ខ្សែភាពយន្ដខ្នាតធំ រឿង ”អនុស្សារីយ៍ថ្ងៃចូលឆ្នាំ” របស់ផលិតកម្មមហាហង្ស បានធ្វើពីធីសម្ពោធជាផ្លូវការ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅរោងភាពយន្ដ Legend Premium ដោយមានផលិតករ និងតារាសម្ដែងជាច្រើនបានទៅចួលរួមអបអរសាទរ។ កម្មវិធីនេះកាន់តែមានការទាក់ទាញថែមទៀត នៅពេលដែលមានការចូលរួមសម្ដែងជាតួឯក និងបង្ហាញខ្លួនថ្ងៃសម្ពោធរបស់តារាភាពយន្ដថៃល្បីឈ្មោះ លោកឆា គីត យ៉ែមណាម និងកញ្ញាណាតតាទីដា ដាំរ៉ុង វិសិដ្ឋផេត រួមទាំងតារាកម្ពុជា លោកខាត់ វ៉ៃហាំង ផងដែរ។
សិល្បករ និងក្រុមអ្នកគាំទ្រជាច្រើនបានចោមរោមថតរូបជាមួយតារាថៃល្បីឈ្មោះទាំង២ដួងនេះ ហើយពួកគេអន្ទះសាចង់ទស្សនាភាពយន្ដមួយនេះ ព្រោះតែមានការថតដល់ទៅ៣ប្រទេស គឺកម្ពុជា ថៃ និងឡាវ។
តារាសម្ដែងខាត់ វ៉ៃហាំង បានឲ្យដឹងថា ”ខ្ញុំសប្បាយចិត្តដែលបានបញ្ចេញសមត្ថភាពនូវអ្វីដែលខ្ញុំអាចធ្វើបាន ទៅបណ្ដាប្រទេសផ្សេងៗទៀតថា កម្ពុជា ក៏អាចធ្វើបាន។ ខ្ញុំអរគុណណាស់ ដែលតារាថៃ បានសរសើរខ្ញុំ ហើយខ្ញុំព្យាយាមហ្វឹកហាត់ និងទទួលបទពិសោធន៍ពីពួកគាត់ដូចគ្នា និងអរគុណដល់អ្នកផលិតដែលបានជ្រើសរើសខ្ញុំ”។
លោកឆាគីត យ៉ែមណាម បានថ្លែងដែរថា ”អ្វីដែលខ្ញុំចូលចិត្តខ្លាំង គឺប្រជាជនកម្ពុជាគួរឲ្យស្រលាញ់គ្រប់ៗគ្នាតែម្ដង ជាមួយអត្តចរិត ដូចជា លោកវ៉ៃហាំង ជាដើម។ ខ្ញុំជាមនុស្សដែលចូលចិត្តញាំម្ហូបខ្មែរពិតៗដូចជា នៅខេត្តកំពត អីចឹងពេលដែលខ្ញុំទៅទីនោះ គឺខ្ញុំនឹងញាំគ្រឿងសមុទ្រ ព្រោះនៅប្រទេសថៃ ថ្លៃ ហើយពិបាករកណាស់ ចំណែកនៅកម្ពុជា ងាយរកម្ហូបនិងធ្វើឆ្ងាញ់”។
ដោយឡែក ស្រីស្អាតតារាភាពយន្ដថៃ នាងណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត បានបង្ហាញចំណាប់អារម្មណ៍ដែរថា ”នៅពេលដែលខ្ញុំមកថតនៅព្រះរាជាណាចក្រកម្ពុជា គឺក្រុមការងារទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជា ទទួលដោយភាពកក់ក្ដៅ ដោយស្នាមញញឹម ទោះជាមានបញ្ហាអីក៏ដោយ គឺជួយដោះស្រាយដោយក្ដីរីករាយ។ អ្វីដែលខ្ញុំជាប់ចិត្តនោះ គឺនៅប្រទេសកម្ពុជាមានកន្លែងស្អាតៗច្រើន ដូចជា នៅព្រះរាជវាំង ជាដើម”។
រឿង ”អនុស្សារីយ៍ថ្ងៃចូលឆ្នាំខ្មែរ” មានរយៈពេល១ម៉ោងកន្លះ ហើយនឹងដាក់បញ្ចាំងចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះតទៅ នៅគ្រប់រោងភាពយន្ដទំនើបៗទាំងអស់។
គេចាប់អារម្មណ៍ដែរថា ក្នុងថ្ងៃសម្ពោធរឿង ”អនុស្សារីយ៍ថ្ងៃចូលឆ្នាំ” នេះក៏លេចមុខស្រីស្អាតស៊ីន យូប៊ីន ធ្វើជា MC ជាអ្នកបកប្រែភាសាថៃ ដល់តារាថៃទាំង២ដួង ដល់អ្នកកាសែតផងដែរ ទើបធ្វើឲ្យតារាជាច្រើនលាន់មាត់ថា នាងយូប៊ីន បន្ថែមអាជីពថ្មី១ទៀតហើយ ខណៈដែលនាងភិន សុដាលីស ដែលក្លាយទៅជាអ្នកចាត់ការទូទៅរបស់ផលិតកម្មមហាហង្សនោះ ក៏បានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតថា នាងមានអារម្មណ៍រីករាយខ្លាំងពេលដែលមហាហង្ស ឈានទៅចាប់ដៃជាមួយតារាប្រទេសជិតខាង សម្ដែងភាពយន្ដមួយ ដើម្បីឲ្យកាន់តែប្លែកនេះដែរ បើទោះជារឿងនេះចំណាយទុនធំជាងរឿងមុនៗក៏ដោយ។
លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស បានប្រាប់អ្នកកាសែតថា ”មានទស្សនិកជនជាច្រើនបានរង់ចាំទស្សនារឿងដ៏អស្ចារ្យមួយនេះ ព្រោះតាមរយៈការបង្ហោះ Trailer របស់មហាហង្ស តែ១សប្ដាហ៍ មានអ្នកចូលទៅមើលជាង១លាននាក់។ រឿងនេះឆ្លុះបញ្ចាំងពីស្នេហារ៉ូមែនទិក ឌឺដង កំប្លែង ហើយរយៈពេលជាង១ម៉ោងកន្លះនេះ ខ្ញុំជឿថា នឹងមានភាពរីករាយ១០០០ស្នាមញញឹមតែម្ដង។ រឿងនេះយើងនឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះតទៅ ហើយដែលនេះជាភាពយន្ដខ្នាតអាស៊ាន។ ចំពោះការថតនៅទីតាំង៣ប្រទេស គឺខ្មែរ ថៃ និងឡាវ នោះយើងគិតថា ប្រទេសទាំង៣នេះ មានភាពប្រហាក់ប្រហែលគ្នាចំពោះបុណ្យចូលឆ្នាំ អីចឹងហើយបានជាយើងជ្រើសទីតាំងនៅប្រទេសទាំងនេះមកចូលគ្នា ក្នុងភាពយន្ដតែមួយនេះ។ ខ្ញុំសង្ឃឹមថា បងប្អូន Fan របស់មហាហង្សទាំងអស់ នឹងចូលមកទស្សនារឿងនេះឲ្យបានច្រើនកុះករជាមិនខាន”៕