Wednesday, October 8, 2025
Homeព័ត៌មានជាតិបាត់កូនស្រី៤ថ្ងៃ ទៅរៀនមិនមកផ្ទះវិញ ដើររកគ្រប់ល្ហកមិនឃើញ ភ័យរត់ទៅប្តឹងប៉ូលិស

បាត់កូនស្រី៤ថ្ងៃ ទៅរៀនមិនមកផ្ទះវិញ ដើររកគ្រប់ល្ហកមិនឃើញ ភ័យរត់ទៅប្តឹងប៉ូលិស

ខេត្តកំពង់ចាម ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានចេញទៅសាលារៀន រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ទោះជាក្រុមគ្រួសារដើរតាមស្វែងរកយ៉ាងណា ក៏មិនឃើញ លុះក្រោយពីដើររកខ្សោះខ្យល់អស់ពេល៤ថ្ងៃ នៅតែមិនមានដំណឹងអ្វីសូម្បីបន្តិច ទើបឪពុកម្តាយក្មេងស្រីរងគ្រោះភ័យព្រួយពីសុវត្ថិភាពកូនស្រី ក៏សម្រេចរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរកកូនស្រីត្រឡប់មកផ្ទះវិញ។

ករណីក្មេងស្រីបាត់ខ្លួន៤ថ្ងៃ ត្រូវឪពុកម្តាយរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយតាមស្វែងរកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង ស្រុកកោះសូទិន។

ក្មេងស្រីជំទង់ដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះហួន គឹមឡាង អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន។ ក្មេងស្រីរូបនេះបានបាត់ខ្លួនតាំងពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

លោកអធិការនគរបាលស្រុកកោះសូទិន បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង បានទទួលពាក្យបណ្តឹងពីឈ្មោះមុំ សារឿន ភេទស្រី អាយុ៥០ឆ្នាំ មានលំនៅក្នុងភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន បានប្តឹងសុំឱ្យសមត្ថកិច្ចជួយតាមរកកូនស្រីរបស់គាត់  ដែលបានបាត់ខ្លួនដោយគ្មានដំណឹងតាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីកូនស្រីរូបនេះចេញទៅសាលារៀន រួចក៏លែងឃើញត្រឡប់មកផ្ទះវិញតែម្តង។

តាមប្រភពពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ កូនស្រីរបស់គាត់ឈ្មោះហួន គឹមឡាង បានចេញពីផ្ទះថាទៅសាលារៀនដូចសព្វមួយដង។ លុះមកដល់ល្ងាចថ្ងៃដដែល ដល់វេលាដែលកូនស្រីត្រូវត្រឡប់មកពីរៀនវិញ ស្រាប់តែមិនឃើញកូនស្រីមកផ្ទះសោះ ទើបធ្វើឱ្យពួកគាត់ជាឪពុកម្តាយនឹកឆ្ងល់ ក៏តាមទៅរកកូនស្រីដល់សាលារៀន ប៉ុន្តែមិនឃើញសោះ លុះសួរមិត្តភក្តិ ក៏គ្មានអ្នកណាម្នាក់បានដឹងទាល់តែសោះ ទើបធ្វើឱ្យក្រុមគ្រួសារកើតមានការភ្ញាក់ផ្អើល ចែកផ្លូវគ្នាដើរតាមស្វែងរកកូនស្រីសព្វកន្លែង តាំងពីផ្ទះសាច់ញាតិ មិត្តភក្តិជិតស្និតរបស់នាង និងកន្លែងដែលនាងធ្លាប់ទៅ ប៉ុន្តែនៅតែមិនទទួលបានលទ្ធផលអ្វីដដែល។

អាណាព្យាបាលក្មេងស្រីរងគ្រោះ បន្តថា ក្រោយពីព្យាយាមតាមស្វែងរកកូនស្រីសព្វកន្លុកកន្លៀត អស់រយៈពេល៤ថ្ងៃរួចមក ប៉ុន្តែនៅតែមិនទទួលបានដំណឹង ទើបនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ពួកគាត់បានសម្រេចកាន់រូបថតកូនស្រី ទៅដាក់ពាក្យបណ្តឹងដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរកតែម្តង។

លោកអធិការ បានបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹងនេះភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង បានចុះធ្វើការស្រាវជ្រាវតាមរកក្មេងស្រីរងគ្រោះ ដើម្បីនាំយកមកប្រគល់ជូនក្រុមគ្រួសារវិញ៕

RELATED ARTICLES