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ក្រុមចោរប្លន់ទាំងនេះព្រមសារភាពថា ក្រោយពេលឈ្មោះនុត ខេន ចេញពីគុក បានតាមរកបក្ខពួកចាស់របស់ខ្លួនពុំជួប រូបគេក៏ដើរប្រមែប្រមូលរកបក្ខពួកថ្មី ដើម្បីបន្តមុខរបរចាស់ ព្រោះមុនពេលជាប់គុកឈ្មោះខេន បានកប់ទុកកាំភ្លើង AK ចំនួន២ដើម។

រហូតមកដល់ដើមឆ្នាំ២០១៨ ឈ្មោះនុត ខេន និងឈ្មោះអ៊ុក ប៊ុន្នី ជាអ្នកផ្ទះជាប់គ្នា បានស្គាល់ជាមួយឈ្មោះឈុត សុធី ហៅខ្មៅចាស់ និងឈ្មោះ ឈិនណាង ហៅខ្មៅក្មេង ក៏ចាប់ផ្តើមនិយាយគ្នាពីរឿងដើរប្លន់ តែដោយខ្វះកម្លាំងឈ្មោះឈុត សុធី ហៅខ្មៅចាស់ បាននឹកឃើញដល់ឈ្មោះងិន អ៊ាគ ហៅសុខ នៅខេត្តបន្ទាយមានជ័យ កាលពីរូបគេរស់នៅទីនោះក្នុងឆ្នាំ២០១៦ធ្លាប់ស្គាល់ និងដឹងថាឈ្មោះងិន អ៊ាគ ហៅសុខ ធ្លាប់ជាប់គុកពីបទប្លន់ម្តងហើយ ទើបទូរស័ព្ទហៅឱ្យមកភ្នំពេញ ដើម្បីរកលុយ រីឯឈ្មោះនុត ខេន បានហៅឈ្មោះទៀប សារ៉ាត់ ដែលធ្លាប់ស្គាល់គ្នា នៅឯភូមិក្នុងខេត្តស្វាយរៀង ឱ្យឡើងមកភ្នំពេញដែរ។ ដំបូងឡើយពួកគេបានដើរមើលភូមិសាស្ត្រ និងរៀបផែនការប្លន់នៅខេត្តកំពត តាកែវ ព្រៃវែង និងស្វាយរៀង ដោយឈ្មោះខេន បានយកកាំភ្លើងទៅលាក់ទុកនៅវាលស្រែ ចំណុចប៉ាង្កសី ឃុំទួលអំពិលខេត្តកំពង់ស្ពឺ ដើម្បីប្លន់នៅភូមិសាស្ត្រកំពត និងតាកែវជាមុនទើបបន្តទៅខេត្តព្រៃវែង និងស្វាយរៀង។

នៅចុងខែកុម្ភៈ ឆ្នាំ២០១៨ ឈ្មោះឈិន ណាង ហៅខ្មៅក្មេង ទៅបង់ត្រីនៅក្រោយផ្ទះលក់ប្រេងមួយ នៅចំណុចផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានប្រទះឃើញម្ចាស់ផ្ទះមានពាក់គ្រឿងអលង្ការធំៗ ក៏ហៅគ្នីគ្នាមកមើល ហើយសម្រេចចិត្តរៀបផែនការចូលប្លន់ក្នុងដើមខែមីនា ដើម្បីយកលុយធ្វើសោហ៊ុយបន្តទៅដើរប្លន់តាមខេត្ត តែដោយបានដឹងព័ត៌មានថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះទៅសម្ពោធសមិទ្ធិផលនានា ក្នុងវត្តឈូកវ៉ា នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ក៏ធ្វើឱ្យគម្រោងការពួកគេត្រូវអាក់ខានម្តង ព្រោះមានសមត្ថកិច្ចរឹតបន្តឹងសន្តិសុខសុវត្ថិភាពតឹងរឹងហើយពួកគេក៏ទៅមើលភូមិសាស្ត្រ នៅឯខេត្តកំពត និងតាកែវវិញ។

ក្រោយពេលកម្មវិធីរបស់សម្តេចត្រូវបានបញ្ចប់ ពួកគេក៏ត្រឡប់មកពីខេត្តកំពតវិញ ក្នុងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ និងបានចូលយកកាំភ្លើងដែលកប់លាក់ទុកនៅវាលស្រែ នៅប៉ាង្កសី ខេត្តកំពង់ស្ពឺ ដើម្បីមកប្លន់ផ្ទះលក់ប្រេងម្តងទៀត តែពេលមកដល់ផ្ទះលក់ប្រេងយប់ពេក ម្ចាស់ ផ្ទះចាក់សោរ ពិបាកចូលប្លន់ក៏សម្រេចចិត្តដេកចាំក្រោយផ្ទះមួយយប់រហូតដល់ព្រលប់ថ្ងៃទី០៨ ម៉ោងប្រហែងជាង០៨ ក៏សម្រុកចូលប្លន់តែម្តង តែមិននឹកស្មានថា កម្លាំងអាវុធហត្ថទៅទាន់ ធ្វើឱ្យគម្រោងការពួកគេបរាជ័យ និងត្រូវបានសមត្ថកិច្ចបាញ់បាក់ភ្លៅ របួសដួលនៅនឹងកន្លែងម្នាក់ឈ្មោះ នុត ខេន ហើយ៥នាក់ផ្សេងទៀត ក៏ចែកផ្លូវគ្នារត់គេច និងរកកន្លែងលាក់ខ្លួនរៀងៗខ្លួន។ តែចុងក្រោយនៅតែមិនអាចគេចផុតពីការតាមប្រម៉ាញ់ របស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដដែល។

ក្រុមជនសង្ស័យជាចោរប្លន់ទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធិី៕

RELATED ARTICLES