Wednesday, October 8, 2025
Homeព័ត៌មានជាតិកូនឃាត់កុំឲ្យជិះម៉ូតូពេលស្រវឹង ឪខឹងដុតម៉ូតូឆេះសល់តែគ្រោងឆ្អឹង

កូនឃាត់កុំឲ្យជិះម៉ូតូពេលស្រវឹង ឪខឹងដុតម៉ូតូឆេះសល់តែគ្រោងឆ្អឹង

ខេត្តបាត់ដំបង ៖ បុរសប្រមឹកម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏មិនទារយកសោម៉ូតូពីកូនប្រុស បំណងជិះចេញទៅក្រៅ តែកូនប្រុសមិនព្រមឱ្យ​ ព្រោះឃើញឪពុកស្រវឹងជោកជាំណាស់ទៅហើយ ខ្លាចកើតមានគ្រោះថ្នាក់ជាយថាហេតុ ស្រាប់តែឪពុកចិត្តកំណាចផ្ទុះកំហឹង ក៏ដុតម៉ូតូចោល បណ្តាលឱ្យឆេះម៉ត់ សល់តែគ្រោងឆ្អឹងដែក។

ហេតុការណ៍ឪពុកខឹងកូនប្រុសមិនឱ្យជិះម៉ូតូ បែរជាដុតម៉ូតូឆេះសល់តែគ្រោងឆ្អឹងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ នៅចំណុចក្រុមទី០៦ ភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល។

បុរសដែលដុតបំផ្លាញម៉ូតូកូនប្រុស បណ្តាលឱ្យឆេះអស់គ្មានសល់ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅអប់រំ មានឈ្មោះសួន សំអុល អាយុ៥៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកម៉ូតូដែលទទួលរងការដុតបំផ្លាញពីបុរសខាងលើ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យខាងលើ គឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះឱ្យតែផឹកស្រវឹងម្តងៗ តែមានចរិតកោងកាចរករឿងប្រពន្ធកូន អុកឡុកក្នុងរង្វង់ក្រុមគ្រួសារមិនឈប់ ធ្វើឱ្យប្រពន្ធកូនរស់នៅ រកភាពកក់ក្តៅមិនឃើញទេ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅផឹកស្រានៅក្នុងភូមិរហូតដល់ស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ ក៏បានដើរទៅទាររកសោម៉ូតូពីកូនប្រុស បំណងជិះចេញទៅរកផឹកស្រាជាមួយបនភឿនបន្តទៀត។ ប៉ុន្តែដោយសារតែឃើញសភាពឪពុកស្រវឹងដាបទៅហើយ ខ្លាចជិះម៉ូតូទៅកើតមានបញ្ហាអ្វី ឬជួបគ្រោះថ្នាក់ជាយថាហេតុណាមួយ ទើបកូនប្រុសមិនព្រមឱ្យសោម៉ូតូទៅឪពុកឡើយ ជាហេតុធ្វើឱ្យឪពុកខឹងដាច់ក្បាលកន្ទុយ ស្រែកឡូឡាជេរបញ្ចោរកូនអស់ចិត្ត ក៏ស្រាប់តែស្ទុះទៅដុតម៉ូតូចោល បណ្តាលឱ្យភ្លើងឆាបឆេះម៉ូតូទាំងស្រុង សល់ត្រឹមតែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ក្រោយកើតហេតុ ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យលែងបាន ទើបក្រុមគ្រួសារបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួន ជនសង្ស័យនាំយកទៅអប់រំ ធ្វើកិច្ចសន្យារួច ទើបអនុញ្ញាតឱ្យវិលត្រឡប់មកផ្ទះវិញ៕

RELATED ARTICLES