Wednesday, October 8, 2025
Homeព័ត៌មានជាតិខ្លាចភ្លើងឆេះរាលដាលដល់ចម្ការអំពៅ ស្ត្រីចំណាស់ព្យាយាមពន្លត់ ត្រូវភ្លើងឆេះស្លាប់ចោលកូន៥នាក់

ខ្លាចភ្លើងឆេះរាលដាលដល់ចម្ការអំពៅ ស្ត្រីចំណាស់ព្យាយាមពន្លត់ ត្រូវភ្លើងឆេះស្លាប់ចោលកូន៥នាក់

ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់កំពុងច្រូតស្បូវសុខៗ ក៏ស្រាប់តែមានភ្លើងឆេះស្បូវយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យស្រីចំណាស់ខ្លាចភ្លើងឆេះរាលដល់ចម្ការអំពៅក្បែរនោះ ក៏ព្យាយាមពន្លត់ភ្លើង ស្រាប់តែអកុសលត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបឹងឈូក ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។

ស្ត្រីចំណាស់រងគ្រោះដែលត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះអេង សុច អាយុ៦៥ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះ សាំង ពេជ្រ អាយុ៦២ឆ្នាំ មុខរបរកសិករ និងមានកូនចំនួន៥នាក់ (ប្រុស៤ ស្រី១)។ ក្រុមគ្រួសារខាងលើនេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ លោកយាយរងគ្រោះបានចេញទៅច្រូតស្បូវ នៅចំណុចក្បែរចម្ការអំពៅមាត់បឹងឈូក ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ លុះពេលកំពុងច្រូតស្បូវនោះ ទំនងជាអាកាសធាតុក្តៅខ្លាំងពេក ស្រាប់តែមានភ្លើងឆេះស្បូវរាលយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យលោកយាយរងគ្រោះឃើញបែបនេះ ខ្លាចឆេះដល់ចម្ការអំពៅអ្នកជិតខាង ក៏បានយកមែកឈើទៅវ៉ៃពន្លត់ តែអកុសល ភ្លើងមិនរលត់បែរជាឆេះស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម ចោលប្តី និងកូនដល់ទៅ៥នាក់។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ អ្នកភូមិបាននាំគ្នាជួយពន្លត់ភ្លើងឆេះស្បូវ រួចក៏ដឹកយកសាកសពលោកយាយរងគ្រោះត្រឡប់មកផ្ទះ ប្រគល់ឱ្យក្រុមគ្រួសារ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានប៉ុស្តិ៍រដ្ឋបាលព្រែកព្រះប្រសប់ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារភ្លើងឆេះខ្លួនឯងពិតប្រាកដមែន ។

សាកសពលោកយាយរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES